ធនាគារនានាកំពុងលាងសម្អាតមេរោគចេញពីក្រដាសប្រាក់ដើម្បីបញ្ឈប់ការរាលដាលនៃវីរុសកូរ៉ូណា ដូច្នេះស្ត្រីម្នាក់ក្នុងប្រទេសចិនក៏សាកល្បងសម្អាតមេរោគលើក្រដាសប្រាក់ផងដែរ។
ទោះយ៉ាងណា វិធីសាស្ត្ររបស់ស្ត្រីនោះរាងចម្លែកពីគេបន្តិច។
ដោយបារម្ភខ្លាចលុយគាត់ផ្ទុកមេរោគកូរ៉ូណា ម្តាយមីងមកពីខេត្តជាំងស៊ូរូបនោះថ្មីៗនេះបានយកលុយ ៣.១២៥ យ័ន (៤៥០ ដុល្លារ) ទៅអាំងក្នុងម៉ាស៊ីនម៉ៃក្រូវេវ ដោយគិតថាការដុតកម្តៅបែបនេះនឹងសម្លាប់មេរោគបានលឿន។
មិនទាន់បានមួយនាទីផងក្រោយយកលុយទៅអាំង ក្លិនឈ្ងៀមបានចេញពីម៉ាស៊ីនអាំង។ ទោះបីគាត់ខំយកលុយនោះចេញពីម៉ាស៊ីនលឿនប៉ុនណា ក៏មិនអាចសង្គ្រោះលុយនោះពីការខ្លោចស្រួយដូចនំក្រៀបនោះដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនានាបានឱ្យដឹងថា ស្ត្រីនោះបានប្រញាប់ទៅធនាគារ China CITIC Bank ឱ្យជួយ។
លុយ ដែលភាគច្រើនជាក្រដាស ១០០ យ័ន បានខ្លោចខូចរហូតដល់ថ្នាក់អ្នកធ្វើការនៅធនាគារមើលលែងស្គាល់។
បុគ្គលិកធនាគារបង្ខំចិត្តអង្គុយរាប់ម្តងមួយៗ និង ពិនិត្យមើលក្រែងលោមានលុយក្លែងក្លាយ។ ក្រោយពិនិត្យរួច ធនាគារបានប្តូរលុយថ្មីជូនស្ត្រីនោះវិញគ្រប់ចំនួន៕ ដោយ៖ កញ្ញាដាលីស