ដោយៈសុផល/ភ្នំពេញ៖ព្រឹត្តិការណ៍ឌីជីថលកម្ពុជាឆ្នាំ២០២០នេះនឹងក្លាយជាព្រឹត្តិការណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍និងជាសន្និសីទឌីជីថលឈានមុខដំបូងគេផ្តោតទៅលើប្រធានបទឌីជីថលសំខាន់បំផុតនិងបញ្ហាដែលកំពុងជួបប្រទះនៅកម្ពុជា។ព្រឹត្តិការណ៍ដ៏អស្ចារ្យឈានមុខនៅក្នុងប្រទេសឌីជីថលកម្ពុជាត្រូវបានត្រឡប់មកវិញជាលើកទីពីរនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២០នេះ។ដែលមានរយៈពេលបីថ្ងៃ នៅសាលពិព័រណ៍កោះពេជ្រគេរំពឹងថានឹងមានអ្នកចូលរួមជាច្រើនរួមមានអ្នកជំនាញឌីជីថលទាំងក្នុងស្រុក ក្នុងតំបន់និងអន្តរជាតិ សហគ្រិន និង អ្នកគាំទ្រវិស័យឌីជីថល ។
ឌីជីថលខេមបូឌា រៀបចំឡើងដោយវិទ្យាស្ថានជាតិឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន (NIPTICT)ដែលជាគ្រឹះស្ថានអប់រំនិងស្រាវជ្រាវទៅលើផ្នែកឌីជីថលសម្រាប់សិស្សនិស្សិត។ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០គឺជាព្រឹត្តិការណ៍ដ៏ធំមួយនឹងឈានមុខគេក្នុងវិស័យឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលដឹកនាំដោយចក្ខុវិស័យរបស់រដ្ឋាភិបាលនិងអ្នកដឹកនាំវិស័យឯកជន។ដែលបានប្តេជ្ញាកសាងមូលដ្ឋានគ្រឹះក្នុងវិស័យឌីជីថលនៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សក៏ដូចជាពន្លឿនសេដ្ធកិច្ចនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០នឹងមានការចូលរួមពីសំណាក់វាគ្មិន ១២០ នាក់ អ្នកតាំងពិព័រណ៍ ២០០នាក់និងភ្ញៀវចូលរួមជាង៣០.០០០នាក់មកពី១០ប្រទេសដែលតំណាងឱ្យស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នការទូត ប្រតិបត្តិករទូរគមនាគមន៍។ ក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ICTក្រុមហ៊ុនអភិវឌ្ឍន៍ឌីជីថលនិងបច្ចេកវិទ្យាធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ្នកទើបចាប់ផ្តើមអាជីវកម្មថ្មី អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍។
រួមជាមួយNIPTICTក៏មានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋាភិបាលរួមមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំយុវជននិងកីឡា ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្មនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ទទួលបានការសហការពីអង្គការដែលមកពីវិស័យឯកជន ដែលជាអ្នកឧបត្ថម្ភ និងអ្នករួមចំណែកដ៏ធំ រួមមាន Smart Axiata, Cellcard និង Metfone ដៃគូសហការ5G រួមមាន ក្រុមហ៊ុន Huawei ដៃគូសហការ Fintech រួមមាន UnionPay និង Wing ដៃគូធនាគារ PPCBank ដៃគូអ៊ីនធឺណិត Ezecom ដៃគូរ smart house LG ដៃគូសណ្ឋាគារ Raffles Hotel Le Royal ដៃគូភេសជ្ជៈ Angkor Beverage ដៃគូហេដ្ឋារចនាសម្ព័ន្ធ Edotco ដៃគូធ្វើដំណើរ Grab, ដៃគូ ចាប់ផ្តើមអាជីវកម្មថ្មី ដែលជាសហគ្រាសខ្មែរ អ្នកឧបត្ថម្ភដទៃទៀត រួមមាន Seatel, Visa និង TrueMoney និងអ្នកសហការអ្នករៀបចំកម្មវិធីរួមមាន ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Compass Advertising ។
សេចក្តីប្រកាសពត៌មានរបស់NIPTICTបានឱ្យដឹងថា៖ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០ជាព្រឹត្តិការណ៍ដ៏ឈានមុខប្រចាំឆ្នាំលើកទី២របស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថលនឹងបង្ហាញពីគោលដៅចុងក្រោយបំផុតនៃការរៀបចំព្រះរាជាណាចក្រកម្ពុជាសម្រាប់ទទួលយកសេដ្ឋកិច្ចឌីជីថល ។ដើម្បីបង្ហាញពីសក្តានុពលនៃការរីកចម្រើនខាងវិស័យបច្ចេកវិទ្យាឌីជីថលរួមជាមួយនឹងគោលបំណងអភិវឌ្ឍន៍ជាក់លាក់រួមមានទី១៖
ការបង្កើតវេទិកាថ្នាក់ជាតិដើម្បីបង្ហាញទៅកាន់ឆាកអន្ដរជាតិថាប្រទេសកម្ពុជាជាប្រទេសមួយដែលមានភាពទាក់ទាញទៅលើការវិនិយោគលើវិស័យឌីជីថលវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន។ទី២:ការពិភាក្សាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍គោលនយោបាយក្របខណ្ឌច្បាប់ និងការអប់រំ នៅក្រោម ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
ទី៣:ការធ្វើបទបង្ហាញនិងផ្សព្វផ្សាយពីសារៈសំខាន់នៃវិស័យឌីជីថលបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពការលើកកម្ពស់ប្រព័ន្ធសិក្សាអប់រំការពង្រឹងជំនាញឌីជីថលនិងបច្ចេកវិទ្យាដើម្បីជាឱកាសឲ្យប្រទេសកម្ពុជាបានចូលរួមប្រកួតប្រជែងស្នាដៃទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ទី៤:ការប្រមូលផ្តុំអ្នកជំនាញនិងអ្នកដឹកនាំនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនិងព័ត៌មានវិទ្យាព្រមទាំងវិស័យទំនាក់ទំនងទូរគមនាគមន៍ក៏ដូចជាស្ថាប័នរដ្ឋាភិបាលវិនិយោគិនអ្នកបង្កើតបច្ចេកវិទ្យាថ្មីស្ថាប័នស្រាវជ្រាវដើម្បីផ្លាស់ប្តូរគំនិតទទួលបានចំណេះដឹងថ្មី។ជំរុញឱ្យមានការផ្សព្វផ្សាយពីការអនុវត្ដន៍ដ៏ល្អបំផុតសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ការពិភាក្សាគ្នាអំពីនិន្នាការនិងបញ្ហាប្រឈមនានានៅក្នុងវិស័យឌីជីថលនិងព័ត៌មានវិទ្យាព្រមទាំងបង្ហាញពីបញ្ហាដែលកំពុងជួបប្រទះដែលអាចស្វែងរកដំណោះស្រាយបានតាមរយៈបច្ចេកវិទ្យាឌីជីថល។
ទី៥:ការជំរុញនិងលើកទឹកចិត្តសហគ្រិនភាពនិងការច្នៃប្រឌិតនិងទី៦ការអនុញ្ញាតឲ្យសហគ្រិននិងអ្នកចាប់ផ្តើមអាជីវកម្មថ្មីទទួលបានការអភិវឌ្ឍន៍នូវបណ្តាញរបស់ពួកគេក៏ដូចជាឱកាសជួបជាមួយក្រុមហ៊ុនដែលផ្ដល់វិភាគទានដល់សហគ្រិនដែលជាអ្នកចាប់ផ្ដើម។ព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ ឌីជីថលកម្ពុជាឆ្នាំ ២០២០រួមមាន៖
១.វេទិការដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ប្រចាំតំបន់អាស៊ាននិងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ប្រចាំតំបន់អាស៊ាននិងវិស័យឯកជនមកពីក្នុងស្រុកនិងក្រៅស្រុក។២.វេទិកាសម្រាប់អ្នកទើបនឹងចាប់ផ្តើមវិស័យបច្ចេកវិទ្យាឌីជីថល។ថ្មី៣វេទិកាសម្រាប់អ្នកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថល។៤.សន្និសីទនិងសិក្ខាសាលាសម្រាប់អ្នកដឹកនាំនិងអ្នកជំនាញផ្នែកឌីជីថលដើម្បីឱ្យពួកគាត់បានចែករំលែកព័ត៌មានទាក់ទងនឹងការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃបច្ចេកវិទ្យាឌីជីថលនិងគោលការណ៍របស់បច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគត។៥.ពិព័រណ៍ឌីជីថលថ្នាក់ជាតិនិងថ្នាក់តំបន់។
៦.ការផ្តល់ពានរង្វាន់ព័ត៌មាននិងទូរគមនាគមន៍កម្ពុជាពានរង្វាន់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាពានរង្វាន់មូលនិធីUSOCBRDនិងពានរង្វាន់សហគ្រិនវ័យក្មេងដែលមានភាពឆ្នៃប្រឌិតទៅលើផ្នែកផលិតផលបច្ចេកវិទ្យា។ក្នុងរយៈពេល៣ថ្ងៃពេញនេះអ្នកចូលរួមនឹងរីករាយជាមួយប្រធានបទនិងការតាំងពិព័រណ៍ដូចជាការសរសេរកូដ FinTech, AgriTech, Big Data, ។ប្រព័ន្ធដំណោះស្រាយសិប្បនិម្មិត (AI), គំនិតច្នៃប្រឌិត (DesignThinking),គេហដ្ឋានឆ្លាតវៃ(SmartHomes),កីឡាអេឡិចត្រូនិច(eSport),មនុស្សដែលមានទេពកោសល្យផ្នែកឌីជីថលនៅកម្ពុជា(Cambodiadigitaltalent),ពាណិជ្ជកម្មអេឡិចត្រូនិចនិងគោលនយោបាយសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធអេកូឌីជីថល ការផ្ដល់មូលនិធិ និងការរៃអង្គាសមូលនិធិ។
លើសពីនេះទៅទៀតអ្នកចូលរួមនឹងមានឱកាសស្តាប់ប្រសាសន៍ពីសំណាក់រដ្ឋមន្ត្រីក្នុងវិស័យឌីជីថលនៅតំបន់អាស៊ាននិងមនុស្សដែលមានទេពកោសល្យឌីជីថលនៅតំបន់អាស៊ាន។ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០ អាចប្រារព្ធទៅបានដោយសារការគាំទ្រនិងការដឹកនាំរបស់មន្ត្រីរដ្ឋាភិបាលសំខាន់ៗដែល មានការចូលរួមចំណែកជាច្រើនដែលមិនអាចកាត់ថ្លៃបានមកកាន់ឌីជីថលកម្ពុជានិងការខិតខំបង្កើតនិងរក្សាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរីកលូតលាស់នៃវិស័យឌីជីថលក្នុងរយៈពេលយូរអង្វែងប្រកបដោយនិរន្តរភាព។
លោកបណ្ឌិតសេងសុភាពប្រធានវិទ្យាស្ថានNIPTICTបានមានប្រសាសន៍ថាវិទ្យាស្ថានជាតិឯកទេសទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានមានមោទនភាពណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលនិងវិស័យឯកជនក្នុងការបង្កើតវេទិកាដ៏ឆ្នើមអស្ចារ្យមួយនេះ។ក៏ដូចជាដើម្បីកសាងអនាគតវិស័យឌីជីថលរបស់ប្រទេសកម្ពុជានិងលើកកម្ពស់ប្រទេសកម្ពុជាឲ្យក្លាយជាអ្នកដឹកនាំនាំមុខវិស័យបច្ចេកវិទ្យាឌីជីថល។ ស្របតាមគោលដៅដែលបានចែងរបស់យើងក្នុងការកសាងអនាគតវិស័យឌីជីថលរបស់ប្រទេសកម្ពុជាប្រធានបទសម្រាប់ឆ្នាំ ២០២០ គឺមនុស្សដែលមានទេពកោសល្យឌីជីថល។ ព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០នឹងពង្រឹងវិស័យឌីជីថលនិងព័ត៌មានវិទ្យានិងទូរគមនាគមន៍ឲ្យក្លាយជាវិស័យដែលមានតួនាទីសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា” ។
លោក លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិស.អCBRDបានមានប្រសាសន៍ថាព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ បានចូលរួមចំណែកក្នុងការសម្រេចបាននូវផែនការកសាងសមិទ្ធផលឆ្នាំ ២០១៩-២០២០ ។ការស្រាវជ្រាវនិងការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ដែលបង្កើតឡើងដោយក្រុមប្រឹក្សាមូលនិធិស.អCBRDដើម្បីទី១ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់បច្ចេកវិទ្យាព័ត៌មាន។ទី២ការជំរុញឲ្យមានការស្រាវជ្រាវនិងការអភិវឌ្ឍន៍ក៏ដូចជាការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទី ៣ ការជំរុញឲ្យមានការអភិវឌ្ឍន៍អ្នកចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យថ្មី។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ MPTC បានមានប្រសាសន៍ថា “គោលនយោបាយកំពុងត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសទាក់ទងនឹងការរៀបចំប្រទេសសម្រាប់សេដ្ឋកិច្ចឌីជីថលស្របតាមទស្សនវិស័យដែលមានរយៈពេលវែងដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសឈានមុខគេខាងបច្ចេកវិទ្យាឌីជីថល” ។លោកបន្តថា“ ឌីជីថលកម្ពុជា ២០២០រំលេចនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនិងសង្កត់ធ្ងន់លើអាទិភាពដែលយើងដាក់លើការបង្កើនធនធានមនុស្សខាងវិស័យឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា” ។
លោកជឿជាក់ថាការគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញរបស់យុវជនដែលមានទេពកោសល្យនឹងរួមចំណែកដល់ការសម្រេចបាននូវយុទ្ធសាស្ត្រចតុកោណសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ជាពិសេសការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថលនិងបដិវត្តន៍ឧស្សាហកម្មទី ៤ ។
គួរបញ្ចាក់ផងដែរថាព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០នឹងមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងពត៌មានវិទ្យានិងមានវាគ្មិនប្រមាណ១២០នាក់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលផងដែរព្រឹត្តិការណ៍នេះមានការតាំងពិព័ណ៍ប្រមាណជា២០០ស្ដង់និងសង្ឃឹមថានឹងមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះជាង៣០.០០០នាក់មកពីស្ថាប័នជាតិនិងអន្តរជាតិ។ដែលរួមមានស្ថាប័នរដ្ឋាភិបាលស្ថាប័នការទូតប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ក្រុមហ៊ុនអភិវឌ្ឍន៍ឌីជីថលធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ្នកចាប់ផ្តើមអាជីវកម្មថ្មីអង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំនិងដៃគូអភិវឌ្ឍន៍៕S/