
ដោយៈមុនីរ័ត្ន/ភ្នំពេញៈនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃទី៥ខែមីនានេះថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគខូវីដ១៩( Covid-19) ក្រុមមន្ត្រីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាម៉េរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។
ប្រភពដដែលបន្តថាយើងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់បួននាក់ និងប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតម្រូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ ។រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ ។
សូមបញ្ជាក់ថា ជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ច គាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពីប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រឡប់ចូល្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ ។
រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី ៥ មីនា ២០២០ មិនទាន់កឃើញករណីថ្មីនៅឡើយទេ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕សរន/Ha
