មេដឹកនាំរុស្ស៊ីនិងតួកគីជួបប្រជុំគ្នានៅទីក្រុងមូស្គូនៅថ្ងៃព្រហស្បតិ៍ទី៥មីនានេះក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ដែលបានគំរាមធ្វើឱ្យប្រទេសទាំងពីរផ្ទុះជម្លោះដោយផ្ទាល់នៅក្នុងប្រទេសស៊ីរី។
ប្រធានាធិបតីតួកគីលោករីស៊ីប ថាយយីប អឺដូហ្គាន បាននិយាយថា លោកនឹងសុំឱ្យប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនយល់ព្រមលើបទឈប់បាញ់មួយឱ្យបានឆាប់បំផុតនៅខេត្តអ៊ីដលីបភាគពាយព្យនៃប្រទេសស៊ីរី កន្លែងដែលរដ្ឋាភិបាលក្រុងអង់ការ៉ាកំពុងប្រយុទ្ធជាមួយកងកម្លាំងរបបអាសាដគាំទ្រដោយរដ្ឋាភិបាលក្រុងមូស្គូ។
ការប្រយុទ្ធគ្នាខ្លាំងក្លាបានសម្លាប់ទាហានតួកគីរាប់សិបនាក់នៅខេត្តអ៊ីដលីបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈរបបក្រុងអង់ការ៉ាបានធ្វើការវាយលុកដោយផ្ទាល់លើកដំបូងប្រឆាំងនឹងរបបរបស់ប្រធានាធិបតីបាសា អាល់អាសាដ។
លោកអឺដូហ្គានបានពង្រឹងចំណាត់ការរបស់ខ្លួនកាលពីសប្តាហ៍មុនដោយទាមទារឱ្យអឺរ៉ុបគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនៅក្នុងប្រទេសស៊ីរីនិងបង្ហើបអំពីវិបត្តិជនចំណាកស្រុកជាថ្មី ដោយការបើកទ្វារព្រំដែនតួកគីជាមួយក្រិកដល់ជនភៀសខ្លួននិងជនចំណាកស្រុក។
នៅមុនកិច្ចពិភាក្សាជាមួយពូទីន លោកអឺដូហ្គានបាននិយាយកាលពីថ្ងៃពុធថា “(ខ្ញុំសង្ឃឹមថា) នឹងមានបទឈប់បាញ់ បង្កើតឡើងយ៉ាងរហ័ស” នៅក្នុងខេត្តអ៊ីដលីប។
របបក្រុងអង់ការ៉ាចង់ឱ្យកងកម្លាំងរបស់លោកអាសាដបញ្ឈប់ការវាយលុកទៅលើខេត្តអ៊ីដលីប ដែលជាទីតាំងរឹងមាំចុងក្រោយរបស់ក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី និង ដកថយនៅពីក្រោយខ្សែបន្ទាត់ ដែលបានព្រមព្រៀងក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដោយមានប្រទេសរុស្ស៊ីជាអ្នកសម្របសម្រួលនៅទីក្រុងសូជី។
តួកគីបានគាំទ្រក្រុមឧទ្ទាមជាក់លាក់មួយចំនួនជាយូរមកហើយប្រឆាំងនឹងលោកអាសាដ ប៉ុន្តែអាទិភាពរបស់ខ្លួនឥឡូវនេះគឺបញ្ឈប់ការហូរចូលជនភៀសខ្លួនផ្សេងទៀត ខណៈជនស៊ីវិលជិតមួយលាននាក់នៅខេត្តអ៊ីដលីបត្រូវបានផ្លាស់ទីលំនៅដោយការវាយលុកចុងក្រោយរបស់របបអាសាដ៕ ដោយ៖ កញ្ញាដាលីស