ភ្នំពេញៈ នៅពេលសាកល្បងសួរទៅសិស្សវិទ្យាល័យ និស្សិតមហាវិទ្យាល័យ គ្រូបង្រៀន មន្ត្រីរាជការ បុគ្គលិកបម្រើការ តាមស្ថាប័នឯកជន ជាពិសេសពិធីករ ពិធីការិនី តាមទូរទស្សន៍ និងកម្មវិធីផ្សេងៗជាដើម អំពីការអានខែ មីនា ដែលជាខែទី៣ នៃប្រតិទិនសកល នាពេល បច្ចុប្បបន្នេះ យើងនឹងបានចម្លើយប្រហាក់ប្រហែលគ្នា គឺពួកគេភាគច្រើនបំផុតអានថា មិនា ឬ មិណា ។
វចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបរិយាយថា ដើមឡើយគេហៅថា ខែ “ មីន “ លុះក្រោយមកទើបហៅថាខែ ” មីនា” ។
វចនានុក្រមដដែលនេះ បានពន្យល់ថា តាមសំឡេងអក្សរខ្មែរ ត្រូវអានថា “ មីនា “ គឺមី – នា។ ប៉ុន្តែទម្លាប់ទាញឲ្យអានថា “ មីណា ” ពាក្យនេះ ក៏បានក្លាយទៅជាអញ្ញត្រសព្ទ គឺពាក្យដែល មានលក្ខណៈដោយឡែក។ ដូច្នេះបើតាមត្រឹមត្រូវ គឺត្រូវអានថា មីណា ដូច្នេះទៅវិញ។
ពាក្យថា មីនា គឺជាភាសាបាលី មកពីពាក្យថា “ មីន “ (ប្រែជាភាសាខ្មែរថា ត្រី ឬ មច្ឆា) ដែលតាមសូរសៀងភាសាបាលីថា “ មីណៈ “ មិនមែន “ មីនៈ”ទេ ព្រោះក្នុងភាសាបាលី គ្មានសំឡេង អ៊ៈទេ មានតែសំឡេង អៈ ។
ប៉ុន្តែដើមឡើយ ខ្មែរមិនទាន់មានអក្សរ “ ណ “ នៅឡើយ ទើបបុរាណខ្មែរប្រើប្រអក្សរ “ ន “ ដែលមានសូរសំឡេងជ្រលិះៗនឹងសំឡេង “ ណ “ ជាជំនួសវិញ ទើបពាក្យនេះត្រូវបានសរសេរ មានរូបរាងជា “ មីន “។
ទោះជាពាក្យនេះ ត្រូវបានសរសេរថា មីនក្តី ក៏នៅតែត្រូវអានថា មីណៈ ដដែលគឺដើម្បីឱ្យ ត្រូវតាមសូរសៀងដើម នៃភាសាបាលី ។ រីឯមូលហេតុ ដែលត្រូវសរសេរថា មីននោះមក ពីកាលណោះខ្មែរយើង មិនទាន់មានអក្សរ “ ណ “។ ពាក្យជាច្រើន ក៏ត្រូវបានប្រើអក្សរ ” ន ” ជាជំនួសដូចគ្នានេះដែរ ។
ពេលវេលាបានកន្លងផុត ទៅជាច្រើនរយឆ្នាំ ខ្មែរបង្កើតបានអក្សរ “ ណ “ មួយទៀតសម្រាប់ ប្រើប្រាស់ ហើយពាក្យពេចន៍មួយចំនួន ដែលធ្លាប់សរសេរជាអក្សរ “ ន “ ក៏ត្រូវបានកែតម្រូវ ទៅសរសេរជាអក្សរ “ ណ “ តាមខ្លឹមសារជាក់ស្តែង នៃពាក្យនោះៗ។ ប៉ុន្តែការកែប្រែនេះ មិនមែនធ្វើឡើង បានចប់សព្វគ្រប់ ត្រឹមតែរយៈពេលខ្លីឡើយ គឺត្រូវការពេលវេលាយូរឆ្នាំ សម្រាប់កែតម្រូវជាបន្តបន្ទាប់ ដែលប្រការនេះបានសេចក្តីថា នៅមានពាក្យមួយចំនួន ដែលត្រូវសរសេរជាអក្សរ “ ណ “ នោះ នៅមិនទាន់បានកែតម្រូវរួចរាល់ចប់សព្វគ្រប់នៅឡើយ គឺនៅសរសេរជាអក្សរ “ ន “ នៅឡើយ ដូចជាពាក្យថា មីននេះជាដើម។
នៅក្នុងភាសាបាលី នាមសព្ទមួយចំនួន ដែលបញ្ចប់ដោយសំឡេង អៈ នៅពេលត្រូវការធ្វើ អោយទៅជាពហុវចនៈនោះ ត្រូវប្តូរសំឡឹង អៈអោយទៅជា អា។ ដូច្នេះពាក្យថា មីន (មីណៈ = ត្រី១) ទៅជាមីនា (មីណា= ត្រីចាប់ពី២ឡើងទៅ ) ៕ ដោយៈ មេសា