ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ស៊ុន​សុវណ្ណារិទ្ធ បាន​ថ្លែងថា វិថី​ស្អាត ម្ហូបអាហារ​ស្អាត​និង​ទីក្រុង​រមណីយដ្ឋាន​ស្អាត​គឺជា​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូលចិត្ត​មកលេង​កម្សាន្ត​។​ដែល​យើង​គ្រប់គ្នា​គឺជា​ម្ចាស់​មូលដ្ឋាន​ត្រូវតែ​យកចិត្តទុកដាក់​សម្អាត​ទីក្រុង​ផ្ទះសម្បែង​និង​កន្លែងធ្វើការ​។​

​ភិ​បាល​រង​ខេត្ត​បាន​ថ្លែង​បែបនេះ​ទៅកាន់​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​សិស្សានុសិស្ស​ប្រមាណ​ជាង​៥០០​នាក់​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៤​ខែ​មីនា​ឆ្នាំ​២០២០​ក្នុង​ពិធី​ប្រមូល​សំរាម​សម្អាត​សួនច្បារ​និង​ទី​សារ​ធារ​ណៈ​រួម​និង​សម្អាត​មាត់ទន្លេ​ផ្សារ​ក្រោម​ក្នុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​និង​ខេត្តកំពង់ឆ្នាំង ។​

លោក​ស៊ុន​សុវណ្ណារិទ្ធ​បាន​បន្តថា​តាម​គោល​ការ​របស់​ខេត្ត​កន្លងមក​បាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅស្ថាន​និង​ហាង​លក់ដូរ​ឬ​តាម​ទី​វត្ត​អារាម​និង​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ត្រូវមាន​ធុងសំរាម​៣​ប្រភេទ​គឺ​ពណ៌​ខ្មៅ​ពណ៌​លឿង​និង​ពណ៌​ខៀវ​ដើម្បី​ដាក់​សំរាម​តាម​ប្រភេទ​ផ្សេងៗ​គ្នា​សម្រាប់​ទុកឱ្យ​ក្រុមហ៊ុន​អនាម័យ​ប្រមូល​ដឹក​យកទៅ​ចោល​៕S/