នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី លោកមូយីតឌីន យ៉ាសស៊ីន បានសុំពន្យារពេលបើកកិច្ចប្រជុំសភារយៈពេល២ខែ នេះបើតាមការប្រកាសរបស់ប្រធានសភាកាលពីថ្ងៃពុធទី០៤មីនា ចំពេលក្រុមនយោបាយប្រឆាំងខិតខំប្រជែងយកអំណាចគ្រប់គ្រងរដ្ឋាភិបាលមកវិញតាមរយៈការបោះឆ្នោតសម្តែងការទុកចិត្តពីសភា។
លោកមូយីតឌីន ទើបស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យទី០១មីនា ក្រោយកើតមានចលាចលនយោបាយអស់ពេល១សប្តាហ៍ ចំពេលមានការលាឈប់ភ្លាមៗរបស់អតីតនាយករដ្ឋមន្ត្រី មហាធៀ ម៉ូហាម៉ាត។
ស្តេចម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អាប់ឌុលឡា អាម៉ាត សា បានតែងតាំងលោក មូយីតឌីន ជានាយករដ្ឋមន្ត្រី ដោយព្រះអង្កមានជំនឿថា លោកមូយីតឌីនមានការគាំទ្រគ្រប់គ្រាន់នៅក្នុងសភា។
តែក្រុមចម្រុះរបស់លោកមហាធៀបាននិយាយថា គឺក្រុមខ្លួនទេមានសម្លេងភាគច្រើនគ្រប់គ្រាន់នៅក្នុងសភានិងបានប្តេជ្ញាបង្ហាញភស្តុតាងនៅក្នុងសភានៅពេលវាបើកប្រជុំឡើងវិញនៅថ្ងៃ០៩មីនា។
ទោះជាយ៉ាងណា បំណងនេះមុខជាខកនៅពេលប្រធានសភាលោក ម៉ូហាម៉ាត អារីហ្វ អឹមឌី យូសូហ្វ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានទទួលលិខិតមួយពីលោកមូយីតឌីន ដោយសុំបើកប្រជុំសភានៅថ្ងៃ១៨ឧសភា ។
សូមបញ្ជាក់ថា លោកមូយូតឌីន អតីតរដ្ឋមន្ត្រីមហាផ្ទៃក្នុងគណៈរដ្ឋមន្ត្រីរបស់មហាធៀ បានរួមដៃគ្នាជាមួយគណបក្សUMNO ដែលបានចាញ់ការបោះឆ្នោតសភាកាលពីឆ្នាំ២០១៨ និងគណបក្សអ៊ីស្លាមនិយមPAS ដើម្បីបង្កើតក្រុមចម្រុះថ្មីមួយ។
មហាធៀ ក្រោយពីលាឈប់ភ្លាមបានព្យាយាមបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិមួយ ដែលនឹងផ្តល់អោយលោកនូវអំណាចធំឡើង តែបែរជាទទួលការគាំទ្រតិចតួចពីអ្នកនយោបាយ។លោកក៏បានងាកទៅចាប់ដៃជាមួយគូប្រជែងចាស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីរារាំងលោកមូយីតឌីន តែស្តេចបានសំរេចព្រះហឬទ័យតែងតាំងលោកមូយីតឌីន ជានាយករដ្ឋមន្ត្រីភ្លាមៗដើម្បីបញ្ចប់រឿង។
ទោះជាយ៉ាងណា មហាធៀ កាលពីថ្ងៃអង្គារបានអះអាងថារឿងល្ខោននេះមិនចប់ងាយៗទេ។លោកក៏បានបដិសេធការលើកឡើងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលថាការលាឈប់របស់លោកបានបង្កវិបត្តិនយោបាយ តែលោកថាមកពីក្រុមចម្រុះកាន់អំណាចបាត់បង់សម្លេងភាគច្រើនក្នុងសភាបន្ទាប់ពីដៃគូក្នុងរដ្ឋាភិបាលបែរជាទៅលួចចរចាបង្កើតក្រុមចំរុះថ្មីជាមួយបក្សប្រឆាំង៕ប្រែសម្រួល៖វាសនា
មហាធៀ កាលពីថ្ងៃអង្គារបដិសេធការលើកឡើងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលថា ការលាឈប់ពីតំណែងរបស់លោកបានបង្កវិបត្តិ
លោកមូយីតឌីន បាននិយាយថា លោកមហាធៀបានបង្កវិបត្តិដោយសារតែការលាឈប់