ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៧០គ្រួសាររស់នៅជុំវិញផ្ទះ លោក ព្រាប សុវត្ថិ ដែលជាតារាចម្រៀងប្រវាំផលិតកម្ម ហង្សមាស បាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរសង្កាត់គោកឃ្លាងនិងអាជ្ញាធរខណ្ឌសែនសុខជួយរកដំណោះស្រាយជូនពួកគាត់ ដោយសារតែលោក ព្រាប សុវត្តិ តែងតែបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ស្ទើររាល់ថ្ងៃ។
ការតវ៉ារបស់ប្រជាពលរដ្ឋជាង៧០គ្រួសារ នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០ នៅចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តំណាងប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារបានឲ្យដឹងថា អ្វីដែលពួកគាត់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយនោះគឺដោយសារតែពួកគាត់ក្តៅក្រហាយនឹងបុគ្គលម្នាក់ឈ្មោះ ព្រាប សុវត្ថិ តែងតែបង្កការរំខានដល់ពួកគាត់ស្ទើររៀងរាល់ថ្ងៃ។ ដូច្នេះហើយ ពួកគាត់ស្នើសុំអាជ្ញាធរមូលដ្ឋានជួយដោះស្រាយជាមួយលោក ព្រាប សុវត្ថិ មាន៤ ចំណុច គឺ
១ – ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវ សាធារណៈ
២ – ឈប់ ធ្វើរោងឈើបិតផ្លូវ
៣ – ឈប់ ចតរថយន្ត បិតផ្លូវ គ្មានសណ្តាប់ធ្នាប់ និង៤ – ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំង។
ចំណែកលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ មិនធ្វើអត្ថាធិប្បាយទេ នៅពេលដែលរស្មីកម្ពុជា សាកសូរអំពីករណីខាងលើនេះ។ រីឯលោកឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ខាងខណ្ឌបានទាក់ទងទៅលោកព្រាប សុវត្ថិ រួចហើយ ដើម្បីហៅគាត់មកណែនាំ តែគាត់នៅតាមខេត្តមិនទាន់បានចូលមកសាលាខណ្ឌទេ។ តែខាងសាលាខណ្ឌនឹងចែញលិខិតអញ្ជើញលោកព្រាប សុវត្ថិ ឲ្យមកបំភ្លឺ៕/B