​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា​បាន​រាយការណ៍​ការស្លាប់​មនុស្ស​ទី​២​ដោយ​កូរ៉ូណា​វីរុស និង​បាន​ព្រមាន​ថា​ការផ្ទុះ​ជម្ងឺ​នេះ​នឹង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​​ត្រីមាស​បច្ចុប្បន្ន​នៅ​ពេល​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​កើន​ដល់​៥២​នាក់​។​

​ជនរងគ្រោះ​ជា​ស្ត្រី​វ័យ​៩៥​ឆ្នាំ ដែល​បាន​ឆ្លង​ជម្ងឺ​ពី​បុគ្គលិក​ម្នាក់​នៅ​ផ្ទះ​មើលថែទាំ​មនុស្ស​ចាស់​របស់​គាត់​នៅ​រដ្ឋ​ញូ​វ សោត​វេលស៍​។​គាត់​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​នៅ​​ក្នុង​មន្ទីរពេទ្យ​និង​ត្រូវបាន​រកឃើញ​មាន​កូរ៉ូណា​វីរុស​។​

​សូមបញ្ជាក់​ថា ភាគច្រើន​នៃ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​នៅ​អូស្ត្រាលី បាន​ឆ្លង​វីរុស​នេះ​ក្នុងពេល​ជិះ​នាវា​ទេសចរណ៍​មួយ​ដែល​ត្រូវបាន​ធ្វើ​ចត្តា​ឡីស័​កនៅ​ជប៉ុន​និង​ត្រូវបាន​​ជម្លៀស​មក​ព្យាបាល​នៅ​អូស្ត្រាលី​។​ទោះជា​យ៉ាងណា ក្តីព្រួយបារម្ភ​ចេះតែ​កើន​ឡើង​ចំពោះ​ការ​ដែល​ថា ជម្ងឺ​នេះ​អាច​ចម្លង​យ៉ាង​លឿន​នៅក្នុង​ស្រុក ដោយសារតែ​​យ៉ាងហោច​ណាស់​មនុស្ស​៥​នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ឆ្លង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដោយផ្ទាល់​។​

​ជនរងគ្រោះ​ដល់​ជីវិត​ទី​១​នៅ​អូស្ត្រាលី គឺ​បុរស​វ័យ​៧៨​ឆ្នាំ ដែល​ត្រូវបាន​ជម្លៀស​ចេញពី​នាវា​Diamond Princess នៅ​ជប៉ុន​។​គាត់​បាន​ស្លាប់​នៅ​ទីក្រុង​ភើ​ត របស់​​អូស្ត្រាលី​។​

​គេ​នៅ​មិនទាន់​ដឹង​ថា​ជម្ងឺឆ្លង​នេះ​នឹង​បំផ្លាញ​សេដ្ឋកិច្ចជាតិ​កំរិតណា តែ​រដ្ឋមន្ត្រី​រតនាគារ ស្ទេ​វិន កេ​ណ្ឌី បាន​និយាយថា វា​នឹង​បង្ក​ផលប៉ះពាល់​ភ្លាមៗ​និង​ធំដុំ​៕​ប្រែ​សម្រួល​៖​វាសនា​