អ្នកនាំពាក្យកងទ័ពអាម៉េរិកបាននិយាយថាសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារតាមអាកាសប្រឆាំងពួកតាលីបង់ដើម្បីការពារកងកម្លាំងអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធទី០៤មីនា ស្របពេលដែលអំពើហិង្សាកើនឡើងឆាប់រហ័សដោយសារមានការវាយប្រហារខ្លាំងជាបន្តបន្ទាប់ពីសំណាក់ក្រុមឧទ្ទាមនេះដែលបានធ្វើឱ្យដំណើរការសន្តិភាពដែលទើបចាប់ផ្តើមរបស់ប្រទេសនេះធ្លាក់ចូលក្នុងស្ថានភាពមិនភាពច្បាស់លាស់។
ព័ត៌មាននៃការវាយប្រហារតាមអាកាសនៅខេត្តហែលម៉ាន់បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំបានប្រាប់អ្នកសារព័ត៌មានថាលោកបានធ្វើការជជែកពិភាក្សាដ៏ល្អតាមទូរស័ព្ទមួយមេដឹកនាំនយោបាយតាលីបង់ ដែលបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ លើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីដកកងកម្លាំងបរទេសចេញ។
ប៉ុន្តែចាប់តាំងពីមានការចុះហត្ថលេខានៅទីក្រុងដូហា ប្រទេសកាតាមកនោះ ក្រុមសកម្មប្រយុទ្ធនេះបានបង្កើនអំពើហិង្សាប្រឆាំងកងកម្លាំងអាហ្វហ្គានីស្ថានដោយបញ្ចប់បទឈប់បាញ់មួយផ្នែកនិងធ្វើឱ្យមានភាពអាប់អួរទៅលើដំណើរការចរចាសន្តិភាពរវាងរដ្ឋាភិបាលក្រុងកាប៊ុល(អាហ្វហ្គានីស្ថាន)និងក្រុមតាលីបង់ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមីនា៕ប្រែសម្រួល៖សុខា/sn

យុទ្ធជនតាលីបង់និងអ្នកភូមិចូលរួមការជួបជុំមួយ នៅពេលក្រុមតាលីបង់ថាពួកគេបានធ្វើការវាយប្រហារឡើងវិញប្រឆាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន