លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ (រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​,​ស​រិ​ទ្ធ​/ ​ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឬ​អ​.​ប​.​ព (ACU) បាន​បញ្ជូន​ខ្លួន​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ខេត្ត​ព្រះសីហនុ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ការ​បញ្ជូនទៅ​តុលាការ គឺ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ស្តាប់​ចម្លើយ​ជនសង្ស័យ​ចប់សព្វគ្រប់​។​
​ ​

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អ​.​ព​.​ប បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​កាលពី​យប់​ថ្ងៃទី​៤ ខែមីនា ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជូន​ខ្លួន​លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមីនា ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​រូបនេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ នាំយកមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​១ ខែមីនា ។​

​ប្រភព​បាន​បង្ហើប​ថា អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ ដែល​ឃាត់ខ្លួន​ឈ្មោះ លោក នួន ប៉ុក គឺពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​អំពើ​ពុ​ករលួយ​កាល​នៅ​កាន់តំណែង​។​

លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ត្រូវបាន​ដកតំណែង​កាលពី​ជាង​មួយឆ្នាំ​មុន បន្ទាប់ពី​ស្រាវជ្រាវ​រកឃើញ​កំហុសឆ្គង​ជាច្រើន​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ លោក នួន ប៉ុក ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្ត​ព្រះសីហនុ ជំនួស​លោក ហ៊ុន ភី ប្រធាន​មន្ទីរ​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍​។ នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៨ លោក​នួ​ន ប៉ុក ផ្លាស់ប្តូរ​ដោយ​ដាក់​លោក​ចេង ស្រុង ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ​ថ្មី​។​

គួរ​បញ្ជាក់ថា ការចាប់ខ្លួន​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​តុលាការ​បានសម្រេច​ផ្តន្ទាទោស​អតីត​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង សុរិយោដី​ខេត្តពោធិ៍សាត់ ពី​ពីរ​ឆ្នាំកន្លះ បី​ឆ្នាំ និង​ប្រាំបី​ឆ្នាំ និង​ចោទប្រកាន់​ពីបទ​សម្អាត​ប្រាក់ បទ​រំលោភ​អំណាច និង​បទ​វិ​តិ​ក្រម និង​រឹបអូស​ទ្រព្យសម្បត្តិ​មួយចំនួន​ទុក ជា​ទ្រព្យសម្បត្តិ​រដ្ឋ រួមទាំង​ពិន័យ​ជា​ប្រាក់ពី​ប្រាំ​លាន​រៀល​ដល់​ប្រាំបី​លាន​រៀល​។ ការសម្រេច​ផ្តន្ទាទោស​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

សូមជម្រាបថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​ប្រធាន អនុប្រធាន និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្តពោធិ៍សាត់ ពាក់ព័ន្ធ​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ទារលុយ​ពី​ប្រជាពលរដ្ឋ ១០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់ នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ក្រុង​ពោធិ៍សាត់ និង​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩៕សរន/Ha