ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ នេះបាន កោះអញ្ជើញអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតមកប្រជុំ ដើម្បីមានវិធានការ លើការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីកិច្ចប្រជុំអាស៊ាន អឺរ៉ុបដែលកិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ដោយមានការចូលរួមមកពី៥២ប្រទេសមកពីបណ្តាលប្រទេសនៅអាស៊ីនិងអឺរ៉ុប។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំនោះបានបង្ហាញពីផែនការនៃការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនៃកិច្ចប្រជុំអាស៊ីនិងអឺរ៉ុប ដោយលោកបានបញ្ជាក់ថាកិច្ចប្រជុំអាស៊ីនិងអឺរ៉ុបនេះ នឹងធ្វើឡើងនៅថ្ងៃទី១៦និងទី ១៧ខែវិច្ឆិកាឆ្នាំ២០២០ ដោយធ្វើឡើងនៅ អគារពិពណ៌ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដោយមានប្រតិភូចំនួន៥២ប្រទេសមកចូលរួម មានទាំងនាយករដ្ឋមន្ត្រីនិងប្រមុខរដ្ឋនៃបណ្តាលប្រទេសទាំងនោះហើយក្រុមប្រតិភូនឹងត្រូវសម្រាកនៅតាមបណ្ដាលសណ្ឋាគារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដែល មានចំនួនរហូតដល់២០ សណ្ឋាគារ ដែលយើងត្រូវតែរៀបចំនូវសន្តិសុខ សុវត្ថិភាពជូនពួកគាត់។
ក្នុងកិច្ចប្រជុំនោះដែរលោកមាន ចាន់យ៉ាដាក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលយើងត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងកិច្ចប្រជុំអាស៊ីអឺរ៉ុបឈានមកដល់ ដោយយើងបានគិតទាំងពីរការប្រមូលផ្ដុំ ការបំពុលនៅព័ត៌មានក្លែងក្លាយ ការបង្កឱ្យមានភេរវកម្មជាដើម។នេះជាបញ្ហាមួយដែលយើងក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់និងបង្ការទុកជាមុន។
ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនគណៈប្រតិភូគឺជាកាតព្វកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញខណៈដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញហើយកម្លាំងដែលបានការពារក្នុងកិច្ចប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញក៏បានត្រៀមរួចរាល់ហើយដែរ។ លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ទៀតថា មុននៃកិច្ចប្រជុំនេះក៏មានកម្មវិធីអាស៊ានដេផងដែរ ដែលក្នុងនាមអាជ្ញាធរត្រូវតែរៀបចំទាំងសន្តិសុខទាំងសុវត្ថិភាពជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះ បានឯកភាពទាំងស្រុងចំពោះផែនការនៃការរៀបចំសុវត្ថិភាពសន្តិសុខជូនគណៈប្រតិភូក្នុងកិច្ចប្រជុំអាស៊ីនិងអឺរ៉ុប ខាងលើនេះបន្ថែមលើនេះលោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អពិសេសជាងនេះទៀតគឺការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានស្អាតល្អ ដោយសារថានេះគឺជាមុខមាត់ដ៏ធំធេងមួយសម្រាប់រាជធានីភ្នំពេញខណៈដែរប្រតិភូគេមកស្នាក់នៅនិងដើរកំសាន្តនៅក្នុងរាជធានីភ្នំពេញរបស់យើង។លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការបែងចែកនៅការងារឲ្យបានល្អប្រសើរ ជាមួយនិងការទទួលខុសត្រូវខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហាទាំងប៉ុន្មានខាងលើនេះ ការធ្វើឱ្យបាត់បង់នូវសណ្ដាប់ផងតាមដងទន្លេ ក៏ជាបញ្ហាមួយដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនោះដែរ ដោយបែរត្រី ទូក កាណូតស្នាក់នៅមួយចំនួន បានចតអនាធិបតេយ្យនៅតាមដងទន្លេសាប។ ជុំវិញបញ្ហានេះលោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យសំអាតនិងរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេឱ្យបានស្អាតដោយ ត្រូវបង្កើតក្រុមការងារ មានទាំងអាជ្ញាធរ កម្លាំងប៉ូលីស ប៉េអ៊ឹម យកបែរត្រី ទូក និងកាណូតទាំងនេះចេញ ដោយអនុវត្តឱ្យបានសម្រេចរួចរាល់ក្នុងរយៈពេល៣ខែ ដែលមាននៅក្នុងខណ្ឌព្រែកព្នៅ ឬស្សីកែវនិងខណ្ឌជ្រោយចង្វា៕/B