ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ​​ ចង់ឱ្យស្ត្រីវ៉េណេស៊ុយអេឡាមានកូនច្រើនដើម្បីជា​មធ្យោបាយជំរុញដល់ប្រទេស ដែលមានប្រជាជនរាប់លាននាក់រត់ភៀសខ្លួន​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីគេចពីវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន។

លោកម៉ាឌូរ៉ូបានធ្វើការដាស់តឿនបែបនេះនៅក្នុងកម្មវិធីទូរទស្សន៍មួយកាលពី​ល្ងាចថ្ងៃអង្គារទី៣មីនា សម្រាប់កម្មវិធីរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់វិធីសាស្រ្ត​បង្កកំណើតផ្សេងៗ។

ប្រធានាធិបតីសង្គមនិយមរូបនេះបានប្រាប់ទៅស្ត្រីម្នាក់នៅក្នុងព្រឹត្តិការណ៍នោះថា “សូមព្រះប្រទានពរដល់អ្នកសម្រាប់ការផ្តល់ឱ្យក្មេងប្រុសនិងក្មេងស្រីតូចៗចំនួន ៦ នាក់ដល់ប្រទេស។ សូមផ្តល់កំណើត ហើយផ្តល់កំណើតទៀត សូមស្ត្រី​ទាំងអស់គ្នាមានកូន៦នាក់ទាំងអស់គ្នា។ សូមឱ្យមាតុភូមិយើងរីកលូត​លាស់!”។

ការអត្ថាធិប្បាយបែបនេះបានទាក់ទាញការរិះគន់ពីសកម្មជនសិទ្ធិមនុស្សនិងអ្នក​ដទៃទៀតដែលបានកត់សម្គាល់ឃើញថា ប្រជាជនវ៉េណេស៊ុយអេឡាកំពុងជួប​ការលំបាករួចទៅហើយក្នុងការផ្តល់ស្បៀងអាហារ សម្លៀកបំពាក់​និងការថែទាំសុខភាពសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។

លោកស្រី អូស្ការ មីសែល ស្ថាបនិកអង្គការការពារសិទ្ធិរបស់ប្រជាជនវ័យក្មេង CECODAP បាននិយាយថា “វាជាការមិនទទួលខុសត្រូវទាល់តែសោះ​សម្រាប់ប្រធានាធិបតីមួយរូបដែលជំរុញលើកទឹកចិត្តឱ្យស្ត្រីមានកូន ៦ នាក់ គ្រាន់តែដើម្បីបង្កើតមាតុភូមិមួយ នៅពេលដែលមាតុភូមិនោះគ្មានការធានា​ដល់ការរស់រានដល់ក្មេងៗ”។

យោងតាមអង្គការសហប្រជាជាតិ ការដួលរលំនៃសេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡា​រួមជាមួយនឹងជម្លោះផ្នែកនយោបាយយ៉ាងជ្រាលជ្រៅរបស់ខ្លួនបានធ្វើឱ្យប្រជាជនជាង ៤,៥ លាននាក់ធ្វើចំណាកស្រុកចាប់តាំងពីឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូចង់ឱ្យស្ត្រីវ៉េណេស៊ុយអេឡាទាំងអស់មានកូន៦នាក់