ដោយ:ដេប៉ូ/សៀមរាប ៖ កេសរកូលឬខ្មែរសម័យទំនើបនិយមហៅថាផ្កាអ័រគីដេរគឺជាអំបូរដ៏ធំមួយនៅក្នុងចំណោមប្រភេទរុក្ខជាតិដទៃទៀត។ផ្កាកេសរកូលដែលយើងឃើញគេដាក់លក់តាមទីផ្សារឬដាក់តាំងតាមគេហដ្ឋាននានាភាគច្រើនត្រូវបានគេបង្កាត់ចេញពីព្រៃធម្មជាតិនានាដើម្បីបង្កើនចំនួនផ្កា ទំហំនិងពណ៌ដ៏ស្រស់ស្អាតរបស់វា។
ដើម្បីជំរុញការអភិរក្ស និងកំណត់អត្តសញ្ញាណប្រភេទផ្កាកេសរកូលនៅកម្ពុជានេះដែរក្រុមជំនាញបានជំរុញឱ្យមានការបណ្តុះនិងប្រមូលពូជថ្មីៗបន្ថែមទៀតដើម្បីកំណត់អត្តសញ្ញាណផ្ការបស់កម្ពុជាមួយប្រភេទនេះច្បាស់លាស់នៅថ្ងៃខាងមុខ។
ទាក់ទិនទៅនឹងរឿងនេះ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងថា បច្ចុប្បន្នក្រុមអ្នកជំនាញរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បាននឹងកំពុងសិក្សាស្រាវជ្រាវរកប្រភេទកេសរកូលព្រៃរបស់ កម្ពុជាដែលក្នុងនេះមានទាំងប្រភេទកម្រ និងប្រភេទមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយ ដើម្បីឈានទៅការអភិរក្សត្រឹមត្រូវ។
លោកបានបន្តឱ្យដឹងថា “ក្រុមជំនាញរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បាននឹងកំពុងសិក្សាស្រាវជ្រាវរកប្រភេទកេសរកូលព្រៃដែលមាននៅក្នុងប្រទេសកម្ពុជា រួមទាំងប្រភេទកម្រ និងប្រភេទមិនទាន់បានកំណត់អត្តសញ្ញាណ ដើម្បីឈានទៅអភិរក្សប្រភេទផ្កាព្រៃប្រភេទនេះ ដែលកំពុងមានវត្តមាននៅកម្ពុជា និងកំពុងទទួលរងគ្រោះថ្នាក់ ដើម្បីស្តារឡើងវិញទៅក្នុងដែនជម្រកធម្មជាតិ”។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបរូបនេះបានឱ្យដឹងបន្ថែមថា តាមការស្រាវជ្រាវបង្ហាញថានៅប្រទេសកម្ពុជាមាន ប្រភេទកេសរកូលព្រៃ រហូតដល់ជាង៥០០ប្រភេទ ហើយពូជខ្លះ ក៏ជាពូជកម្រផងដែរ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានដូចគ្នានេះ លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការដាក់ឈ្មោះ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន»នេះ គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លារបស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា។
លោកបានបញ្ជាក់ថា”មជ្ឈមណ្ឌលកន្លែងនេះគឺសម្រាប់ រក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តផងដែរ”។
សូមរំលឹកថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ត្រូវបានបង្កើតឡើងដំបូងគេបង្អស់នៅកម្ពុជា កាលបីចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។
គួរបញ្ជាក់ថាកម្ពុជាគឺជាប្រទេសដែលសំបូរទៅដោយផ្កាកេសរកូលដែលភស្ថុតាងចម្លាក់ផ្កាប្រភេទនេះនៅតាមជញ្ជាំងប្រាសាទបាយ័ន អង្គរវត្ត និងប្រាសាទបន្ទាយស្រី ដែលនេះបង្ហាញថាកេសរកូលត្រូវបានបុព្វបុរសខ្មែរ យើងបានដឹងនិងស្គាល់ ព្រមទាំងប្រើប្រាស់ជាវត្ថុលម្អតាំងសម័យអង្គរ ឬមុនសម័យអង្គរមកម្ល៉េះ៕/B