Home ព័ត៌មានជាតិ នយោបាយ សម្តេចហ៊ុន សែ...

សម្តេចហ៊ុន សែន ប្រកាសថា​នឹង​កាត់បន្ថយ​ការចំណាយ​ប្រចាំឆ្នាំ​៥០ភាករយ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​កូ​វីដ​-១៩

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពី​ការកាត់បន្ថយ​ការចំណាយ​របស់​ក្រសួង ស្ថាប័នរដ្ឋ​ទាំងអស់​ចំនួន៥០ភាគរយ លើកលែងតែ​ក្រសួងការបរទេស​,​ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​ត្រូវបាន​កាត់បន្ថយ​ត្រឹម ២៥ ភាគរយ ដែលជា​វិធានការ​បន្តទៀត​សម្រាប់​កម្ពុជា​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការ ងារ​ឆ្នាំ ២០១៩​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៃ​ក្រសួងសុខាភិបាល នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ទាំងអស់​កុំ​សុំ​បង្កើន​ការចំណាយ​អ្វី​ទាំងអស់​។​សម្តេច​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ​ការចំណាយ​ទៅលើ​បៀវត្ស​មិន​ត្រូវបាន​កាត់បន្ថយ​ទេ ។ជាមួយនេះ​ការចំណាយ​ចរន្ត​ក្នុង​១​ខែ​ជាង៤០០​លាន​រៀល​ក៏​មិនត្រូវ​កាត់បន្ថយ​ផងដែរ ។​សម្ដេច​បាន​បញ្ជាក់ថា​វិធានការ​កាត់បន្ថយ​ការចំណាយ​នេះ​គឺ​ដើម្បី​ទុក​បម្រុង​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​ក្នុងការ​ត្រៀម​ការ​ទប់ទល់​ជាមួយនឹង​មេរោគ​កូ​វីដ ១៩ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា ​ចំពោះ​គម្រោង​វិនិយោគសាធារណៈ​របស់​រដ្ឋ កា​រដ្ឋា​ន​សាងសង់​ទាំងឡាយ​របស់​រដ្ឋ​ដែល​មិន​ទា​ន់​បើក​ការដ្ឋាន​ក៏​នឹងត្រូវ​ផ្អាក​ផងដែរ ​លើ​កលែង​តែ​ការដ្ឋាន​ដែល​ប្រើ​ហិរញ្ញប្បទាន​របស់​បរទេស ​រួម​និង​ថវិកា​ប​ដិ​ភា​គរបស់​រាជរដ្ឋាភិបាល។ សម្ដេច​បន្តថា ​ត្រូវ​ប្រមូលផ្ដុំ​ថវិកា​សម្រាប់​ការប្រយុទ្ធប្រឆាំង​ខូ​វីដ​១៩​នេះ​​ បើទោះបី​ត្រូវ​កាត់កង​ពី​វិស័យ​ដទៃ​យកមក​ប៉ះប៉ូវ​ឱ្យ​ក្រសួងសុខាភិបាល​ក៏ត្រូវ​តែ​ធ្វើ​ដែរ ។

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាសថា​ចាប់ពីការផ្ទុះ​ឡើង​នូវ​កូ​វីដ១៩ រហូត​ដល់ពេល​បញ្ចប់​កូ​វីដ​១៩​ ការងារ​អាទិភាព​ខ្ពស់បំផុត​របស់​កម្ពុជា​នោះ​គឺ​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular