ក្រសួងទេសចរណ៍ បង្ហាញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ដើម្បីឲ្យភ្ញៀវទេសចរអាចរីករាយទស្សនាកម្សាន្តបានក្នុងឆ្នាំ២០២០នេះ

ដោយ:គូលែន/សៀមរាប ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប ដើម្បីជំរុញកំណើនទេសចរទៅកាន់ខេត្តសៀមរាប និងដើម្បីជំរុញឱ្យមានការស្នាក់នៅក្នុងខេត្តនេះឱ្យកាន់តែច្រើនឡើងវិញ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឱ្យមានការរៀបចំកិច្ចប្រជុំថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍ទេសចរណ៍ ទស្សនកិច្ច វប្បធម៌ សិល្បៈ សាសនា កីឡា ម្ហូបអាហារជាច្រើនទៀតនៅសៀមរាប-អង្គរ ចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ២០២០ និងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

លោកបានបង្ហាញដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ដល់បុគ្គលិក និយោជិត ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប នៅសណ្ឋាគាររីជេនស៊ីអង្គរ ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

លោក ថោង ខុន បានបង្ហាញ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖

  • ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២០ (BIZ Fair-2020) ដែលបាននឹងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Charter)។
  • កិច្ចប្រជុំ AMECS SOM Meeting ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៣-៤ ខែមីនា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
  • កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ី-អឺរ៉ុប (ASEM SOM Retreat Meeting ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៥-៦ ខែមីនា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
  • កិច្ចប្រជុំគណៈកម្មការរួមកម្ពុជា-អឺរ៉ុប (Cambodia-EU Joint Commision) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៦-១៨ ខែមីនា ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
  • កិច្ចប្រជុំគណៈកម្មការអាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear Meeting) ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែមីនា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយគណៈកម្មាធិការ ICC អន្តរជាតិ។
  • ព្រឹត្តិការណ៍ «ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត» លើកទី១ ឬបាតុភូត Equinox ដែលនឹងកើតមាននៅចន្លោះថ្ងៃទី២០-២៣ ខែមីនា ក្នុងនោះក្រសួងទេសចរណ៍នឹងចូលរួមសហការរៀបចំជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប។
  • កម្មវិធីផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន ២០២១ (ATF-2020 Roadshow) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី៣១ ខែមីនា ដោយក្រសួងទេសចរណ៍។
  • កម្មវិធីបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការទេសចរណ៍ពិភពលោក (UNTWO) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ដោយក្រសួងទេសចរណ៍។
  • ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការរៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ដែលនឹងមកដល់ ហើយនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍។
  • កម្មវិធីចុងភៅពិភពលោកគ្មានព្រំដែន (World Chefs without Borders SCR) និងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីភាពរីករាយ (Fun Run) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៦-៣០ ខែមេសា ដោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរទេសចរណ៍ខេត្ត សការជាមួយក្រុមចុងភៅពិភពលោកគ្មានព្រំដែន។
  • ដំណើរទស្សនកិច្ចរបស់បវរកញ្ញាភពផែនដី ឆ្នាំ២០២០ (Tour of Miss. Planet International 2020) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃ១-២ ខែឧសភា ដោយក្រសួងទេសចរណ៍ សហការជាមួយកម្មវិធីបវរកញ្ញាភពផែនដី។
  • កិច្ចប្រជុំថ្នាក់តំបន់លើយន្តការអាស៊ាន ស្ដីពីការវាយតម្លៃលើការសិក្សាពីមុន ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៨-១៩ ខែឧសភា ដោយក្រសួងទេសចរណ៍។
  • ទិវាវិសាខបូជា ឬពិសាខបូជា (Buddha Day) ដែលនឹងត្រូវរៀបចំឱ្យបានអធិកអធមជាងឆ្នាំមុនៗ ដោយភ្ជាប់ជាមួយដំណើរកម្សាន្តសម្រាប់ប្រជាពុទ្ធបរិស័ទ នៅថ្ងៃទី០៦ ខែឧសភា ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា។
  • កិច្ចប្រជុំរបស់គណៈកម្មការអាយស៊ីស៊ី-អង្គរ (ICC-Angkor Meeting) ដែលនឹងត្រូវរៀបចំឡើងនាកំលុងដើមខែមិថុនា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា សហការជាមួយគណៈកម្មាធិការ ICC អន្តរជាតិ។
  • សន្និបាត JCI អាស៊ីប៉ាស៊ីហ្វិកអង្គរ (JCI ASIA-PACIFIC Conferance Angkor) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១១-១៤ ខែមិថុនា។
  • កិច្ចប្រជុំថ្នាក់តំបន់លើការធ្វើបច្ចុប្បន្នកម្មស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ដោយក្រសួងទេសចរណ៍។
  • ព្រឹត្តិការណ៍សិល្បអង្គរ (Angkor Art Festival) ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែមិថុនា ដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា។
  • ទិវាយោគអន្តរជាតិ (Yoga Day) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ខែមិថុនា ដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា សហការជាមួយក្រសួងទេសចរណ៍។
  • សន្និសីទអន្តរជាតិលើកទី២ ស្ដីពីទេសចរណ៍ម្ហូបអាហារ ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ដោយក្រសួងទេសចរណ៍។
  • ពិធីបុណ្យអេកូទេសចរណ៍ (Eco-Tourism Festival) ដែលនឹងត្រូវរៀបចំឡើងនាកំលុងចុងខែកក្កដា ដោយក្រសួងទេសចរណ៍។
  • ព្រឹត្តិការណ៍កីឡារត់ប្រណាំងម៉ារ៉ាតុង (Full Marathon) ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៩ ខែសីហា ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួងទេសចរណ៍។
  • ពិព័រណ៍ទេសចរណ៍កម្ពុជា ឆ្នាំ២០២០ (Cambodia Travel Mart = CTM 2020) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៣-១៥ ខែសីហា ដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth របស់សិង្ហបុរី។
  • កិច្ចប្រជុំរបស់គណៈកម្មការអាយស៊ីស៊ី-ព្រះវិហារ (ICC-Preah Vihear Meeting) ដែលនឹងត្រូវរៀបចំឡើងនាកំលុងដើមខែកញ្ញា ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយគណៈកម្មាធិការ ICC អន្តរជាតិ។
  • ពិធីបុណ្យភ្ជុំបិណ្ឌ (Spiritual Commemoration Ceremony) ដែលនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងធម្មការ និងសាសនា៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...