ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថអោយដឹងថា សាកសពបុរសកម្មករទូកនេសាទម្នាក់ទៀតនៅក្រុងព្រះសីហនុ ឈ្មោះណែម ពឿន ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃ៤មិនា២០២០នេះ សរុប រកឃើញសាកសពចំនួនពីរនាក់ហើយក្នុងចំណោមពួកគេបីនាក់ នៅបាត់ខ្លួនម្នាក់ទៀត។
ក្នុងចំណោមអ្នកនៅលើទូកសរុប៣នាក់ដែលបាត់ខ្លួនពេលចេញទៅនេសាទកាលពីថ្ងៃទី១មិនា២០២០ ហើយកាលពីម្សិលមិញគេបានរកឃើញសាកសពម្នាក់ដែលជាប់មង(អ្នកនេសាទផ្សេង)នៅជិតកោះថាស។
ដូចនេះក្នុងចំណោមមនុស្ស៣នាក់នៅលើទូក មាន២នាក់ហើយបានស្លាប់ នៅបាត់ម្នាក់ទៀត មិនទាន់ដឹងថានៅរស់ឬស្លាប់នៅឡើយ។
រឿងមួយនេះសមត្ថកិច្ចខេត្តព្រះសីហនុ កំពុងស្រាវជ្រាវបន្ត ជាមួយនឹងការផាត់ចោលជាបឋមថា ទំនងមិនមែនជាករណីលិចទូកទេ ដោយសារថាទូកនេសាទមួយគ្រឿងប្រភេទទូកបេ អឺ នេះ ត្រូវបានម្ចាស់ទូករកឃើញចតទុកចោលនៅកំពង់ផែក្នុងឃុំថ្មសខេត្តកោះកុង។
សូមបញ្ជាក់ថា ម្ចាស់ទូកនេសាទមាន ឈ្មោះលីវ គីមលីភេទស្រី អាយុ៣៧ឆ្នាំជនជាតិខ្មែរ រស់នៅក្រុម២៧ភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុ ក្រោយបាត់ដំណឹង ទាំងទូកនិងកម្មករនេសាទទាំង៣នាក់គាត់បាន រាយការណ៍ប្រាប់សមត្ថកិច្ចថា គាត់បានរកឃើញទូករបស់គាត់ជាប្រភេទទូកបេអឺនៅឯថ្មសក្នុងខេត្តកោះកុង ប៉ុន្តែគ្មានឃើញកម្មករនិងអ្នកបើកបរទូកទាំង៣នាក់ទេ ។
អ្នកនេសាទទាំង៣មានឈ្មោះ ១-ឈ្មោះ ណែម ពឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរទូក មានទីលំនៅក្រុម២៧ភូមិ៣សង្កាត់លេខ១ ក្រុង ព្រះសីហនុ (ស្លាប់ហើយ), ២-ឈ្មោះសុខ វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នេសាទ ស្នាក់នៅលើទូកនេសាទ(នៅបាត់ខ្លួន), ៣-ឈ្មោះប៊ុន រ៉ា ហៅខ្មៅភេទប្រុសអាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទស្នាក់នៅលើទូកនេសាទ (ស្លាប់ហើយ)។
បើទោះជាផាត់ចោលថាមិនមែនជាករណីលិចទូកយ៉ាងណាក្តី ក៍រហូតមកត្រឹមរសៀលថ្ងៃទី៤ មិនា ២០២០នេះ សមត្ថកិច្ចនៅមិនទាន់កណត់ពីរឿងហេតុនេះ ថាជារឿងហេតុបែបណានៅឡើយ៕/B