ការដាក់បញ្ចាំងខ្សែភាពយន្តជេមស៍ប៊នថ្មី រឿង “No Time To Die” នឹងត្រូវពន្យារពេល៧ខែ ចំពេលមានការរំខានពីវីរុសកូរ៉ូណា ដែលនាំឱ្យបិទទ្វាររោងកុនជាច្រើននៅចិន និង បង្កការឈឺក្បាលខ្លាំងឡើងសម្រាប់ការផលិតភាពយន្តហូលីវូដ។
ក្រុមផលិតករនិយាយថា ការដាក់បញ្ចាំងខ្សែភាពយន្ត ០០៧ ចុងក្រោយដែលដើរតួដោយលោកដានីញែល ក្រេក ដែលនឹងចែកចោយដោយផលិតកម្ម Universal Pictures នឹងពន្យារពេលចាប់ពីដើមខែមេសារហូតដល់ខែវិច្ឆិកា។
សេចក្តីប្រកាសមួយនៅលើគណនី Twitter ជេមស៍ប៊នផ្លូវការបានឱ្យដឹងថា “ក្រោយការពិចារណាដោយប្រុងប្រយ័ត្ន និង ការវាយតម្លៃល្អិតល្អន់នៃទីផ្សាររោងកុនសកលលោក ការដាក់បញ្ចាំងខ្សែភាពយន្ត No Time To Die នឹងត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកាឆ្នាំ២០២០”។
សេចក្តីប្រកាសនោះមិនបានសំដៅជាក់លាក់ទៅលើវីរុសកូរ៉ូណានោះទេ ប៉ុន្តែសេចក្តីប្រកាសនោះធ្វើឡើងក្រោយការលុបចោលកាលពីសប្តាហ៍មុននូវផែនការផ្សព្វផ្សាយភាពយន្តហូលីវូដនៅប្រទេសចិន ដែលជាទីផ្សារក្រៅស្រុកធំបំផុតនៃវិស័យភាពយន្តហូលីវូដ៕ ដោយ៖ កញ្ញាដាលីស