កូរ៉ូណា​វីរុស អាច​រស់នៅ​លើ​វត្ថុ​គ្មាន​ជីវិត​និង​ឆ្លងទៅ​មនុស្ស ដូច​ការចម្លង​ពី​អ្នក​ជម្ងឺ​ដែរ​

​ការសិក្សា​ថ្មី​មួយ​នៅ​សិង្ហ​បុរី ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​០៤​មីនា បង្ហាញថា អ្នក​ជម្ងឺ​កូរ៉ូណា​វីរុស​Covid-19 បានធ្វើអោយ​បន្ទប់ដេក​និង​បន្ទប់ទឹក​​របស់​គេ​ប្រឡាក់ប្រឡូស​ទៅ​ដោយ​វីរុស ដែល​វា​បង្ហាញ​ថា ចាំបាច់​ត្រូវ​មាន​សម្អាត​ធ្វើ​អនាម័យ​កន្លែង​អ្នក​ជម្ងឺ​ប៉ះពាល់​ញឹកញាប់​បំផុត​ដូចជា​បន្ទប់ទឹក​និង​ចាន​​បង្គន់​ជាដើម​។​

​តែ​ទោះជា​យ៉ាងណា​វីរុស​នេះ​អាច​សម្លាប់​ចោល​ដោយ​ការលាង​សម្អាត​ផ្ទៃ​ដែល​អ្នក​ជម្ងឺ​ប៉ះពាល់​២​ដង​ក្នុង​មួយ​ថ្ងៃ​និង​លាង​ឥដ្ឋ​ម្តង​ក្នុង​មួយថ្ងៃ ដោយ​ប្រើ​ថ្នាំ​សម្លាប់​​មេរោគ​។​

​ឯកសារ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​នៃ​សមាគម​វេជ្ជ​សា​សស្ត្រ​អាម៉េរិក​(JAMA) ។​វា​ត្រូវ​បាន​បង្ហាញឡើង​ក្រោយ​ពី​បុគ្គលិក​ពេទ្យ​ចិន​ជា​​ច្រើន​និង​អ្នក​ជម្ងឺ​ផ្សេងទៀត​បាន​ឆ្លង​វីរុស​នេះ​នៅក្នុង​មន្ទីរពេទ្យ ទោះ​ជា​ពួកគេ​បាន​ប្រើ​ឧបករណ៍​ការពារ​វីរុស​ក្នុងពេល​ព្យាបាល​អ្នក​ជម្ងឺ​ក្តី​។​

​ការរកឃើញ​នេះ​នាំ​អោយ​ពួក​អ្នកវិទ្យាសាស្ត្រ​ជឿថា ក្រៅពី​ឆ្លង​តាមរយៈ​ក្អក កណ្តាស់​និង​ប៉ះពាល់​អ្នក​ជម្ងឺ បរិយាកាស​ជុំវិញ​ដែល​ជាប់​វីរុស​នេះ​ក៏​ជា​កក្តា​សំខាន់​​មួយ​ក្នុង​ការចម្លង​កូរ៉ូណា​វីរុ​ស តែ​វិសាលភាព​របស់​វា​នៅ​មិនទាន់​ច្បាស់​។​

​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​នៅ មជ្ឈមណ្ឌល​ជាតិ​សំរាប់​ជម្ងឺឆ្លង​និង​មន្ទីរពិសោធន៍​ជាតិ​សិង្ហ​បុរី បាន​ពិនិត្យ​លើ​អ្នក​ជម្ងឺ​៣​នាក់ ដែល​ត្រូវ​បាន​បង្ខាំង​ទុក​ក្នុង​បន្ទប់​ផ្សេង​​គ្នា​រវាង​ចុង​ខែ​មករា និង​ដើម​ខែ​កុម្ភៈ​។​ពួក​គេ​ប្រមូល​សំណាក​មក​ពី​បន្ទប់​ទាំងនោះ ទាំង​មុន​និង​នៅ​ក្រោយ​ការសម្អាត​សម្លាប់​មេរោគ​។​ពួកគេ​បាន​រកឃើញថា​​នៅក្នុង​បន្ទប់​ដែល​មិន​មាន​ការសម្អាត​សម្លាប់​មេរោគ វីរុស​មាន​នៅ​លើ​កៅអី កម្រាល​ពូក កញ្ចក់​បង្អួច កម្រាល​ឥដ្ឋ​និង​កុងតាក់​បិទ​បើកភ្លើង​។​

​នៅក្នុង​បន្ទប់ទឹក គេ​រកឃើញ​វីរុស​នៅលើ​ចាន​លុប​លាងមុខ ត្រចៀក​ទ្វារ និង​ចាន​បង្គន់​។​

​ចំណែក​បន្ទប់​ដែល​ត្រូវបាន​ធ្វើ​អនាម័យ​សម្លាប់​មេរោគ​រួច សំណាក​ចេញពី​បន្ទប់​នោះ​មិន​ត្រូវបាន​រកឃើញ​កូរ៉ូណា​វីរុ​សទេ​។​

​កាលពី​ពេល​ថ្មីៗ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​អាម៉េរិក ក៏​បាន​និយាយ​ថា​កូរ៉ូណា​វីរុស​អាច​ចម្លង​ពី​ផ្ទៃ​នៃ​វត្ថុ​ដែល​មាន​វីរុស នៅពេល​មនុស្ស​ម្នាក់​ប៉ះពាល់​​ផ្ទៃ​នៃ​វត្ថុ​នោះ រួច​យក​ដៃ​ទៅ​ប៉ះ​មាត់ ច្រមុះ​ឬ​ភ្នែក​ខ្លួនឯង​។​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ និង​កាសែត​ស្ត្រេត​ថែមស៍ ការវិភាគ​លើ​ការ​សិក្សា​ចំនួន​២២​មុនៗ​អំពី​កូរ៉ូណា​វីរុស​ស្រដៀង​គ្នា រួម​មាន​វីរុស​Sars​និង​Mers​បាន​សន្និដ្ឋានថា កូរ៉ូណា​វីរុស​ក្នុងខ្លួន​មនុស្ស​នៅ​តែ​អាច​ចម្លង​នៅលើ​ផ្ទៃ​វត្ថុ​គ្មាន​ជីវិត​បាន​ទៅដល់​៩​ថ្ងៃ​ឯណោះ នៅក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់​។​

​តែ វា​អាច​ធ្វើអោយ​ងាប់​ឬ​សន្លប់​លែង​អាច​ចម្លង​ដោយ​ការប្រើ​ថ្នាំ​សម្លាប់​មេរោគ​ធម្មតា និង​ក៏​អាច​ងាប់​នៅក្នុង​សីតុណ្ហភាព​ខ្ពស់ ទោះជា​យ៉ាងណា​គេ​នៅ​មិន​​ទាន់​ប្រា​ដក​ថា កូរ៉ូណា​វីរុស​ថ្មី​ឈ្មោះ​Covid-19​បច្ចុប្បន្ន​នេះ​ដូច​គ្នា​នឹង​កូរ៉ូណា​វីរុស​Sars​និង​Mers​ដែរ​ឬ​អត់​។​

​សូមបញ្ជាក់​ថា វីរុស ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា Covid-19 ដែល​បាន​បង្ហាញ​វត្តមាន​មុនគេ​នៅ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩ បាន​ចម្លង​ទៅ​មនុស្ស​​ជាង​៩៥.០០០​នាក់​នៅក្នុង​តំបន់​និង​ប្រទេស​ចំនួន​៨១ និង​សម្លាប់​មនុស្ស​ជាង​៣.២០០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...