ដោយៈ សាវរក្ស / ភ្នំពេញ : ពីរនាក់ប្ដីប្រពន្ធរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូត្រូវបានរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង ៦ និង ៤០នាទីយប់ ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានថ្ម តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនរងគ្រោះទី១មានឈ្មោះ អៀង បញ្ញា ភេទប្រុស មុខរបរធ្វើការរោងចក្រ។ ជនរងគ្រោះទី២ មានឈ្មោះ គួយ ភា ភេទស្រី មុខរបរធ្វើការរោងចក្រ អ្នកទាំងពីរត្រូវជាប្តីប្រពន្ធនិងគ្នា រស់នៅជាមួយគ្នានៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AV .2346។ ចំណែករថយន្តបង្កម៉ាកហ្វត ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U 2717 បើកបរដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់បាន។
ប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តហ្វតមួយគ្រឿងបើកតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូងបើកទៅបុកនឹងម៉ូតូពីរនាក់ប្ដីប្រពន្ធក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ ម៉ូតូរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។ ក្រោយមកសមត្ថកិច្ចកំពុងតែចុះមកវាស់វែង ស្រាប់តែមានរថយន្តស៊ីអរវី ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2M 1547 បើកបរដោយបុរសវ័យចំណាស់ម្នាក់ រួមដំណើរនឹងស្ត្រីវ័យចំណាស់ម្នាក់ទៀត បើកយ៉ាងលឿនមកបុករះបន្តទៀត ធ្វើឲ្យរថយន្តដែលបង្កខ្ទាតធ្លាក់ទៅផ្លូវម្ខាងចូលព្រៃត្រែង និងបុករះម៉ូតូសមត្ថកិច្ចចំនួន៣គ្រឿងទៀត រួមទាំងម៉ូតូជនរងគ្រោះផង។ តែមិនបង្កឲ្យអ្នកណារងរបួសបន្តទៀតនោះទេ រថយន្តស៊ីអវីរងការខូចខាតផ្នែកខាងមុខក្រពឹត។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូចំនួន ៣គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ល/Ha