ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ដើម្បីឱ្យគុណភាពសេវាសុខភាពសាធារណៈបានពង្រីកការគ្របដណ្តប់និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការសេវាសុខភាពកំណើនប្រជាជន ការវិវឌ្ឍប្រជាស្រាស្ត ការប្រែប្រួលសណ្ឋានជំងឺនិងជីវភាពរស់នៅរបស់ប្រជាជន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវការណែនាំប្រាំចំណុចដល់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធ ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់មតិណែនាំនេះនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញរាជធានីភ្នំពេញ។
មតិណែនាំទាំង៥ចំណុចនោះមានដូចខាងក្រោម៖
ទី១-ក្រសួងសុខាភិបាលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយអំពីគោលនយោបាយសុខាភិបាលសំខាន់ៗដោយផ្តោតលើគ្រប់ទិដ្ឋភាពនៃការពង្រឹងប្រតិបត្តិការប្រព័ន្ធសុខាភិបាល រួមមានការធ្វើវិមជ្ឈការប្រព័ន្ធសុខាភិបាល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្តល់សេវាសុខភាព ការផ្គត់ផ្គង់ឱសថនិងបរិក្ខារសុខាភិបាល ការពង្រឹងគុណភាពសេវាអភិបាលកិច្ចគ្លីនិកការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការផ្តល់ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធសុខាភិបាល ការលើកម្ពស់ប្រព័ន្ធគាំពារសុខភាព សង្គមកិច្ចនិងភាពជាដៃគូរវាងសុខាភិបាលសាធារណៈនិងឯកជន ។
ទី២-ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាននិងផ្តល់សេវាសុខាភិបាលពីក្រសួងសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចាប់ពីដើមឆ្នាំ២០២០គឺជាការកែទម្រង់ប្រកបដោយតម្លាភាពក្នុងវិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពសេវាសុខាភិបាល លើកស្ទួយការអភិវឌ្ឍនៅមូលដ្ឋាន បង្កើនគណនេយ្យភាពនិងអភិបាលកិច្ចល្អនៅមូលដ្ឋានជាពិសេសធ្វើឱ្យសម្រេចបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនិងតម្លាភាពហើយកាន់តែជិតស្និទ្ធនិងកៀកទៅនឹងប្រជាជន។
ទី៣-រដ្ឋបាលរាជធានី-ខេត្តទាំងអស់ត្រូវសហការជាមួយក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធដើម្បីរៀបចំកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័នតួនាទីនិងមុខងារនៃអង្គភាពសុខាភិបាលនៅថ្នាក់ក្រោមជាតិហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាពសុខាភិបាលរាជធានីខេត្តដូចធម្មតា ជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាពដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។
ទី៤-ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួលនិងកំណត់តួនាទីនិងមុខងាររបស់ក្រសួងនិងអង្គភាពសុខាភិបាលក្រោមឱវាទនៅថ្នាក់ជាតិដើម្បីអនុវត្តប្រកបដោយតម្លាភាព និងមានគណនេយ្យភាពរវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
ទី៥-រដ្ឋបាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយកៀរគរការគាំទ្រថវិកាសម្ភារនិងបច្ចេកទេសពីស្ថាប័ននិងភាគីពាក់ព័ន្ធនានាដោយប្រើប្រាស់ធនធានឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្តដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕BR/Ha