អាចម៍ផ្កាយប៉ុនភ្នំហេមពាន្តកំពុងបោះពួយឆ្ពោះមកផែនដីនៅខែក្រោយនេះហើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថាវានឹងមិនបុកជាមួយផែនដីយើងនោះទេ។

អាចម៍ផ្កាយ ឈ្មោះ 52768 (1998 OR2) មានទទឹងប្រវែង ១,៦ ទៅ ៤ គីឡូម៉ែត្រ នឹងឆ្លងកាត់ផែនដីនៅចម្ងាយ ៣.៩០៨.៧៩១ ម៉ាយ (ជាង៦,២ លានគីឡូម៉ែត្រ) ដោយធ្វើបន្លាស់ទីក្នុងល្បឿនជាង ៣១ ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង។

អាចម៍ផ្កាយនេះត្រូវបានរកឃើញដំបូងដោយអង្គការណាសា ក្នុងឆ្នាំ ១៩៩៨ ហើយត្រូវគេនិយាយថាមានទំហំធំល្មមអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់​ពិភពលោក ប្រសិនបើវាបុកជាមួយផែនដី។

ការហោះកាត់នេះត្រូវគេរំពឹងថានឹងកើតឡើងនៅថ្ងៃពុធទី ២៩ ខែមេសា​វេលាម៉ោង ៤ និង ៥៦ នាទីព្រឹក ម៉ោងសកល។ នេះយោងតាមមជ្ឈមណ្ឌល​សិក្សាវត្ថុនៅជិតផែនដីរបស់អង្គការណាសា៕ ដោយ៖ កញ្ញាដាលីស/Ha

អាចម៍ផ្កាយ ឈ្មោះ 52768 (1998 OR2) នឹងហោះកាត់ផែនដីនៅថ្ងៃពុធទី២៩មេសា