ឧទ្ធម្ភាគចក្រមួយដែលដឹកមេប៉ូលិសជាតិហ្វីលីពីន ឧត្តមសេនីយ៍២នាក់និងមនុស្ស៥នាក់ទៀត បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៥មីនា ដោយបណ្តាលឲ្យរបួសមនុស្សក្នុងឧទ្ធម្ភាគចក្រទាំងអស់។

ឧត្តមសេនីយ៍ អាឈី ហ្វ្រង់ស៊ីស្កូ ហ្កាំបូ សហការីរបស់លោកនិងសមាជិកហោះហើរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីឧទ្ធម្ភាគចក្រធ្លាក់នៅជិតទីក្រុងសាន់ប៉េដ្រូ ក្នុងខេត្ត ឡាហ្គូណា ខាងត្បូងរដ្ឋធានីម៉ានីល ។
អ្នកនាំពាក្យប៉ូលិសតំបន់បានឲ្យដឹងថា ឧទ្ធម្ភាគចក្របានចេញដំណើរពីបរិវេណបន្ទាយប៉ូលិសមួយដែលមានធូលីដីហុយខ្លាំង ហើយវាបានបុកខ្សែភ្លើងនិងធ្លាក់មកលើដីក្បែរផ្ទះជាច្រើន។
លោកហ្កាំបូ ចូលជំនួសតំណែងមេប៉ូលិសជាបណ្តោះអាសន្នកាលពីខែតុលា ក្រោយមេចាស់របស់គាត់ចូលនិវត្តន៍បន្ទាប់ពីត្រូវគេភ្ជាប់ទៅនឹងរឿងអាស្រូវថ្នាំញៀនខុសច្បាប់ ហើយប្រធានាធិបតីឌុតទែត ទើបតែងតាំងលោកជាមេប៉ូលិសជាតិផ្លូវការកាលពីខែមុន៕ប្រែសម្រួល៖វាសនា/Ha
កន្លែងដែលមេប៉ូលិសជាតិលោក ហ្កាំបូ ធ្លាក់ឧទ្ធម្ភាគចក្រ នៅជិតក្រុងសាន់ ប៉េដ្រូ ត្រូវបិទ កាលពីថ្ងៃ៥មីនា