​មន្ទីរ​សុរិយោដី​ខេត្តមណ្ឌលគិរី ស្ពឹក​ស្រពន់ អស់​ពេល ៣ ឆ្នាំ ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​អ្នកភូមិ​អូរ​ស្ពាន

ដោយ​៖ គ​ន្ធា​
​មណ្ឌលគិរី​៖
ប្រជាពលរដ្ឋ​មួយចំនួន ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ហាក់​មាន​ចម្ងល់ ចំពោះ​ការទទួលបាន ប្លង់​កម្មសិទ្ធិ​ដីធ្លី បន្ទាប់ពី​ការចុះបញ្ជី​ដីធ្លី ជា​ប្រព័ន្ធ (​ប្រភេទ​ដី​កសិកម្ម​) ដែល​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​វាស់វែង និង​បានប្រគល់​បង្កាន់ដៃ (​ចុងសន្លឹក​) អស់​រយៈពេល​ជិត ៣ ឆ្នាំ កន្លងមកហើយ​នោះ ប៉ុន្តែ​នៅតែ​មិនទាន់​ចេញ ប័ណ្ណកម្មសិទ្ធិ (​ប្លង់រឹង​) ជូន​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​។​

នេះ​ជា​ទិដ្ឋភាព​ដី ​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ ( ប្រភេទ​ដី​កសិកម្ម ) ។ (​រូបថត គ​ន្ធា )​

​ទាក់ទង​បញ្ហា​នេះ លោកស្រី ជិន ស៊ី​លាភ មេភូមិ​អូរ​ស្ពាន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមីនា​ថា «​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់ខ្ញុំ តែងតែ​មក​ត្អូញត្អែរ ពី​ការចេញ​ប័ណ្ណកម្មសិទ្ធិ កាន់កាប់​ដី​កសិកម្ម (​ប្លង់រឹង​) ដែល​បានអូសបន្លាយ ពេល​យូរ ដោយ​អ្នកខ្លះ រង់ចាំ​រយៈពេល ៣-៤ ឆ្នាំ​មកហើយ នៅតែ​មិនទាន់​ទទួលបាន ដែល​ធ្វើអោយមាន ការលំបាក​ដល់ ពួកគាត់ ដូចជា ការលក់ដូរ តម្រូវការ​ប្រាក់​កាក់ ពី​បណ្តា​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ ដើម្បី​យកមក​ពង្រីក អាជីវកម្ម​ផ្សេងៗ ជាដើម​»​។​

​ចំណែក​លោក គុជ ម៉េង​ធូ ចៅសង្កាត់​ស្ពាន​មានជ័យ បាន​ថ្លែងប្រាប់ អ្នកសារព័ត៌មាន កាលពី​រសៀល ថ្ងៃទី​៣ ខែមីនា​ថា ចំពោះ​ករណី​ក្នុង​ការចេញ ប័ណ្ណកម្មសិទ្ធិ កាន់កាប់​ដី​កសិកម្ម (​ប្លង់រឹង​) ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ មានការ​យឺតយ៉ាវ​នោះ ក៏​ព្រោះ​តែមាន​កត្តា ពាក់ព័ន្ធ​មួយចំនួន ដូចជា ដី​នោះ ស្ថិតនៅក្នុង​គម្រប​ព្រៃឈើ ដីចំការ​ស្រល់ ដី​មិន​ប្រើប្រាស់ និង​អាស្រ័យ​ផល គណៈកម្មការ​ខេត្ត ផ្អាក ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ កាន់កាប់​ដី​កសិកម្ម (​ប្លង់រឹង​) ជូន​ដល់​ពួកគាត់​។ យ៉ាងនេះ​ក្តី ក៏​លោក​មេឃុំ បាន​ទទួលស្គាល់ថា ការចេញ​ប័ណ្ណ (​ប្លង់រឹង​) ជូន​ប្រជាពលរដ្ឋ មិនត្រូវ​ឲ្យ​វា​យូរពេក​ដែរ​។​

នេះ​ជា​ទិដ្ឋភាព​ដី ​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ ( ប្រភេទ​ដី​កសិកម្ម ) ។ (​រូបថត គ​ន្ធា )​

​លោក គុជ ម៉េង​ធូ បាន​បន្តថា ចំពោះ​នីតិវិធី​ផ្សេងៗ​ទៀត យ៉ាងណា​នោះ ខាង​អាជ្ញាធរ​សង្កាត់ មិន​បានដឹង​ច្បាស់លាស់​ទេ គឺ​ផុតពី​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ​សង្កាត់​ហើយ គឺ​ស្ថិតនៅក្នុង​ដែន សមត្ថកិច្ច របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​។​

​ចំពោះ​បញ្ហា​ខាងលើនេះ អ្នកសារព័ត៌មាន​យើង ក៏បាន​ទំនាក់ទំនង ទៅកាន់​លោក ម៉ៅ ចំរើន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តមណ្ឌលគិរី​ផងដែរ កាលពី​សៀ​ល ថ្ងៃទី​៣ ខែមីនា ដើម្បី​សុំ​ការបកស្រាយ និង​បំភ្លឺ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ បាន​បដិសេធ ដោយ​ឆ្លើយថា កំពុង​ជាប់​ប្រជុំ ហើយ​លោក មិនដឹងថា ពេលណា​ទើប​ទំនេរ​ដែរ​។​

​ទោះយ៉ាងណា​ក្តី ចំពោះ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ បាន​លើកឡើងថា ចំពោះ​ដី ដែល​មិន​ស្ថិតនៅ ក្នុង​គម្រប​ព្រៃ ឬ​ជាប់​ពាក់ព័ន្ធ​បញ្ហា​ផ្សេងៗ​ទៀត​នោះ ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​ចេញ​ប័ណ្ណកម្មសិទ្ធិ (​ប្លង់រឹង​) ជូន​ពួកគាត់ ឬ ជូនដំណឹង​ឲ្យ​ពួកគាត់ បានដឹង ពីព្រោះ​ការវាស់វែង ចុះបញ្ជី​ជា​ប្រព័ន្ធ និង​ការបិទ​ផ្សាយ បានធ្វើ​រួចរាល់​អស់ហើយ​។ ដូច្នេះ ដើម្បី​ចូលរួម​អនុវត្ត និង​សម្រេច​ឲ្យ​បាន នូវ​គោលនយោបាយ​ដីធ្លី របស់​រាជរដ្ឋាភិបាល ក៏ដូចជា​បង្កើន​ជំនឿ​ទុកចិត្ត របស់​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត ដាច់ស្រយាល អាជ្ញាធរ​ដីធ្លី គួរ​គប្បី​បំពេញការងារ ឲ្យ​បាន​ឆាប់រហ័ស​ដោយ​មិនត្រូវ​អូសបន្លាយ រយៈពេល​រាប់​ឆ្នាំ បែបនេះ​ឡើយ​។​

នេះ​ជា​ទិដ្ឋភាព​ដី ​របស់​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ ( ប្រភេទ​ដី​កសិកម្ម ) ។ (​រូបថត គ​ន្ធា )​

​សូមបញ្ជាក់ថា យោងតាម​គោលនយោបាយ​ដីធ្លី របស់​រាជរដ្ឋាភិបាល «​សៀវភៅ ស ដីធ្លី​» ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥ បានលើកឡើង​ថាៈ «​ការចុះបញ្ជី​ដីធ្លី គឺជា​ផ្នែក​ដ៏​សំខាន់​មួយ ដែល​រួមចំណែក​ដល់ ការកាត់បន្ថយ​ភាពក្រីក្រ​។ តាម​ការវិភាគ ទៅលើ​សំណាក​នៃ​គ្រួសារ ប្រកប​របរ​កសិកម្ម បាន​បង្ហាញថា ហានិភ័យ​នៃ​ក្រីក្រ​របស់​គ្រួសារ នឹង​អាច​កាត់បន្ថយ​នៅពេល​មាន​កំណើន​លទ្ធភាព នៃ​ការប្រើប្រាស់​ដីធ្លី ជាពិសេស​នៅពេលដែល មាន​ការធានា​កម្មសិទ្ធិ តាមរយៈ​ការចេញ​ប័ណ្ណកម្មសិទ្ធិ​លើដី​ធ្លី​»​។

មួយវិញទៀត​ដែរ «​ការចុះបញ្ជី​ដីធ្លី ត្រូវគោរព​តាម​គោលការណ៍ អភិបាលកិច្ច​ល្អ តម្លាភាព វិម​ជ្ឍ​ការ វិសហមជ្ឈការ និង​សមធម៌​យេនឌ័រ ដើម្បី​បង្កើតបានជា វប្បធម៌​នៃ​ការចុះបញ្ជី​ដីធ្លី និង​បង្កើន​ភាពជឿជាក់ លើ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី​។ ការងារ​ត្រូវមាន​លក្ខណៈសាមញ្ញ ច្បាស់លាស់ ឆាប់រហ័ស ងាយ​ទទួលបាន មានតម្លៃ​ទាប​» នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ របស់​រាជរដ្ឋាភិបាល ស្តីពី​គោលនយោបាយ​ដីធ្លី ចុះ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០០៩ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជ័យលាភី​ពានរង្វាន់​ណូបែល​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រថយន្ត​ទំនើបសម្រស់ឆើតឆាយស...

ដោយៈ​សុផល​/​ភ្នំពេញ​៖​រថយ...

អភិបាល​អភិបាលខណ្ឌ​សែន​សុខ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

អង្គការសិទ្ធិមនុស្ស​ស្នើឱ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...