ដោយ: សុផានីតា / កោះកុង: ស្ត្រីចំនួន៩១៩នាក់ ស្មើនឹង៣៤.៩៨ភាគរយ កំពុងតែបម្រើការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន រាប់ចាប់ពីអភិបាលខេត្តរហូតដល់ថ្នាក់ភូមិ។ ចំនួនស្ត្រីជាមន្ត្រីរាជការនេះ មានក្នុងចំណោមមន្ត្រីរាជការសរុបចំនួន២.៦២៧នាក់។
ចំនួនស្ត្រីជាមន្ត្រីរាជការ ក្នុងវិស័យមុខងារសាធារណ និងនយោបាយឆ្នាំ២០១៩កន្លងទៅ បានកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ជាក់ស្តែង សម្រាប់ខេត្តកោះកុងរាប់ចាប់ពីអភិបាលខេត្តរហូតដល់ថ្នាក់ភូមិសង្កាត់។ ក្នុងនោះរួមមាន៖ អភិបាលខេត្ត១រូប អភិបាលរងខេត្ត១រូប អភិបាលរងក្រុងស្រុកចំនួន៨រូបលើ២២រូប អនុប្រធានមន្ទីរ១៥រូប សមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់ និងភូមិសរុបជាង១៦៩រូប។
ថ្លែងក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ខួបលើកទី១០៩ កាលពីថ្ងៃ៤ ខែមីនា លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានបញ្ជាក់ថា បច្ចុប្បន្នពីចំនួនស្ត្រីបម្រើការងាររដ្ឋមានច្រើន មន្ទីរបានធ្វើសកម្មភាពការងារដោយផ្អែកលើផែនការយុទ្ធសាស្ត្រ៥ឆ្នាំនារីរតនៈទី៥របស់ក្រសួងកិច្ចការនារីស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលលើវិស័យអទិភាពសំខាន់ៗចំនួន៦ គឺទី១ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ទី២ការអប់រំស្ត្រី ក្មេងស្រី និងការផ្លាស់ប្តូរឥរិយាបថ ទី៣ សុខភាព អាហារូបត្ថម្ភ សម្រាប់ស្ត្រី និងកុមារី និងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ទី៤កិច្ចការពារផ្លូវច្បាប់ សម្រាប់ស្ត្រី និងកុមារី ទី៥ ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច និងការបញ្ច្របយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល និងទី៦យេនឌ័រ និងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងគ្រប់គ្រងគ្រោះមហន្តរាយ។
លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បន្ថែមថា កន្លងទៅ មន្ទីរបានអនុវត្តការងារផ្តោតលើការពង្រឹងសមត្ថភាពដល់ស្ត្រី ដោយមានវគ្គបណ្តុះបណ្តាល សិក្ខាសាលារៀបចំវេទិកាសហគមន៍ ទស្សនកិច្ចសិក្សាផ្សេងៗជាដើម។
សម្រាប់បញ្ហាប្រឈម ទោះបីជាមានចំនួនស្ត្រីបម្រើការងារច្រើនជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែកត្តាភូមិសាស្ត្រតាមភូមិឃុំមួយចំនួននៅឆ្ងាយដាច់ស្រយោលពេលមានប្រឈមចំពោះស្ត្រី និងក្មេងស្រី។
ចំណែកឯ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានលើកឡើងដែរថា ស្ថានភាពអ្នកទោសជាស្ត្រី សព្វថ្ងៃ ត្រូវបានរៀបចំក្នុងបរិយាកាសរស់នៅបានសមរម្យ និងទទួលបានការសិក្សាជំនាញវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ និងផ្នែកសម្អាងការ សម្រាប់ពួកគេបានកែប្រែខ្លួន និងមានការងារធ្វើដូចពលរដ្ឋដ៏ទៃនៅថ្ងៃអនាគត។
លោកស្រី មិថុនា ភូថង កត់សម្គាល់ថា នេះជាការយកចិត្តទុកដាក់ដ៏ល្អមួយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យជួយស្តារសម្បទាអ្នកទោសជាស្ត្រីឱ្យបានកាន់តែទូលំទូលាយឡើងវិញ។
ក្រោយពីការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាអំពីការជំរុញឱ្យពន្លឿនការជំនុំជម្រះក្តីស្ត្រីដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារឱ្យបានឆាប់រហ័ស រដ្ឋបាលខេត្ត និងមន្ទីរកិច្ចការនារី ក៏បានស៊ើបសួរព័ត៌មានខ្លះពីអ្នកទោសជាស្ត្រីផងដែរ ដើម្បីសម្របសម្រួលជាមួយនឹងតុលាការបើកសវនាការជូនពលរដ្ឋ ករណីពុំមានមេធាវី គឺនឹងទំនាក់ទំនងទៅក្រុមមេធាវីស្មោះចិត្តរបស់សម្តេចតេជោអន្តរាគមន៍។
លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង គូសបញ្ជាក់ថា អ្នកទោសជាស្ត្រីដែលជាប់ឃុំនៅពន្ធនាគាររបស់លោក មានចំនួន៦៥នាក់ ភាគច្រើនពួកគេប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន ក្រៅពីនេះមានបទល្មើសឃាតកម្ម និងចោរកម្ម។
ប្រធានពន្ធនាគារខេត្ត បន្ថែមថា ក្រុមស្ត្រីជាអ្នកទោស គឺពិតជាទទួលបានចំណេះដឹងជំនាញវិជ្ជាជីវៈខាងផ្នែកកាត់ដេរសម្លៀកបំពាក់ និងផាត់មុខធ្វើសក់ជាដើម។ ចំពោះការឡើងសនវការកាត់ក្តី ជនជាប់ចោទ អាចសុំឱ្យមានមេធាវី ប៉ុន្តែភាគច្រើនក្រុមគ្រួសារជនជាប់ចោទ មកសុំដាក់ពាក្យត្រូវការមេធាវីការពារក្តីតែម្តង។ ហើយកន្លងទៅ ក៏មានក្រុមមេធាវីសម្តេចតេជោ បានការពារក្តីជូនអ្នកទេសជាស្ត្រីបាន២ទៅ៣នាក់ផងដែរ។
លោក អ៊ុន សុវណ្ណធានី អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បង្ហាញថា តុលាការបានជំនុំជម្រះ និងប្រកាសអ្នកទោសជាស្ត្រីបានចំនួន៤៤ក់ (ទណ្ឌិត និងពិរុទ្ធជន) ចំពោះជនជាប់ចោទដែលត្រៀមពន្លឿនការជំនុំជម្រះ គឺមាន៦នាក់។ រីឯជនត្រូវចោទ ដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួររបស់ចៅក្រមស៊ើបសួរមានចំនួន១៥នាក់៕ ល