ដោយ:គង់ហេង/កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម នឹងចាត់វិធានតាមផ្លូវតុលាការលើម្ចាស់យានដ្ឋានទាំងឡាយណានៅតែបន្តលួចលាក់កែច្នៃរថយន្តដោយខុសច្បាប់ បើទោះជាខាងមន្រ្តីជំនាញធ្លាប់បានចាត់វិធានការរដ្ឋបាល អប់រំធ្វើកិច្ចសន្យារួចហើយនោះ។ ដោយសារនៅមានយានដ្ឋានចំនួន ប្រាំបួន កន្លែងទៀតក្នុងចំណោមយានដ្ឋានសរុបក្នុងខេត្តមួយនេះចំនួន ៥១៥ កន្លែង គឺនៅបន្តលួចកែច្នៃរថយន្តខុសច្បាប់។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ នៅក្នុងសាលាខេត្តកំពង់ចាម នាថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តបានមានប្រសាសន៍ថា កន្លងមកយើងអនុវត្តចំពោះអ្នកបើកបររថយន្តលើសល្បឿនកំណត់ ត្រូវផាកពិន័យ។ ប៉ុន្តែឥឡូវពិន័យជាថវិកាហើយ គឺយកប័ណ្ណបើកបរចោះម្តង ដល់ បីដងនៅមិនរាងចាល អាចទុកពេលឳ្យប៉ុន្មានឆ្នាំទើប អ្នកបើកបររូបនោះមានសិទ្ធិបើកបរឡើងវិញ ឬក៏អស់មួយជីវិតតែម្តង។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍លើកឡើងទៀតថា ដោយឡែកសម្រាប់រថយន្តធុនធំប្រកបអាជីវកម្មដឹកដី គឺសូមឳ្យខាងអង្គភាពច្រកចេញចូលតែមួយ គឺមុនចេញអាជ្ញាប័ណ្ណឳ្យប្រកបអាជីកម្មចាក់ ដឹកដី ចាំបាច់ត្រូវចុះពិនិត្យទីតាំងការដ្ឋានជាមុនសិន។ ដើម្បីត្រួតពិនិត្យលក្ខណ:បច្ចេកទេសរបស់រថយន្ត ពិសេសស្លាកលេខរបស់រថយន្ត។ ករណីរថយន្តនោះមិនមានលក្ខណ:បច្ចេកទេសគ្រប់គ្រាន់ទេនោះ គឺមិនអនុញ្ញាតចេញអាជ្ញាប័ណ្ណឳ្យធ្វើអាជីវកម្មឳ្យដាច់ខាត។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្ថែមថា ដោយសារថាកន្លងមកមានក្រុមរថយន្តប្រភេទនេះបានបង្កគ្រោះថ្នាក់ ហើយអ្នកបើកបរគេចខ្លួន ហើយគ្មានស្លាកលេខ ឬគ្មានអត្តសញ្ញាណសម្គាល់ជារបស់ក្រុមហ៊ុនទៀតនោះ គឺយើងពិបាកក្នុងការស្វែងរកអ្នកទទួលខុសត្រូវលើគ្រោះថ្នាក់នោះ។

លោកបានមានប្រសាសន៍សង្កត់ធ្ងន់ថា បញ្ហាយានដ្ឋានកែច្នៃរថយន្តខុសច្បាប់វិញម្តង គឺយើងបានទទួលព័ត៌មាន គឺនៅមានម្ចាស់យានដ្ឋានលួចលាក់កែច្នៃ ដំឡើងរថយន្តដោយខុសច្បាប់ចំនួន ប្រាំបួន កន្លែងទៀត ក្នុងចំណោមយានដ្ឋានកែច្នៃរថយន្តក្នុងខេត្តកំពង់ចាមសរុបចំនួន ៥១៥ កន្លែង។

លោកបានលើកឡើងបន្តថា យើងប្រកាសអនុវត្តវិធានការផ្លូវច្បាប់ចាប់ពីឥឡូវនេះទៅ គឺប្រសិនបើនៅមានយានដ្ឋានដែលបន្តកែច្នៃធ្វើអាជីវរថយន្តលួចលាក់បន្តទៀត គឺត្រូវអនុវត្តន៍នីតិវិធីតាមផ្លូវតុលាការ។ ដោយមន្រ្តីនគរបាលយុត្តិធម៌ចុះស្រាវជ្រាវចងក្រងសំណុំរឿងបញ្ជួនទៅកាន់តុលាការតែម្តង ចំពោះយានដ្ឋានណាដែលធ្លាប់ទទួលវិធានការរដ្ឋបាលអប់រំ និងធ្វើកិច្ចសន្យារួចហើយនោះ៕/B