ដោយៈសុផល/ភ្នំពេញ ៖ ស្របពេល ដែលជាង ៦០ប្រទេស មានការរាលដាលជំងឺ ខូវិដ-១៩ ក្រុមធនាគារពិភពលោក កំពុងដាក់ចេញកញ្ចប់ ហិរញ្ញប្បទានជំហានដំបូងមួយដែលមានទឹកប្រាក់១២ប៊ីលានដុល្លារសម្រាប់ជាវិធានការបន្ទាន់ ដើម្បីជួយ ដល់បណ្តាប្រទេសនានា ក្នុង ការលៃលកជាមួយ ផលប៉ះទង្គិចផ្នែកសុខាភិបាល និង សេដ្ឋកិច្ច ដោយសារតែការផ្ទុះជំងឺនេះ លើសាកលលោក។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនាគារពិភពលោកកាលពីរសៀលថ្ងៃទី៤ខែមីនា ឆ្នាំ២០២០។
កញ្ចប់ហិរញ្ញប្បទាននេះ មានគោលដៅជួយ ប្រទេសសមាជិក ឱ្យមានលទ្ធភាពចាត់វិធានការមាន ប្រសិទ្ធភាព តាមភាពជាក់ស្តែង ក្នុង ការ ឆ្លើយតប ក៏ដូចជាក្នុង ការកាត់បន្ថយ ផលប៉ះទង្គិចធ្ងន់ធ្ងរ ដែល បង្ក ដោយ ជំងឺ ខូវិដ-១៩ (ឬវិរុសកូរ៉ូណា)។
សេចក្តីប្រកាសនេះបានឱ្យដឹងថាតាមរយៈ កញ្ចប់ វិធានការពន្លឿនហិរញ្ញប្បទាននេះ ក្រុមធនាគារពិភពលោក នឹង ជួយ បណ្តា ប្រទេស ពង្រឹង ប្រព័ន្ធ សុខាភិបាល របស់ ខ្លួន រួមក្នុងនោះមាន លទ្ធភាពកាន់តែប្រសើរក្នុងការទទួល បាន សេវាសុខា ភិបាល ដើម្បីការពារប្រជាជនពី ការ រាលដាល នៃជំងឺនេះ, ពង្រឹង ការ អង្កេតតាមដាន ជំងឺ, បង្កើន កិច្ច អន្តរាគមន៍ សុខាភិបាលសាធារណៈ, និង សហការជាមួយ វិស័យឯកជន ដើម្បីឈាន ទៅ កាត់ បន្ថយ ផល ប៉ះអង្គិច របស់ជំងឺនេះទៅលើសេដ្ឋកិច្ច។
កញ្ចប់ហិរញ្ញប្បទាននេះអាចដកយកទៅប្រើ ប្រាស់ បាន តាម រយៈយន្តការ “សមាគមអភិវឌ្ឍន៍អន្តរជាតិ/IDA”, “ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និង ការ អភិវឌ្ឍ/IBRD” និង “សាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ/IFC” ក្រោមកិច្ច សម្រប សម្រួល គ្នា ក្នុង កម្រិត សាកល ដើម្បីជួយ អន្តរគមន៍ ដល់ ការ ឆ្លើយ តប នៅតាម ប្រទេសនានា។
កញ្ចប់ហិរញ្ញប្បទាន សម្រាប់ ទ្រទ្រង់ការឆ្លើយតបជំងឺ ខូវិដ-១៩ នេះ នឹង មានធនធាន ដំបូង ១២ប៊ីលានដុល្លារអាមេរិក — ក្នុងនោះ ៨ប៊ីលានដុល្លារជាចំនួន ថ្មី — ដែល អាច យក ទៅ ប្រើ ប្រាស់ បាន តាម យន្តការ ពន្លឿន។ ក្នុង កញ្ចប់ នេះ រួមមានដល់ ទៅ ២,៧ប៊ីលានដុល្លារ ជា ហិរញ្ញប្បទាន ថ្មី ពី IBRD; ១,៣ប៊ីលានដុល្លារ ពី IDA ដែលត្រូវ បានបំពេញបន្ថែមពីការធ្វើ អាទិភាពឡើងវិញនូវ ថវិកា ២ប៊ីលានដុល្លារដែល មាន ស្រាប់ នៅក្នុង កញ្ចប់កម្មវិធី របស់ ធនាគារពិភពលោក និង ៦ប៊ីលានដុល្លារ មក ពី IFC ក្នុងនោះរួមមាន ២ប៊ីលាន ដុល្លារ ពីមូលនិធិទ្រទ្រង់ពាណិជ្ជកម្ម ដែល មាន ស្រាប់ ផង ដែរ។ កញ្ចប់ហិរញ្ញប្បទាននេះក៏មានអមមកជាមួយនូវ ការ ផ្តល់ ប្រឹក្សា គោលនយោបាយ និង ជំនួយបច្ចេកទេស ដែលផ្អែកលើ ជំនាញឯកទេស លើសាកលលោក និង ចំណេះដឹងនៅក្នុង ស្រុក តាម ប្រទេសនីមួយៗ ដែរ។
លោក ដេវិដ ម៉ាលប៉ាស់ ប្រធាន ធនាគារពិភពលោក មាន ប្រសាសន៍ថា៖ «ពេលនេះ យើងកំពុងតែខិតខំធ្វើការឆ្លើយតបឱ្យ បាន រហ័ស រហួន និង ដោយ ភាពបត់បែន ដោយ ផ្អែកលើតម្រូវការ នៅតាម ប្រទេស ក្នុង ការ លៃលក ជាមួយ ការ សាយភាព របស់ ជំងឺ ខូវិដ-១៩។ នៅក្នុងនេះ យើង មាន វិធានការធ្វើ ហិរញ្ញប្បទានបន្ទាន់, ការផ្តល់ ប្រឹក្សា គោលនយោបាយ និង ជំនួយបច្ចេកទេស ដោយ ប្រើ ប្រាស់ ឧបករណ៍ និង ជំនាញឯកទេស ដែលធនាគារពិភពលោកមាន ស្រាប់ ដើម្បី ជួយ ប្រទេសនានា ក្នុង ការ ឆ្លើយ តប ទៅ នឹង វិបត្តិមួយនេះ។»
កញ្ចប់ហិរញ្ញប្បទាននេះ នឹង ផ្តល់ ជំនួយឥតសំណង និង ឥណទានមានការប្រាក់ទាប ពី IDA ដល់ ប្រទេស មាន ចំណូលទាប និង ឥណទានពី IBRD សម្រាប់ ប្រទេស មានចំណូលមធ្យម ដោយ ប្រើ ប្រាស់ ឧបករណ៍ ប្រតិបត្តិការ របស់ ធនាគារ លើមូលដ្ឋានពន្លឿនការ អនុម័ត លើ ការ ផ្តល់ ហិរញ្ញប្បទាន។ សាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ (International Finance Corporation) ដែលជាសាខា វិស័យឯកជន របស់ ធនាគារពិភពលោក នឹង ផ្តល់ ការ គាំទ្រ ចាំបាច់ ដល់ អតិថិជន របស់ ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យ ពួកគេអាចបន្តប្រតិបត្តិការអាជីវកម្ម និង រក្សា ការ ងារ បាន តទៅទៀត។
ធនាគារពិភពលោកនឹង មាន ចង្កោម អន្តរាគមន៍ ផ្សេងទៀត សម្រាប់ ជួយ ពង្រឹង សេវា សុខាភិបាល និង ការថែទាំសុខភាព បឋម, ពង្រឹង ការ អង្កេត តាម ដាន ជំងឺ និង ការ រាយការណ៍អំពី ស្ថាន ភាពជំងឺ, ជំរុញ ការ ចូល ពាក់ ព័ន្ធ របស់ សហគមន៍ ដើម្បី រក្សា ឱ្យ បាន នូវ ទំនុក ចិត្ត របស់ សាធារណៈ, និង ធ្វើ ឱ្យ កាន់ តែប្រសើរឡើងនូវ លទ្ធភាព របស់ អ្នក ជំងឺក្រីក្រ ក្នុង ការ ទទួល បាន ការ ព្យាបាល ជំងឺ។ ធនាគារពិភពលោកក៏នឹង ផ្តល់ ប្រឹក្សាគោលនយោបាយ និង ជំនួយ បច្ចេកទេស ដល់ បណ្តា ប្រទេស នៅ ក្នុង ការ រក ជំនាញ ឯកទេស លំដាប់សាកល សម្រាប់ ឆ្លើយ តប ក្នុង ស្ថាន ភាពបច្ចុប្បន្ន។
សាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ (IFC) នឹងធ្វើ ការ ជាមួយ ធនាគារពាណិជ្ជកម្មជាអតិថិជនរបស់ខ្លួន ក្នុង ទិសដៅ ពង្រីក សេវា ផ្តល់ ហិរញ្ញប្បទានពាណិជ្ជកម្ម និង ទុន សម្រាប់ ប្រតិបត្តិការ។ ស្ថាប័នមួយនេះក៏នឹង ផ្តល់ ការគាំពារផ្ទាល់ ដល់ អតិថិជន សាជីវកម្ម របស់ ខ្លួន ផងដែរ — ដោយ ផ្តោតសំខាន់ លើ វិស័យ យុទ្ធសាស្ត្រ រួម មាន ផ្នែក បរិក្ខារពេទ្យ និង ថ្នាំពេទ្យ — ដើម្បីធ្វើយ៉ាងណា ឱ្យ ច្រវាក់ ផ្គត់ផ្គង់មាន ស្ថិរភាព និង កំហិតហានិភ័យ ដល់ អ្នក ប្រើ ប្រាស់ ឱ្យនៅទាបបំបផុត។ ដំណោះស្រាយទាំងនេះនឹង ត្រូវ បាន ពង្រឹង បន្ថែម ទៀត ដោយ បទពិសោធន៍ របស់ ព្រឹត្តិការណ៍ ប្រហាក់ ប្រហែលនេះដែលធ្លាប់ មានពីមុន មក អម ដោយ គោលដៅ ឈាន ទៅ កាត់ បន្ថយ ផលប៉ះទង្គិច អវិជ្ជមានផ្នែកសេដ្ឋកិច្ច និង សង្គម ដោយសារជំងឺ ខូវិដ-១៩ នៅទូទាំងសាកលលោក។
ប្រទេសទាំងអស់ប្រឈមហានិភ័យ និង ភាពងាយរងគ្រោះ ដោយសារជំងឺ ខូវិដ-១៩ ក្នុងកម្រិតខុសៗគ្នា ហើយដូច្នេះ ក៏មានតម្រូវការ ឱ្យ មានការឧបត្ថម្ភគាំទ្រ ក្នុងផ្សេងៗគ្នាដែរ។ ធនាគារពិភពលោកនឹង ធ្វើ អាទិភាពការគាំទ្រ សម្រាប់ ប្រទេស ក្រីក្រ និង ប្រទេសទាំងឡាយណាដែល ជួបហានិភ័យខ្ពស់ ប៉ុន្តែខ្វះសមត្ថភាពក្នុង ការឆ្លើយតប។ ក្នុងខណៈដែលជំងឺ ខូវិដ-១៩ នៅតែបន្តសាយភាព ហើយ ផលប៉ះទង្គិច របស់ វា ចេះ តែវិវត្ត ប្រែប្រួល ធនាគារពិភពលោក នឹង ធ្វើ ត្រៀមខ្លួន កែសម្រួល វិធីសាស្ត្រ និង ធន ធាន របស់ ខ្លួន គ្រប់កាលៈទេសៈ តាម ភាពចាំបាច់។
ធនាគារពិភពលោក កំពុង តែ សកម្មក្នុង ការ សហការជាមួយបណ្តា ស្ថាប័នអន្តរជាតិ និង អាជ្ញាធរតាម ប្រទេស នៅ ក្នុង ការ ជួយ សម្របសម្រួល វិធានការ ឆ្លើយ តប ជាលក្ខណៈសាកលទៅនឹងជំងឺនេះ៕/B