មហាចិនដីគោក មានអ្នកឆ្លងកូរ៉ូណាវីរុសCovid-19ថ្មីចំនួន១៣៩នាក់សម្រាប់ថ្ងៃពុធ និងស្លាប់៣១នាក់ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការសុខាភិបាលជាតិចិនកាលពីថ្ងៃព្រហស្បតិ៍ទី០៥មីនា។
តួលេខចុងក្រោយនេះធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅចិនកើនដល់៨០.៤០៩នាក់ និង៣.០១២នាក់ស្លាប់ គិតត្រឹមចុងថ្ងៃពុធ។
នៅពេលចំនួនឆ្លងប្រចាំថ្ងៃនៅចិនស្ថិតក្នុងកម្រិតទាបជាប់ៗគ្នាបើធៀបនឹងការឆ្លងកាលពីខែមុន ការឆ្លងនៅកូរ៉េខាងត្បូងនៅតែខ្ពស់ ដោយកាលពីថ្ងៃ០៥មីនាកូរ៉េខាងត្បូងបានអះអាងអំពីការឆ្លងថ្មី៤៣៨ករណីបន្ថែម ដែលធ្វើឲ្យអ្នកឆ្លងCovid-19នៅក្នុងប្រទេសនេះកើនដល់៥.៧៦៦នាក់។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េក៏បាននិយាយថា មនុស្ស៣នាក់ទៀតបានស្លាប់ពីកូរ៉ូណាវីរុសនេះ នាំឲ្យចំនួនមនុស្សស្លាប់ដោយCovid-19នៅកូរ៉េខាងត្បូងកើនដល់៣៥នាក់៕ប្រែសម្រួល៖វាសនា/Ha

ពេទ្យព្យាបាលអ្នកជំងឺCovid-19នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង