មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកលោក ម៉ៃឃើល ប៊្លូមបឺក បានបោះបង់ចោលការប្រណាំងប្រជែងតំណែងប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ និងបានគាំទ្រលោក ចូ បាយដិន ដែលជាបេក្ខជនឈានមុនកាលពីថ្ងៃពុធទី៤មីនា បន្ទាប់ពីជះលុយចោលជាងកន្លះពាន់លានដុល្លារលើការភ្នាល់ ដែលបរាជ័យក្នុងការបំផុសទឹកចិត្តអ្នកបោះឆ្នោត។

មហាសេដ្ឋីរូបនេះបានភ្នាល់អំពីការឈ្នះបេក្ខភាពប្រជែងតំណែងនៅសេតវិមានកាលពីថ្ងៃអង្គារ ប៉ុន្តែចាញ់ងើបមុខមិនរួចទាំង១៤រដ្ឋនៅក្នុងការប្រជែងបេក្ខភាពឈរឈ្មោះដណ្តើមតំណែងប្រធានាធិបតីនៅថ្ងៃដ៏សំខាន់នោះ។

កង្វះនៃមន្តស្នេហ៍ទាក់ទាញ ការជជែកដេញដោលនៅមានភាពរដិបរដុប ភាពចម្រូងចម្រាសអំពីគោលនយោបាយ “ហាមឃាត់អាវុធ” នៅពេលគាត់នៅជាអភិបាលក្រុងញូវយ៉កនិងការចោទប្រកាន់ថាគាត់បានព្យាយាមទិញសន្លឹកឆ្នោត ត្រូវគេមើលឃើញថាជាចំណុចខ្សោយដែលទាញគាត់ឱ្យចាញ់មុននឹងឡើងសង្វៀនប្រកួត។

សមត្ថភាពដ៏អន់របស់គាត់បានធ្វើឱ្យគាត់ប្រឈមមុខនឹងសម្ពាធខ្លាំងឡើងនិងជាហេតុបើកផ្លូវឱ្យគូប្រជែង ចូល បាយដិន ក្លាយជាបេក្ខជនលេចធ្លោជាថ្មី បន្ទាប់ពីទទួលបានជ័យជម្នះកាលពីថ្ងៃអង្គារ។

កាលពីព្រឹកថ្ងៃពុធលោកប៊្លូមបឺកបានសុំចុះចាញ់និងចាកចេញពីសង្វៀនប្រកួត។ ក្រោយមកគាត់បានថ្លែងអំណរគុណដល់អ្នកគាំទ្រនិងប្រាប់បុគ្គលិកយុទ្ធនាការ ២.០០០ នាក់ឱ្យទប់ទឹកភ្នែកកុំឱ្យហូរ។

លោកបាននិយាយថា “ខ្ញុំបានចូលរួមប្រណាំងប្រជែងតំណែងប្រធានាធិបតីដើម្បីផ្តួលដូណាល់ ត្រាំហើយថ្ងៃនេះខ្ញុំចាកចេញពីការប្រកួត ដោយហេតុផលដូចគ្នា ពីព្រោះការបន្តទៅមុខនៅទៀតនឹងធ្វើឱ្យកាន់តែលំបាកក្នុងការសម្រេចគោលដៅផ្តួលត្រាំ”៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃឃើល ប៊្លូមបឺក (ស្តាំ) បោះកន្សែងសសុំចុះចាញ់លោកចូ បាយដិន ក្នុងការប្រណាំងប្រជែងបេក្ខភាពប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យ