ខ្សែប្រយុទ្ធ អាឡិកស៊ីស សានឆេស (Alexis Sanchez) នឹងបង្ខំចិត្តទទួលយកការកាត់ប្រាក់ ឈ្នួលច្រើន ប្រសិនបើចង់សម្រេចកិច្ចព្រមព្រៀងផ្ទេរអចិន្ត្រៃយ៍ជាមួយក្លិបអ៊ីនធ័រ មីលេន( Inter Milan) នៅរដូវក្តៅនេះ។
កិច្ចសន្យារបស់កីឡាករសញ្ជាតិឈីលីរូបនេះជាមួយក្លិបម៉េនឆេស្ទ័រយូណាយធីតគឺទទួលបានប្រាក់ឈ្នួល ៤០០.០០០ផោនក្នុងមួយសប្តាហ៍ ស្របពេលនឹងបន្ថែមប្រាក់លើកទឹកចិត្ត ១៦០.០០០ផោនអាស្រ័យលើភាពជោគជ័យ។
ក្លិប Inter Milan យល់ព្រមរ៉ាប់រងត្រឹម៤,៥លានផោនប៉ុណ្ណោះក្នុងចំណោមប្រាក់ឈ្នួលប្រចាំឆ្នាំ ២១លានផោន នៅពេលផ្ទេរក្នុងកិច្ចសន្យាខ្ចីជើងកាលពីរដូវក្តៅមុន ហើយក្លឹបយក្សនៅ ក្របខ័ណ្ឌ Serie A នេះនឹងមិនអាចឆ្លើយតបទៅនឹងកិច្ចសន្យារបស់កីឡាកររូបនេះនៅ ក្លិបយូណាយធីតនោះទេ ប្រសិនបើពួកគេចង់ទុកកីឡាកររូបនេះលើសពីរដូវកាលនេះ។
តាមកាសែតអ៊ីតាលីបានឲ្យដឹងថា សានឆេស ត្រូវតែយល់ព្រមបន្ថយប្រាក់ឈ្នួល ដើម្បី សម្រេចកិច្ចព្រមព្រៀងផ្ទេរអចិន្ត្រៃយ៍មកកាន់ពហុកីឡដ្ឋាន San Siro ។
វានឹងធ្វើឲ្យអតីតខ្សែប្រយុទ្ធក្លិបអាសេណល( Arsenal) រូបនេះទទួលបានប្រាក់ឈ្នួលប្រហែល ២០០.០០០ផោនក្នុងមួយសប្តាហ៍ ខណ:ដែលកីឡាកររូបនេះទើបនឹងរកបានមួយគ្រាប់ គត់ចាប់តាំងពីផ្ទេរមកកាន់ក្លិប Milan កាលពីរដូវក្តៅមុន៕ ប្រែសម្រួល: ពិសិដ្ឋ