កម្ពុជានៅតែជាគោលដៅទេស​ចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឲ្យមានចលនាទេសចរក្នុងស្រុក

234
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ រដ្ឋមន្ត្រីទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឱ្យមានចលនាទេសចរក្នុងស្រុក។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមឧទ្ទេសនាមផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

លោក បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដូច្នេះ កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី គ្មានការព្រួយបារម្ភចំពោះបញ្ហាឆ្លងជំងឺ Covid-19 នោះឡើយ ខណៈប្រទេសជាច្រើនលើពិភពលោកនេះកំពុងជួបបញ្ហាប្រឈមជុំវិញវិបត្តិជំងឺ Covid-19 នេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី កម្ពុជាក៏តែមានការប្រុងប្រយ័ត្នយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺនេះផងដែរ ។

លោកបានបន្តថា ជាមួយនឹងវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល និងវិធានការសំខាន់ៗ ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តនៅខេត្តសៀមរាប ដែលក្នុងនោះក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីចុះអនុវត្តវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ផ្ទាល់ ។

លោកសូមសំណូមពរឱ្យមានចលនាទេសចរក្នុងស្រុក ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍ដទៃទៀត ជាក់ស្ដែងប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅខេត្តសៀមរាប អាចទៅទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ ឬតំបន់ភូមិភាគឦសាន ឬរាជធានីភ្នំពេញ ឬទៅតាមបណ្ដាខេត្តនានាផ្សេងទៀត ចំណែកឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតាមបណ្ដាខេត្ត ឬគោលដៅទេសចរណ៍ដទៃក៏អាចមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី ភ្នំគូលែន តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ជាច្រើនទៀត។

ក្នុងឱកាសនោះលោកក៏ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ បើស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី ហើយធ្វើយ៉ាងដូចម្ដេចទើបបានស្គាល់ទឹកដី គឺស្គាល់តាមរយៈការដើរទេសចរណ៍នេះឯង ដូច្នេះប្រជាពលរដ្ឋត្រូវតែដើរចេញទេសចរណ៍កម្សាន្តនៅតាមរមណីយដ្ឋានក្នុងប្រទេសឱ្យបានច្រើនសិន ចាំចេញដើរកម្សាន្តនៅក្រៅប្រទេស ព្រោះក្នុងដំណាក់កាលនេះ នៅក្រៅប្រទេសក៏មិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺ Covid-19 នៅឡើយទេ ហេតុនេះការដើរទស្សនាកម្សាន្តនៅក្នុងប្រទេស គឺពិតជាសក្តិសមល្អបំផុត ខណៈដែលកម្ពុជាក៏កំពុងមានសុខសន្តិភាព សុវត្ថិភាព និងមានផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានទេសចរណ៍នានានោះក៏ងាយស្រួលជាងមុន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម