ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​៣ ចាប់ផ្ដើម​ហើយ នា​យប់​ថ្ងៃទី​៧ មីនា ខាងមុខនេះ ដែល​ក្នុង​វគ្គ​នេះ នៅសល់​ជើង​ខ្លាំង ដែល​ឆ្លង​ផុត ការ​ជម្រុះ ២ ជុំ កន្លងមក ។​

​វគ្គ​នេះ អ្នកចាញ់ ក៏​ខ្ទាត​ចេញពី​ការប្រកួត​ដែរ ចំពោះ​អ្នកឈ្នះ នឹង​បាន​ឡើងទៅ​ប្រកួត​បន្ត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឡើងទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ ប្រជែង​យកពាន ដែលមាន​រង្វាន់​អម ចំនួន ៤.០០០ ដុល្លារ ។ ចំពោះ​អ្នកចាញ់ បាន​ចំណាត់ថ្នាក់​លេខ​២ ។ ចំពោះ​អ្នកចាញ់ ប្រជែង​គ្នា​ដណ្ដើម ចំណាត់ថ្នាក់​លេខ​៣ ។​

ខាំ សាបាន និង រិ​ន សារ​ដ្ឋ

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ខាំ សាបាន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ អ្នក​ប្រដាល់ រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក​។ សាបាន ជា​អ្នក​ប្រដាល់ ដែល​ទើបតែ​ឡើង មក​ថ្មី ចំពោះ​សារ​ដ្ឋ ជា​អ្នក​ប្រដាល់ ចាស់វស្សា ទៅហើយ គ្រាន់តែ​គេ​ពុំ​ធ្លាប់​ប្រជែង បាន​ខ្សែក្រវាត់ ឬ ពាន មក​គ្រប់គ្រង ប៉ុណ្ណោះ ។​

​សម្រាប់ ខាំ សាបាន នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ គេ​ប្រកួត​ឈ្នះ ពុទ្ធ អ៊ុំ​អ៊័​ន ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ពិន្ទុ និង ជុំ​ទី​២ ប្រកួត​ឈ្នះ អៀ​ប លី​ឆា មកពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ពិន្ទុ​ដែរ ។ ចំពោះ រិ​ន សារ​ដ្ឋ វិញ នៅ​ជុំ​ទី​១ គេ​ឈ្នះ សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា ដែល​រក្សា​ទម្ងន់​មិនបាន និង​ជុំ​ទី​២ ឈ្នះ អ៊ុំ កំសត់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ដោយ​ពិន្ទុ ។​

​ជុំ​ទី​៣ ដែលជា​វគ្គ​សំខាន់ សម្រាប់​ឡើងទៅ​កាន់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ ពួកគេ​សុទ្ធតែ​ត្រៀមខ្លួន បានល្អ​ដូចគ្នា ។ នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ? រិ​ន សារ​ដ្ឋ ទំនង​ជាមាន ឱកាស​ច្រើនជាងគេ​ហើយ ។​

ណា​ម ម៉ូ​រ៉ា​ក់ និង វ៉ែន​ហុង​ជី​វ៉ុ​ង​

​ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ។ ពេលនេះ អ្នក​មកពី​ខេត្តបាត់ដំបង ប្រជែង​គ្នា​យក​កៅអី វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​ហើយ ។ អ្នក​ឆ្លង​ផុត ២ ជុំ​កន្លងមក សុទ្ធតែជា​អ្នកខ្លាំង ហើយ​តែ ជី​វ៉ូង មួយរយៈ​នេះ ការប្រកួត​របស់គេ ភាគច្រើន បានទទួល​ជ័យជំនះ ។ តែ ណា​ម ម៉ូ​រ៉ា​ក់ ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលរំលង បានដែរ ។​

​កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ ណា​ម ម៉ូ​រ៉ា​ក់ ឈ្នះ មាស សារ៉ាក់ ក្លិប​អាណាចក្រ​គុន​ខ្មែរ ខេត្តសៀមរាប ដោយ​ពិន្ទុ ។ នៅ​ជុំ​ទី​២ គេ​ប្រកួត​ឈ្នះ វេន សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ស្វ័យប្រវត្តិ ដោយសារតែ សុភ័ក្ត្រ មាន​បញ្ហា​សុខភាព ។ ចំពោះ វ៉ែន ហុង​ជី​វ៉ុ​ង នៅ​ជុំ​ទី​១ គេ​យក ឈ្នះ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​ដោយ​ពិន្ទុ និង​ជុំ​ទី​២ ឈ្នះ សោម ស៊ី​ថៃ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ​។​

​ជំនួប​រវាង អ្នកលេង​ទិសពាយ័ព្យ ទាំង ២ រូបនេះ ទោះបី ណា​ម ម៉ូ​រ៉ា​ក់ មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល បាន​ក៏ពិតមែន តែ​កៅអី​សម្រាប់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ទំនងជា​បាន​ទៅ វ៉ែន ហុង​ជី​វ៉ុ​ង ច្រើនជាង​ហើយ​។

យុគ យក្ស​ផ្លែ និង ខាវ នៀវ​

​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​បរទេស​វិញ​នោះ យក្ស តឿ ទិសពាយ័ព្យ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ខាវ នៀវ (Khav Niev) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​មួយរយៈ​នេះ យក្ស​ផ្លែ មិនសូវ​ជួប​សំណាងល្អ នៅក្នុង​ការប្រកួត​ឡើយ ។ ចំពោះ ខាវ នៀវ ជា​អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី មិនដឹងថា គេ​មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ​។ លើក​នេះ យក្ស​ផ្លែ ជួប​សំណាងល្អ ឬក៏​យ៉ាងណា​ឡើយ​។​

​ជំនួប​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់ រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សយ សុខ ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ អេ​លី​ត ណង​សាវ ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ញឹ​ប វណ្ណ​ឆៃ ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ សេក ស ក្លិប​ចលនា​យុវជន ១៥៧ គុន​ខ្មែរ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ៕v