បុរសមានបំផុតម្នាក់របស់ចិនគឺលោកជែក ម៉ា សហស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្ស Alibaba ដែលមានមូលដ្ឋាននៅទីក្រុងហាងចូវ បានបរិច្ចាគម៉ាស់មុខចំនួនមួយលានដល់ជប៉ុន។

លោកបាននិយាយថានេះជាថ្នូរនឹងជំនួយសប្បុរសធម៌ដែលជប៉ុនបានផ្តល់ជូនដល់ប្រទេសចិន នៅពេលដែលប្រទេសចិនរងការវាយប្រហារដោយវីរុសកូរ៉ូណាកាលពី ២០ ថ្ងៃមុន។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា មជ្ឈដ្ឋាននានាក្នុងប្រទេសជប៉ុនបានប្រមូលនិងបរិច្ចាគឈុតការពារចំនួន ១២៥.០០០ ដល់ទីក្រុងនានាទូទាំងប្រទេសចិន។

អង្គការមូលនិធិជែកម៉ានិងអង្គការមូលនិធិអាលីបាបា បានប្រកាសកាលពីថ្ងៃចន្ទ ទី២ មីនាថា ម៉ាស់មុខទាំងនេះនឹងត្រូវបរិច្ចាគទៅប្រទេសជប៉ុនដើម្បីជួយកាត់បន្ថយទុក្ខលំបាកក្នុងគ្រាផ្ទុះរោគរាតត្បាតនេះ។

លោកម៉ាបាននិយាយនៅលើគណនី Weibo របស់គាត់ដោយដកស្រង់ពាក្យចាស់បុរាណចិន យ៉ាងដូច្នេះថា “ដូចជួរភ្នំដ៏វែងលាតសន្ធឹងនៅចំពោះមុខអ្នកនិងខ្ញុំ សូមចែករំលែកផ្លូវដើរនិងការលំបាកជាមួយគ្នា។ យើងសង្ឃឹមថាអ្វីៗនឹងបានធូរស្រាលក្នុងពេលឆាប់ៗ”។

ម៉ាស់ទម្ងន់ ៤៩,៤ តោនត្រូវបានដឹកដោយក្រុមហ៊ុនអាកាសចរណ៍ចិនខាងកើត ហើយបានទៅដល់ទីក្រុងតូក្យូកាលពីថ្ងៃអង្គារទី៣មីនា៕ ដោយ៖ កញ្ញាដាលីស

ម៉ាស់១លានដែលជែកម៉ាបរិច្ចាគ បានដឹកមកដល់ជប៉ុនកាលពីថ្ងៃអង្គារ