ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួបប្រជុំ​ជាមួយ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ជាតិ ទាំង​១២ នា​ថ្ងៃទី​៣ ខែមីនា ស្តីពី​ការត្រៀម​លក្ខណៈ រៀបចំ​ការប្រកួត​កីឡា សាកលវិទ្យាល័យ ថ្នាក់ជាតិ​លើក​ទី​១ ឆ្នាំ​២០២០ (The 1st National University Games 2020) ចាប់ផ្តើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ លើ ១២ ប្រភេទ​កីឡា នៅ​សាលប្រជុំ នាយកដ្ឋាន​សិស្ស និស្សិត​។​

ទិដ្ឋភាព​ប្រជុំ​

​លោក ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន សិស្ស និស្សិត បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ខាងលើនេះ នឹង​ចាប់ផ្តើម ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ លើ ១២ ប្រភេទ​កីឡា គឺ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយ​កូនឃ្លី​លើ​តុ វាយ​សី ហែល​ទឹក ប៉េតង់ សី​ប៉ា​ក់តា​ក្រ កា​រ៉ា​តេ តេ​ក្វាន់​ដូ WT (World Taekwondo) និង​តេ​ក្វាន់​ដូ -ITF (International Taekwondo
Federation) ដោយមាន ៩៥ វិញ្ញាសា​។ ប្រតិភូ​កីឡា និង​ក្រុម​ចូលរួម​ចំនួន ៣០ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ប្រតិភូ អ្នកដឹកនាំ​ក្រុម គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ចំនួន ៣.៦៥០ នាក់ និង​មាន ២០៤ ក្រុម​។​

ទិដ្ឋភាព​ប្រជុំ​

​លោក សុខ សប្បាយ​ណា បាន​អំពាវនាវ​ដល់​គ្រប់ សាកលវិទ្យាល័យ​ចំនួន ៣០ ដែល​ត្រូវ​ដាក់ពាក្យ ចូលរួម ការប្រកួត ខាងលើនេះ មិន​ត្រូវយក​កីឡាករ កីឡាការិនី​ផ្សេង មក​ចូលរួម ការប្រកួត​ឡើយ គឺ​ត្រូវ​អត្ត​ព​លិ​ក ដែល​រៀនសូត្រ ក្នុង​សាកលវិទ្យាល័យ របស់ខ្លួន​នោះទេ ទើប​ធ្វើ​ឲ្យ​ការប្រកួត ប្រកប​ភាពយុត្តិធម៌ និង​ប្រកបដោយ ក្រមសីលធម៌​។ កីឡាករ​-​កីឡាការិនី គ្រប់គ្នា ខិតខំ​ហ្វឹកហាត់ ជាមួយ​យើង នៅពេល​ចុងក្រោយ បែរជាយក​កីឡាករ​-​កីឡាការិនី ផ្សេង​នោះ នឹងធ្វើ​ឲ្យ​ពួកគេ​បាក់​ទឹកចិត្ត ជាក់​ជាមិនខាន​។​

ទិដ្ឋភាព​ប្រជុំ​

​លោក​បាន​បន្ថែមថា គ្រប់ការ​ប្រកួត​កីឡាករ កីឡាការិនី តែងតែ​ចង់​ទទួល​ជ័យជម្នះ គ្រប់គ្នា ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេច ក្រមសីលធម៌ ការប្រកួត​ឡើយ យើង​ត្រូវ​សម្តែង​ការគួរសម ទៅលើ​គូប្រកួត​មិន​ថា បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម កីឡា​ផ្សេងៗ​ទៀត ក៏ដោយ ព្រោះ​កីឡា នាំមក​នូវ​មិត្តភាព សន្តិភាព និង​បង្កើត​ទំនាក់ទំនង ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​ប្រទេសមួយ ទៅ​ប្រទេស​មួយទៀត​៕v

ទិដ្ឋភាព​ប្រជុំ​