ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី​និង​សេចក្តីណែនាំ​រួម​រវាង​គ​.​ជ​.​ប​និង​ក្រសួងមហាផ្ទៃ​គ​.​ជ​.​ប​ត្រូវអនុវត្ត​ការងារ​រៀបចំ​ត្រៀម​សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ​។​ការចុះឈ្មោះ​បោះឆ្នោត​ដែល​ការងារ​នេះ​ផ្តោត​សំខាន់​លើ​ការងារ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​តាម​ឃុំ​សង្កាត់​ការកំណត់​ចំនួន​។​

​ទីតាំង​ការិយាល័យ​បោះឆ្នោត​សម្រាប់​គ​.​ជ​.​ប​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​ត្រៀម​រៀបចំ​បញ្ជី​បោះឆ្នោត​។​ក្នុងការ​អនុវត្ត​ការងារ​នេះ​លេខាធិការដ្ឋាន​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត​(​លធ​.​ខ​ប​)​ត្រូវមាន​ភារកិច្ច​សហកា​រ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ឃុំ​សង្កាត់​ពិសេស​ស្មៀន​និង​មេឃុំ​ចៅសង្កាត់​និង​ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​និង​រាជធានី ខេត្ត​។

​នេះ​ជាការ​គូសបញ្ជាក់​របស់​លោក​ទេព​នីថា​អគ្គលេខាធិការ​គ​.​ជ​.​ប​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​លធ​.​ខ​ប​តំណាង​គណបក្សនយោបាយ​និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ នៅ​ទីស្តីការ គ​.​ជ​.​ប កាល​រសៀល​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០​។​

​អគ្គលេខាធិការ​បា​នប​ន្ថែ​ម​ថា តាម​ប្រតិទិន និង​ផែនការមេ គិត​ត្រឹម​ដើមខែ​មីនា​នេះ អាជ្ញាធរ​ឃុំ សង្កាត់ និង លធ​.​ខ​ប បាន​បញ្ជូន​ទិន្នន័យ​ស្ថិតិ​ប្រជាពលរដ្ឋ​តាម​ឃុំ សង្កាត់​ក្នុង​រាជធានី ខេត្ត​មកដល់ គ​.​ជ​.​ប រួចរាល់​ហើយ​។​អង្គភាព​ជំនាញ​កំពុងធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​និង​បូកសរុប​តួលេខ​បញ្ចូល​ក្នុង​បញ្ជី​ទីតាំង​ការិយាល័យ​បោះឆ្នោត​ត្រៀម​រៀបចំ​ដាក់ជូន​គ​.​ជ​.​ប​ពិនិត្យ​សម្រេច​និង​ប្រកាស​ផ្សាយ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ ឱ្យបាន​មុន​ដំណើរការ​អនុវត្ត​ជាក់ស្តែង​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២០​ដោយមាន​ការចូលរួម​ពី​មន្ត្រី​លធ​.​ខ​ប​ចំនួន​៧៤​នាក់​គណបក្សនយោបាយ​ចំនួន​១៧​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១៤​សរុប​១៣០​នាក់​។​គោលបំណង​សំខាន់​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ផ្តល់​ចំណេះដឹង​បន្ថែម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ការងារ​ចុះឈ្មោះ​បោះឆ្នោត​ទាំង​ទ្រឹស្តី​។​ទាំង​ការអនុវត្ត​ជូន​ដល់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​ទាំង​ថ្នាក់​គ​.​ជ​.​ប​ថ្នាក់​រាជធានី​ខេត្ត​ថ្នាក់ឃុំ​សង្កាត់​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ចូលរួម​ស្វែងយល់ និង​សហការ​អនុវត្តតាម​តួនាទី​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​។​

​អគ្គលេខាធិការ​បាន​រំលឹកថា​ប្រទេស​យើង​អនុវត្ត​ប្រព័ន្ធ​បញ្ជី​បោះឆ្នោត​អចិន្ត្រៃយ៍​និង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ប្រចាំឆ្នាំ​ដូចនេះហើយ​ទើប​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​តម្រូវឱ្យ​គ​.​ជ​.​ប​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាមរយៈ​ការពិនិត្យ​បញ្ជី​ឈ្មោះ​។​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​ដើម្បី​ធានាឱ្យមាន​បញ្ជី​បោះឆ្នោត​មួយ​ដែលមាន​គុណភាព​មាន​ភាព​ពេញលេញ​ភាពត្រឹមត្រូវ​និង​មាន​បច្ចុប្បន្នភាព​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​នៃ​ច្បាប់​។​

​ការចុះឈ្មោះ​បោះឆ្នោត​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដែល​ប្រើប្រាស់​បញ្ជី​បោះឆ្នោត​។​ការប្រើប្រាស់​បញ្ជី​បោះឆ្នោត​គឺជា​តម្រូវការ​ចាំបាច់​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕S/​