ដោយ: មុនីរ័ត្ន / ភ្នំពេញ: អនុវត្តតាមបទបញ្ជា និងផែនការប្រយទ្ធប្រឆាំងគ្រឿងញៀនរបសលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
នគរបាលការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចេញប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យគ្រឿងញៀននៅខណ្ឌទួលគោក និងខណ្ឌដូនពេញ ចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៥១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន១០កញ្ចប់។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និង០០នាទី ដោយបានការអនុញ្ញាតនិងសម្របសម្រួលនីតិវិធីពីលោក រៀល សុភិន រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងនៅចំណុច នៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងររងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើ កម្លាំងនគរបាលធ្វើឡើងក្រោយពីទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ នូវសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្តែង។ កម្លាំងសមត្ថកិច្ចក៏ចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន៩នាក់ (ស្រី ៣នាក់)។ ដកហូតវត្ថុតាង: ៨កញ្ចប់តូច នៅខណ្ឌដូនពេញ។ បន្ទាប់ពីបង្ក្រាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៩នាក់នោះហើយ កម្លាំងបន្តធ្វើរដ្ឋបាលចុះត្រួតពិនិត្យនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលចូលមកទិញថ្នាំញៀន ពីជនសង្ស័យជួញដូរគ្រឿងញៀនខាងលើបានចំនួន ៤២នាក់ទៀត ស្រី ២នាក់ បន្ថែមទៀត។ វត្ថុតាងដកហូតក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២ញ្ចប់តូច ម៉ូតូ ១៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។ ប្រតិបត្តការបង្ក្រាប ឃាត់ខ្លូនជនសង្ស័យសរុបចំនួន ៥១នាក់ ស្រី៥នាក់ ដកហូតវត្ថុតាង: ថ្នាំញៀនសរុប ១០កញ្ចប់តូច ម៉ូតូ១៧គ្រឿង ឧបករណ៍ជក់ចំនួន ៥ និងដែកកេសចំនួន៤។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន និងសាកសួរ ដើម្បីបន្ដអនុវត្តតាមនីតិវិធី៕ ល/Ha