ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​កម្ពុជា ២ រូប គឺ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក និង អេ​លី​ត ភក្ដី ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ នឹង​ទទួល​ស្វាគមន៍ អ្នក​ប្រដាល់​ថៃ ចំណូល​ថ្មី ២ រូប លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​៧ មីនា ខាងមុខនេះ​។​

​អេ​លី​ត ភក្ដី ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ទេ តែមួយ​រយៈ​នេះ ដោយសារ​ការប្រកួតរ​បស់​គេ តែងតែ​ជួបនឹង​ជ័យជំនះ​នោះ បានធ្វើ​ឲ្យ​គេ ទទួលបាន​ឱកាស​ប្រកួត ជាមួយ​អ្នក​ប្រដាល់​បរទេស យ៉ាង​ឆាប់រហ័ស ។ ភក្ដី ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ី​ស យ៉ា​រ៉ា​ក់ (Sis Yarak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥៣,៥០ គីឡូក្រាម​។​

អេ​លី​ត ភក្ដី និង ស៊ី​ស យ៉ា​រ៉ា​ក់​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ទើបតែ​ឆ្លងដែន មក​ប្រកួត នៅ​ស្រុក​ខ្មែរ ជា​លើកដំបូង​នេះ​ទេ មិនដឹងថា គេ​ខ្លាំង ឬ ខ្សោយ​នោះឡើយ ។ ចំពោះ អេ​លី​ត ភក្ដី វិញ គេ​ស្គាល់​ច្រើន ដោយសារ​គេ​ប្រើ រយៈពេល​ខ្លី​សោះ បានធ្វើ​ឲ្យ​គេ​មានឈ្មោះ បោះ​សម្លេង​គ្រាន់បើ ។ បើតាម​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​បរទេស មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍​នោះ​ថា ស៊ី​ស យ៉ា​រ៉ា​ក់ គ្រាន់បើ​ដែរ ។ គេ​ធ្លាប់​ចូលរួម ក្នុង​ព្រឹត្តិការណ៍​ធំៗ នៅ​ប្រទេស របស់គេ​។​

​អ្នក​ប្រដាល់​ថៃ រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៣​ដង ឈ្នះ​៥៨​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា អេ លី​ត​ភក្ដី វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​ដង ឈ្នះ​៤៩​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ជំនួប​នេះ នរណា ជា​អ្នក​ស្ពាយ​ជ័យជំនះ ទៅផ្ទះ​វិញ ?​។​

​ចំពោះ សូត្រ ប៊ុន​ធី វិញ ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ចំណូល​ថ្មី​ដែរ​គឺ វី​ណៃ ឡេ​ក (Vinai Lek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០
​គីឡូក្រាម ។​

សូត្រ ប៊ុន​ធី និង វី​ណា ឡេ​ក​

​ប៊ុន​ធី ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែលមាន​ទេពកោសល្យ ក្នុង​ការប្រើ​ជង្គង់ និង កែង ដើម្បី​យកឈ្នះ​គូប្រកួត ។ អ្នក​ប្រដាល់​រូបនេះ វ៉ៃ​មិនសូវមាន ភាពវាងវៃ​នោះទេ តែ​ជង្គង់ និង កែង​របស់គេ ធ្លាប់ធ្វើ​ឲ្យ​អ្នក​ប្រដាល់ ឆ្លងដែន​មិនតិច​នាក់​ទេ ស្ពាយ​របួស​ត្រឡប់​ទៅ​ស្រុក​វិញ ។ ចំពោះ វី​ណៃ ឡេ​ក មិនដឹងថា សមត្ថភាព​គេ​ប៉ុណ្ណា និង​មាន​របៀប​វ៉ៃ យ៉ាងណា​ឡើយ ព្រោះនេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។​

​វី​ណៃ ឡេ​ក មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៧​ដង ឈ្នះ​៧៦​ដង ចាញ់​១១​ដង ។ ចំពោះ សូត្រ ប៊ុន​ធី វិញ ប្រវត្តិ​ប្រកួត​របស់គេ មាន​រហូតដល់​ទៅ ១១៨​ដង ឈ្នះ​៩១​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។ នរណា ដណ្ដើមបាន​ជ័យជំនះ ពី​ការប្រកួត​នេះ ?​។​

​អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើងចាស់ ផាវ ភឿ​ត ក្លិប​គុហារ​ព្រហ្ម​ជ័យ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើងចាស់ ដូចគ្នា​គឺ ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧០ គីឡូក្រាម ។ អ្នក​ប្រដាល់ វ័យ​ចំណាស់ ទាំង ២ រូបនេះ គេ​ប្រើ​ស្នៀត​វ៉ៃ ជាជាង​ប្រើ​កម្លាំង ។ ចាំមើល​នរណា​ឈ្នះ ?​។​

​លីន ពន្លឺ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សុខ ចំ​រុន ក្លិប​យុវ​វាល​ស្បូវ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម និង​អ្នក​ប្រដាល់ ឆូ​ន បួន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុទ្ធ ភា​រិន្ទ ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v