ដោយ:បូកគោ/កំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ពីភាពចាំបាច់ក្នុងការលើកកម្ពស់សមភាពយេនឌ័រសម្រាប់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”។
បន្ទាប់ពីលើកយកព្រះរាជសារលិខិតអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ របស់ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរមកអានជូនអ្នកចូលរួមស្តាប់ក្នុងពិធីនេះ លោកជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថាការលើកកម្ពស់សមភាពយេនឌ័រនៅគ្រប់ទីកន្លែងជាករណីចាំបាច់ក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យនានា។ ស្របពេលកំពុងមានសន្តិភាពពេញលេញបរិបូរណ៌ កម្ពុជាត្រូវការកែប្រែប្រទេសជាតិឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត។
លោកអភិបាលខេត្តបានបញ្ជាក់ថាភាពរីកចម្រើនទាំងឡាយដែលបាន និងកំពុងកើតឡើងនៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តកំពតទាំងមូលពិតជាមិនអាចកាត់ផ្តាច់បាននូវការចូលរួមរបស់ស្ត្រីពីគ្រប់មជ្ឈដ្ឋាននោះឡើយ។ ដូច្នេះ ដើម្បីឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាលជុំវិញកិច្ចអភិវឌ្ឍន៍ទាំងនេះ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមក្រើនរំលឹកចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ក៏ដូចជាបញ្ជាការដ្ឋាន ស្នងការដ្ឋានត្រូវបន្តអនុវត្តគោលការណ៍លើកកម្ពស់សមភាពយេនឌ័រឱ្យមានប្រសិទ្ធភាពបំផុត៕/B