នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ កញ្ញាលី លីង(ឈ្មោះក្លែង) ដែលទទួលការព្យាបាលជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនិងបានជាសះស្បើយនៅមន្ទីរពេទ្យព្យាបាលជំងឺឆ្លងលេខ១ ខេត្តយូនណាន បានបរិច្ចាគឈាមប្រភេទបេ ចំនួន ៤០០ មីល្លិលីត្រដោយស្ម័គ្រចិត្តហើយបានក្លាយទៅជាអ្នកបរិច្ចាគឈាមទី១ នៅខេត្តយូនណានក្រោយជាសះស្បើយពីជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី។
កញ្ញាលី លីង មកពីក្រុងអ៊ូហាននៃខេត្តហ៊ូប៉ី។ ក្រោយពីកើតជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីលី លីង ក៏ចាប់ផ្តើមទទួលការព្យាបាលនៅក្រុងគុនមីង។ ឆ្លងតាមរយៈការព្យាលបាលយ៉ាងហ្មត់ចត់ពីគ្រូពេទ្យជំនាញកម្តៅខ្លួនរបស់ លី លីងមានភាពប្រក្រតីក្នុងរយៈពេល ១០ថ្ងៃជាប់ ហើយគ្មានអាការមិនប្រក្រតីក្នុងប្រព័ន្ធដកដង្ហើម ចំណែកលទ្ធផលនៃការថតCT ក៏មានភាពប្រក្រតីឡើងវិញ។ ការធ្វើតេស្ត៍អំពីវីរុសកូរ៉ូណា២ ដងសុទ្ធតែមានលទ្ធផល“-” ហើយស្របនឹងស្តង់ដារអំពីការចេញពីមន្ទីរពេទ្យ។ ក្រោយពីធ្វើការពិនិត្យនិងពិគ្រោះពិភាក្សាគ្នាអ្នកជំនាញការបានសម្រេចឱ្យកញ្ញាលី លីង ចេញពីមន្ទីរពេទ្យ ។
ដើម្បីផ្តល់ក្តីសង្ឃឹមនិងជួយព្យាបាលជំងឺឱ្យអ្នកជំងឺកាន់តែច្រើនមជ្ឈមណ្ឌលឈាមក្រុងគុនមីងខេត្តយូនណានបានធ្វើការរៀបចំបន្ទាន់រយៈពេល២៤ ម៉ោង ហើយបានយល់ព្រមឱ្យលី លីង ទៅបរិច្ចាគឈាមដោយឈរលើមូលដ្ឋាននៃការថែរក្សាសុខភាពនិងធានាគុណភាពឈាមរបស់អ្នកបរិច្ចាគឈាម។
គួរបញ្ជាក់ថា ឈាមរបស់អ្នកកើតជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនឹងអាចត្រូវប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកម្រិតធ្ងន់។ នេះជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនិងបន្ថយអត្រាស្លាប់នៃអ្នកជំងឺ ពីព្រោះគ្រូពេទ្យអាចប្រើសមាសធាតុទប់ទល់នឹងមេរោគក្នុងឈាមរបស់អ្នកជាសះស្បើយសម្រាប់បន្ថយចំនួនមេរោគក្នុងខ្លួនអ្នកជំងឺផ្សេងដើម្បីព្យាបាលអ្នកជំងឺនោះ ។គិតមកដល់ថ្ងៃទី ១៩ ខែកុម្ភៈអ្នកជំងឺ ២ រូបនៅខេត្តយូនណាន ដែលបានជាសះស្បើយពីជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីបានទៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ៕ ដោយតាង សៀវផី និង តៃ ជឺនហួ/Ha
