សម្តេច​ក្រឡាហោម​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​បី​ថ្ងៃ (រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វិ​ល័យ ឡា​ខាំ​ហ្វង រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ដោយបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ការងារចាប់ពី​ថ្ងៃទី​៤ ដល់ ៦ ខែមីនា នៅ​រដ្ឋធានី​វៀង​ចន្ទ​ន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​នៅ​ប្រទេស​ឡាវ​ សម្តេច​ក្រឡាហោម ស ខេង នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ច​ពិនិត្យ​វាយតម្លៃ​លទ្ធផលនៃ​ការអនុវត្ត​ន៍កំណត់ហេតុ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រតិបត្តិការ​ឆ្នាំ​២០២០ រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​កិច្ចប្រជុំ​នេះ គឺជា​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី​ប្រចាំឆ្នាំ ក្នុង​គោលដៅ​បន្ត​លើកកម្ពស់​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ សម្តេច​ក្រឡាហោម ស ខេង ក៏​នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក ថង​លុន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​៕​សរន/Ha