វីរុសកូរ៉ូណាបានបន្តរីករាលដាលពាសពេញពិភពលោក ដោយសហរដ្ឋអាម៉េរិកបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសថ្មីៗបំផុតដែលរងគ្រោះដោយសារការរីករាលដាលនៃវីរុសនេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាមានករណីឆ្លងជាង ៧០ និងការស្លាប់ចំនួន ២ ត្រូវបានកត់ត្រានៅក្នុងសហរដ្ឋអាម៉េរិកគិតត្រឹមថ្ងៃទី ២ ខែមីនា។
ទោះយ៉ាងណា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៅទីនោះបានព្រមានកុំឱ្យភ័យស្លន់ស្លោសម្រុកទិញអីវ៉ាន់និងស្តុកទុកម៉ាស់វះកាត់និងឧបករណ៍ដកដង្ហើម (ដូចជារបាំងមុខ N95) ជាដើម។
យោងតាមបទសម្ភាសន៍លើទស្សនាវដ្តី Forbes ជាមួយអ្នកជំនាញផ្នែកការពារមេរោគឆ្លងម្នាក់បានឱ្យដឹងថា អ្នកមិនត្រឹមតែមិនចាំបាច់ពាក់ម៉ាស់វះកាត់ ឬ របាំងមុខ N95 នោះទេ ប្រសិនបើអ្នកមិនឈឺ ការពាក់ម៉ាស់ទាំងនេះខណៈអ្នកមានសុខភាពល្អឥតខ្ចោះអាចបង្កើនហានិភ័យនៃការឆ្លងមេរោគកូរ៉ូណា។
តើឆ្លងតាមរបៀបណា?
លោកវេជ្ជបណ្ឌិត អេលី ភើរីនវីច សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនិងរោគរាតត្បាតនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យអាយអូវ៉ា បាននិយាយថា ការពាក់ម៉ាសអាចធ្វើឱ្យមនុស្សភ្លេចបារម្ភអំពីអនាម័យផ្ទាល់ខ្លួនរបស់ពួកគេ។
វេជ្ជបណ្ឌិតភើរីនវីចនិយាយថា “ប្រសិនបើអ្នកមិនលាងដៃ មុននិងក្រោយពេលអ្នកដោះម៉ាស់ចេញ អ្នកអាចបង្កើនហានិភ័យដល់ខ្លួនអ្នក”។ លោកក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃការលង់ខ្លួនគិតថាខ្លួនឯងមានសុវត្ថិភាពពេលពាក់ម៉ាស់។
គាត់បានអះអាងថាមានតែមនុស្សដែលមិនស្រួលខ្លួនទេដែលត្រូវពាក់ម៉ាស់ដើម្បីការពារកុំឱ្យមេរោគឆ្លងទៅអ្នកដទៃ។
វេជ្ជបណ្ឌិតភើរីនវីចបានបន្ថែមទៀតថា ម៉ាស់វះកាត់គឺពាក់ដើម្បីការពារកុំឱ្យខ្ទាតដំណក់ទឹកមាត់ចេញចូលពីមាត់ប៉ុណ្ណោះ ខុសពីឧបករណ៍ការពារដង្ហើមសម្រាប់វះកាត់ដូចជា របាំងមុខ N95។ ប៉ុន្តែដូចបានលើកឡើងដោយអ្នកជំនាញវេជ្ជសាស្រ្តផ្សេងទៀតអ៊ីចឹង របាំង N95 ក៏មិនត្រូវបានណែនាំឱ្យប្រើនោះដែរ។
ម្យ៉ាងវិញទៀត ការពាក់ម៉ាស់អាចបង្កើនហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាខ្ពស់ ព្រោះវាជំរុញឱ្យមនុស្សទៅជួបទល់មុខនឹងមនុស្សដទៃទៀត។ វេជ្ជបណ្ឌិតភើរីនវីចនិយាយថា ម៉ាស់មុខនឹងធ្វើឱ្យមនុស្សប៉ះពាល់ផ្ទៃមុខខ្លួនឯងញឹកញាប់ដោយមិនដឹងខ្លួន។
ហើយក៏មិនមានការធានាណាមួយថាពួកគេពាក់ម៉ាស់បានត្រឹមត្រូវនោះដែរ ព្រោះម៉ាស់មុខនៅតែអាចអនុញ្ញាតឱ្យវីរុសកូរ៉ូណាជ្រាបចូលតាមចន្លោះណាមួយបានដដែល។
លោកបានបន្ថែមថា “គ្មានម៉ាស់ការពារណាមួយអាចលុបបំបាត់ការប៉ះពាល់ពីមេរោគទាំងស្រុងនោះឡើយ”៕ ដោយ៖ កញ្ញាដាលីស