ដោយ:គូលែន/សៀមរាប ៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បាននិយាយថា នឹងអនុវត្តអភិក្រមទី៥”វះកាត់” លើមន្ត្រីរាជការណាដែលមានភាពអសកម្ម និងមិនអនុញ្ញាតឱ្យមានការសាងសង់មុនលិខិតអនុញ្ញាត។

លោក ទៀ សីហា បានបញ្ជាក់យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីបូកសរុបការងារសន្និបាតឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅ សាលសន្និសិទសុខាសៀមរាប។

លោក ទៀ សីហា បានផ្តល់ការណែនាំ និងឱ្យដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់សហការគ្នាអនុវត្តការងារ ដោយសង្កត់ធ្ងន់លើ ការសាងសង់សំណង់មិនត្រូវអនុញ្ញាតឱ្យសាងសង់សំណង់មុនលិខិតអនុញ្ញាត ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ សិក្សាស្ថានភាព និងលើកជាយោបល់រៀបចំទិសចរាចរក្នុងខេត្ត តម្លើងស្លាកសញ្ញាចរាចរ ភ្លើងសញ្ញាចរាចរ គំនូសសញ្ញាចរាចរ និងគំនូសកាត់ទ្រូងផ្លូវ ឬចិញ្ចើមផ្លូវដោយលុបបំបាត់ការហុយដីក្នុងក្រុង។ ម្យ៉ាងទៀត ត្រូវសហការគ្នាក្នុងការចូលរួម​សាង​សង់បង្គន់អនាម័យនៅតាមសាលា និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សត្រូវសម្អាតអនាម័យឱ្យបានល្អប្រសើរផងដែរ។ ក្នុងនោះដែរត្រូវបន្តការបង្ក្រាប ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

លោក អភិបាលខេត្ត. ក៏បានបញ្ជាក់បន្ថែមដោយសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំអនុវត្តនូវអភិក្រមទី៥”វះកាត់” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅលើមន្ត្រីណាដែលមានភាពអសកម្មភាព ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ អភិបាលកិច្ចល្អជូនប្រជាពលរដ្ឋឲ្យកាន់តែឆាប់រហ័ស ងាយស្រួល មានតម្លាភាព គណនេយ្យភាព និងលែងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

លោកបានបន្តថា ជាពិសេសមេឃុំ សង្កាត់ត្រូវបញ្ឈប់ការបញ្ជាក់លើ ឯកសារកាន់កាប់ដីធ្លីខុសគោលការណ៍ និងនីតីវិធី៕/B