ដោយ:គង់ហេង/កំពង់ចាម ៖ ក្រសួងយុត្តិធម៌នឹងដាក់ឳ្យដំណើរការជាផ្លូវការ សាលាឧទ្ធរណ៍តំបន់ក្នុងខេត្តចំនួនបី នាដើមខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ ក្នុងគោលបំណង ដើម្បីបង្ខិតសេវាយុត្តិធម៌ឳ្យទៅកៀកនឹងប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញដែលពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាលំដាប់។
នេះជាការលើកឡើងជាសាធារណ:របស់លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅក្នុងសាលាខេត្តនេះនាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២០។
លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ឆ្នាំ២០២០នេះជាឆ្នាំ នៃសមិទ្ធផលដ៏សំខាន់ដែលមានលក្ខណ:ប្រវត្តិសាស្រ្តរបស់ក្រសួងយុត្តិធម៌ក៏ដូចជាអង្គការយុត្តាធិការគ្រប់ជាន់ថ្នាក់ គឺការដាក់ឳ្យដំណើរការសាលាឧទ្ធរណ៍តំបន់ចំនួន បី បន្ថែមទៀត គឺសាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ព្រះសីហនុ។
លោក ព្រហ្ម សិទ្ធត្រា មានប្រសាសន៍ទៀតថា សាលាឧទ្ធរណ៍តំបន់ទាំងបីនេះ គឺនឹងត្រូវដំណើរផ្លូវការចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ដោយការដាក់ឳ្យសាលាឧទ្ធរណ៍តំបន់ដំណើរការ គឺមានគោលបំណងចម្បងៗ សំខាន់ចំនួន ពីរ គឺ បង្ខិតសេវាយុត្តិធម៌ឳ្យទៅកៀកប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះនូវសំណុំរឿង ឯសាលាឧទ្ធរណ៍ភ្នំពេញ៕/B