​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តា​លី​បង់​ឈ្មោះ មុលឡា បា​រ៉ា​ដា (Mullah Baradar) ។ នេះ​បើ​យោងតាម​​ក្រុម​ឧទ្ទាម​តា​លី​បង់​និង​មេដឹកនាំ​អាម៉េរិក បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ទី​០៣​មីនា​។

​ការទាក់ទង​តាម​ទូរស័ព្ទ​នេះ បាន​ធ្វើ​ឡើង​គឺ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន ចុះ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​នេះ​។​

​នៅ​សេត​វិមាន លោក ដូ​ណា​ល់​ត្រាំ បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​បាន​ធ្វើការ​ពិភាក្សា​ដ៏​ល្អ​ជាមួយ​មេដឹកនាំ​តា​លី​បង់​នេះ ។​

​ការហៅ​ទូរស័ព្ទ​រយៈពេល​៣៥​នាទី​កាលពី​ថ្ងៃ​អង្គារ​នោះ ត្រូវបាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​នេះ​បានបញ្ចប់​ការឈប់​បាញ់​មួយ​ផ្នែក ហើយ​បាន​​យល់ព្រម​ធ្វើ​ការចរចា​សន្តិភាព រវាង​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​(​អា​ហ្វ​ហ្គានី​ស្ថាន​)​និង​ក្រុម​សកម្មប្រយុទ្ធ​នេះ នៅ​ថ្ងៃទី​១០​ខែ​មីនា​។ នេះ​បើ​យោង​តាម​កិច្ចព្រមព្រៀង​​អាម៉េរិក​-​តា​លី​បង់​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​ការនិយាយ​គ្នា​តាម​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​ដោយ​ក្រុម​តា​លី​បង់​ដែល​បាន​ដកស្រង់​សម្តី​អ្នកចរចា មុលឡា បា​រ៉ា​ដា ដែល​បាន​ទទូច​ឱ្យ លោក ដូ​ណា​ល់ ត្រាំ​ “​ចាត់វិធានការ​ដែល​បានកំណត់​ទាក់ទង​នឹង​ការដក​កងកម្លាំង​បរទេស​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​”​។​

​តាម​កិច្ចព្រមព្រៀង​រវាង​សហរដ្ឋ​អាម៉េរិក​និង​ក្រុម​តា​លី​បង់​នេះ​កងកម្លាំង​បរទេស​នឹង​ចាកចេញ​ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានក្នុង​រយៈពេល​១៤​ខែ​ដោយ​អាស្រ័យ​​លើ​ការធានា​សន្តិសុខ​របស់​ក្រុម​តា​លី​បង់​និង​ការសន្យា​របស់​ក្រុម​នេះ​ដើម្បី​ធ្វើ​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​៕​ប្រែ​សម្រួល​៖​សុខា​/sn

មេដឹកនាំ​តា​លី​បង់​ឈ្មោះ មុលឡា បា​រ៉ា​ដា