(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ដោយៈប៊ាង ពីវ័ន្ត និង វេនី ខកហ្កៀល/ភ្នំពេញៈ ប្រពន្ធខ្ញុំ និងខ្ញុំគឺជាកូនកាត់កម្ពុជា-ចិន ប៉ុន្តែយើងមិនអាចនិយាយភាសាចិនបាននោះទេ។ យើងមិនដែលបានជួបគ្នារហូតដល់ថ្ងៃមង្គលការរបស់យើង ទោះបីយើងគឺជាបងប្អូនជីដូនមួយដ៏ល្អម្នាក់ក៏ដោយ។ ឪពុកម្តាយរបស់យើងបានរៀបចំមង្គលការឲ្យយើង ហើយក្នុងនាមខ្ញុំជាកូនប្រុសរបស់គាត់ ខ្ញុំមិនមានសេចក្តីក្លាហានក្នុងការនិយាយតវ៉ាទៅកាន់ពួកគាត់នោះទេ។
ពិធីមង្គលការរបស់យើងត្រូវបានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ចិន និងខ្មែរ។ ឪពុកម្តាយរបស់យើងគឺជាអ្នកអភិរក្សនិយម។ ដូច្នេះហើយយើងបានស្លៀកសម្លៀកបំពាក់ប្រពៃណី។ ខ្ញុំបានស្លៀកសម្លៀកបំពាក់ត្រឹមតែមួយកំប្លេរប៉ុណ្ណោះ ប៉ុន្តែប្រពន្ធរបស់ខ្ញុំបានស្លៀកសម្លៀកបំពាក់ពីរកំផ្លេ មួយកំប្លេរគឺជាពណ៌ក្រហម រីឯមួយកំផ្លេទៀតគឺជាពណ៌ផ្កាឈូក។ បន្ទាប់ពីរបបខ្មែរក្រហម បងស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់បានដោះដូរសម្លៀកបំពាក់អាពាហ៍ពិពាហ៍ជាមួយអង្ករ។ គាត់បានអរគុណខ្ញុំដោយនិយាយថា គាត់នឹងអត់ឃ្លានស្លាប់ប្រសិនបើគ្មានសម្លៀកបំពាក់នោះដើម្បីដោះដូរ។
ប្រពន្ធខ្ញុំបានកាន់កន្សែងដៃដើម្បីខ្ចប់លុយ ព្រោះស្ត្រីខ្មែរនៅពេលនោះមិនបានកាន់កាបូបជាញឹកញាប់នោះទេ។ គាត់បានដេរវាដោយខ្លួនឯងព្រោះគាត់ចូលចិត្តដេរ និងប៉ាក់។ គាត់បានប៉ាក់រូបផ្កាជាច្រើនប្រភេទលើសម្លៀកបំពាក់ និងខ្នើយ។
យើងស្រឡាញ់គ្នាខ្លាំងណាស់។ បន្ទាប់ពីមង្គលការរបស់យើង យើងនៅមានកម្រិតជីវភាពមធ្យម។ គាត់នៅផ្ទះហើយមើលថែទាំកូនៗ ខណៈពេលដែលខ្ញុំលក់ស្ករត្នោតនៅឯផ្សារ។ នៅក្នុងរយៈពេលមួយឆ្នាំខ្ញុំបានលក់ស្ករត្នោតរាប់រយពាង ហើយទទួលបានប្រាក់កម្រៃជាច្រើន។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
យើងបានផ្លាស់ប្តូរកន្លែងរស់នៅជាញឹកញាប់។ ដំបូងយើងរស់នៅក្នុងផ្ទះឪពុកម្តាយក្មេករបស់ខ្ញុំនៅខេត្តកំពង់ស្ពឺ ហើយបន្ទាប់មកក៏មកនៅភ្នំពេញ។ នៅទីបំផុតខ្ញុំបានសន្សំប្រាក់គ្រប់គ្រាន់ ដើម្បីទិញឡានរត់តាក់ស៊ីពីភ្នំពេញទៅខេត្តបាត់ដំបង។
ខ្ញុំបានបើកឡានតាក់ស៊ីរបស់ខ្ញុំនៅដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ទាហាន លន់ នល់ ជាច្រើនតែងតែបើកបរនៅពីមុខឡានខ្ញុំដើម្បីការពារសុវត្ថិភាពរបស់យើងពីព្រោះទាហានខ្មែរក្រហមនឹងឡោមព័ទ្ធយើងនៅតាមផ្លូវ។ ដោយសារតែស្ថានភាពកាន់តែអាក្រក់ ខ្ញុំបានឈប់រត់តាក់ស៊ីទៅផ្លូវបាត់ដំបង ហើយទិញឡានតូចថ្មីមួយជំនួសវិញ។ ខ្ញុំបានរត់តាក់ស៊ីនៅក្នុងទីក្រុងភ្នំពេញ។ នាយប់មួយបងប្អូនជីដូនមួយរបស់ខ្ញុំ បានអុជចង្កៀងប្រេងកាត ហើយក៏បានឆេះផ្ទះរបស់គាត់។ ពេលនោះមានខ្យល់បក់យ៉ាងខ្លាំងបណ្តាលឲ្យឆេះរាលដាល។ វាបានសម្លាប់កូនរបស់បងប្រុសខ្ញុំហើយបានបំផ្លាញផ្ទះចំនួន១៧ខ្នង រួមទាំងផ្ទះរបស់ខ្ញុំ។ អ្វីដែលខ្ញុំនៅសេសសល់គឺឡានតូចរបស់ខ្ញុំ និងលុយនៅក្នុងហោប៉ៅរបស់ខ្ញុំ។ ខ្ញុំបានយកប្រាក់ដែលនៅសេសសល់ទៅទិញស្បែកជើង ព្រោះខ្ញុំបានរត់ចេញពីផ្ទះដោយជើងទទេ។ ទាហាន លន់ នល់ បានឃុំខ្លួនយើងនៅក្នុងការិយាល័យសន្តិសុខមួយរយៈ បន្ទាប់ពីសង្ស័យថាគ្រួសារខ្ញុំគឺជាអ្នកដុត។ កាសែតបានសរសេរអំពីព្រឹត្តិការណ៍នោះ ដោយនិយាយថា «ឡៅ សុខគា គឺជាជនជាតិចិនបានបង្កឲ្យមានអគ្គីភ័យ ដើម្បីផ្តល់ឱកាសឲ្យសត្រូវចូលមកក្នុងប្រទេស»។
នៅថ្ងៃរំដោះក្នុងឆ្នាំ១៩៧៥ គ្រាប់បែកជាច្រើនត្រូវបានទម្លាក់នៅក្បែរផ្ទះរបស់ខ្ញុំ។ ប្រជាជនមិនអាចធ្វើដំណើរទៅណាបានទេ ដូច្នេះខ្ញុំក៏ឈប់រត់តាក់ស៊ីតទៅទៀត។ ខ្ញុំបានយកសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់ខ្ញុំ ទៅផ្ញើទុកនៅផ្ទះបងប្អូនជីដូនមួយរបស់ខ្ញុំនៅភ្នំពេញ មុនពេលដែលគ្រួសារខ្ញុំត្រូវបានជម្លៀសចេញ។ ខ្ញុំបានជួលទូកទៅភូមិកំណើតប្រពន្ធរបស់ខ្ញុំ ប៉ុន្តែយោធាខ្មែរក្រហមបញ្ជាឲ្យយើងទៅខេត្តកណ្តាលជំនួសវិញ។
ប្រពន្ធរបស់ខ្ញុំបានរកស៊ីជួញដូរ។ នៅពេលដែលយើងទៅដល់ខេត្តកណ្តាលដំបូង គាត់បានជួញអង្ករចំនួនបីតៅ ដែលគាត់បានយកមកពីផ្ទះដើម្បីដូរមាស។ ក្រោយមក គាត់បានដូរមាសនោះយកអង្ករបានច្រើនជាងមុនទៀត។ ប៉ុន្តែនៅពេលអង្គការចាប់ផ្តើមមានសហករណ៍ វានៅសល់របស់តិចតួចដើម្បីជំនួញដូរ។ ខ្ញុំមិនអាចបំពេញក្រពះរបស់ខ្ញុំបានឆ្អែតនោះទេ ដោយហូបតែបបរ និងបន្លែប៉ុណ្ណោះ។ មិនមានសាច់ ហើយសម្លរគឺមើលទៅគួរឲ្យខ្ពើម។
យើងបានខិតខំធ្វើការ។ មានពេលមួយកូនប្រុសខ្ញុំមិនបានទៅធ្វើការនៅវាលស្រែទេ ដូច្នេះមានកម្មាភិបាលម្នាក់បានដាក់ទោសវា។ កម្មាភិបាលបានរុញក្បាលកូនប្រុសរបស់ខ្ញុំចូលទៅក្នុងទឹក ដាក់កន្ទុយបារីលើខ្លួនកូនប្រុសរបស់ខ្ញុំ ហើយបន្ទាប់មកដាក់ស្រមោចឲ្យខាំវា។ ខ្ញុំបានលួងលោមកូនប្រុសរបស់ខ្ញុំ ហើយបានប្រាប់វាឲ្យទៅធ្វើការនៅឯចម្ការដើម្បីកុំឲ្យវាទទួលទោសម្តងទៀត។ ការរស់នៅជាមួយប្រជាជនមូលដ្ឋានបានធ្វើឲ្យគ្រួសារខ្ញុំមានបញ្ហាជាច្រើន។ អ្នកជិតខាងបានហៅយើងថា «អាចិន» ដោយសារតែស្បែករបស់ខ្ញុំមើលទៅដូចជនជាតិចិន។ អង្គការបានចំអកដាក់ខ្ញុំនូវពាក្យទាំងនេះ ហើយបានបញ្ជាឲ្យខ្ញុំឲ្យលើរងដាំដំណាំឲ្យបានចំនួន២៥រងក្នុងមួយថ្ងៃ។ ពួកគេបាននិយាយថា ប្រសិនបើខ្ញុំមិនអាចបំពេញភារកិច្ចនេះបានទេ ខ្ញុំនឹងត្រូវបានយកទៅសម្លាប់។ មុនឆ្នាំ១៩៧៩ អង្គការបានស្នើឲ្យអ្នកភូមិទាំងអស់ចូលរួមការប្រជុំនៅក្នុងព្រៃ នៅវេលាប្រហែលម៉ោង ៣ ឬ៤ព្រឹក។ ខ្ញុំនៅទីវាល ប៉ុន្តែនៅពេលប្រពន្ធរបស់ខ្ញុំមកដល់ គាត់ក៏បានឃើញកម្មាភិបាលកំពុងតែរត់ទៅទិសដៅផ្សេងៗគ្នា ហើយបានឮសំឡេងកាំភ្លើង និងគ្រាប់បែកទម្លាក់នៅក្បែរនោះ។ កម្មាភិបាលម្នាក់បាននិយាយថា «សូមកុំបារម្ភអីការប្រយុទ្ធគ្នាគឺនៅតាមព្រំដែននោះទេ»។ ប៉ុន្តែមិនយូរប៉ុន្មានអ្នកភូមិទាំងអស់បានចាប់ផ្តើមជួបជុំគ្នារត់។ គាត់ និងកូនៗបានរត់មករកខ្ញុំហើយយើងក៏បានជួបជុំគ្នាវិញ។
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
នៅថ្ងៃរំដោះខ្ញុំបានឃើញឯកសាររបស់ខ្មែរក្រហមដែលមានឈ្មោះរបស់ខ្ញុំនៅលើនោះ។ នៅលើឯកសារបាននិយាយថាខ្ញុំគឺជាអតីតទាហាន ហើយប្រពន្ធរបស់ខ្ញុំគឺជាកម្មករខ្ជិលច្រអូស។ វាបានប្រាប់ឈ្មោះប្រជាជនមូលដ្ឋានពីរនាក់ ដែលបានរាយការណ៍មកខ្ញុំ។ ខ្ញុំមិនដែលមានជម្លោះជាមួយនរណាម្នាក់នោះទេ។ ដូច្នេះខ្ញុំមិនយល់ពីមូលហេតុដែលប្រជាជនទាំងនេះធ្វើបាបខ្ញុំ។
សូម្បីតែថ្ងៃដែលខ្ញុំស្អប់ពាក្យថា «សមមិត្ត» ដែលត្រូវបានប្រើជាញឹកញាប់នៅក្នុងការប្រជុំជាមួយខ្មែរក្រហម។ ពេលខ្លះខ្ញុំបានឮវាតាមទូរទស្សន៍ហើយខ្ញុំបានបិទវាភ្លាមៗ។ ខ្ញុំមិនចង់ឮពាក្យនេះជាថ្មីម្តងទៀតនោះទេ៕សរន