អត្តបទៈសុផានីតា/កោះកុង៖មន្ត្រីម្នាក់នៅមន្ទីររៀបចំដែនដីនគរូបណីយកម្ម និងសំណង់ខេត្តកោះកុង ត្រូវចោrលួចរថយន្តដែលទើបតែទិញបាន២សប្តាហ៍។ប៉ុន្តែការលួចរបស់ជនសង្ស័យពុំបានសម្រេចនោះទេដោយកម្លាំងកងរាជអាវុធហត្ថស្ទាក់ចាប់ខ្លួនបាន។
រថយន្តកាមរីដែលមន្ត្រីមន្ទីរដែនដីខេត្តកោះកុងបាត់នោះអំឡុងពេលចូលច្រៀងខារ៉ាអូខេហាងយីហោរិនធីណាម៉ាកToyotaបាឡែនពណ៌ទឹកមានកាលពីម៉ោង១២យប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២០ស្ថិតនៅភូមិ៣សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទ ។
លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែមីនាថាភ្លាមៗក្រោយពីមានប្តឹងផ្ទាល់មាត់របស់ជនរងគ្រោះនិងទទួលបានបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការអាវុធហត្ថខេត្ត និងលោក រស់ សារាំ ព្រះរាជអាជ្ញាខេត្ត កងកម្លាំងរបស់លោកបានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យតាមរយៈវិទ្យុទាក់ទង និងទូរស័ព្ទគ្រប់ស្នាក់ការតាមបណ្តាក្រុងស្រុក។
លោកមេបញ្ជាការរងអាវុធហត្ថខេត្តបញ្ជាក់ទៀតថាលុះដល់ម៉ោង២យប់ជ្រៅថ្ងៃទី៥ខែមីនាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះឡុងប៊ែគឹមផួយភេទប្រុសអាយុ២៨ឆ្នាំមុខរបរមន្ត្រីកិច្ចសន្យាបម្រើការងារជាមួយជនរងគ្រោះនៅមន្ទីររៀបចំដែនដីខេត្តកោះកុងរួចបញ្ជូនមកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកោះកុង។
ចំពោះវត្ថុតាងដកហូត រួមមាន៖ រថយន្តម៉ាកកាមរីបាឡែនស៊េរីឆ្នាំ ២០០៣ ពណ៌ទឹកមាសស្លាកលេខ កោះកុង2A.5677កូនសោចាក់រថយន្ដទូស័ព្ទដៃម៉ាកOPPOពណ៌ស្វាយ១គ្រឿងទូស័ព្ទម៉ាកណូគាចុចពិលព័ណ៌ខៀវ។ ប័ណ្ណសមាជិក ប.ស.ស ០១ សន្លឹក សោម៉ូតូ ១ ផាវគ្រាប់បែកចំនួន ៧គ្រាប់ ផាវកាំជ្រួចចំនួន ៦ ដើម កាបូបស្ពាយដាក់ ចំនួន២ ខោអាវនិងComputer លេបថប់ ម៉ាក ASUS ពណ៌ខ្មៅ និងឌុយសាកចំនួន១គ្រឿង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ អះអាងថា ខ្លួនពិតជាមានលួចរថយន្តនៅហាងខារ៉ាអូខេ រិនធីណាពិតប្រាកដមែនដោយបម្រុងបើកបរទៅស្រុកំណើតនៅឯខេត្តតាកែវ។កូនសោសម្រាប់ចាក់ចូលក្នុងរថយន្តគឺខ្លួនបានលួចជាង១សប្តាហ៍មកហើយ។ដោយឡែកលោកឡុនពិសិដ្ឋជនរងគ្រោះជាមន្ត្រីរាជការនៅការិយាល័យវាស់វែងដីជាប្រព័ន្ធនៅមន្ទីរដែនដីខេត្តកោះកុងបានឱ្យដឹងថារថយន្តរបស់លោកទើបទិញបាន២សប្តាហ៍ប៉ុណ្ណោះពីពលរដ្ឋអ្នកនៅកោះកុងដូចគ្នា។
១សប្តាហ៍ក្រោយទិញរថយន្តបានហើយក៏បាត់សោរចាក់នៅកន្លែងធ្វើការរួចក៏បានសាកសួរមន្ត្រីពាក់ព័ន្ធផងដែរបូករួមទាំងជនសង្ស័យ។ប៉ុន្តែគ្មានអ្នកឆ្លើយថាបានដឹងឡើយ។លុះដល់ថ្ងៃកើតហេតុទើបដឹងច្បាស់ថាជនសង្ស័យដែលជាមន្ត្រីកិច្ចសន្យានៅមន្ទីររួមគ្នាជាអ្នកលួចសោររថយន្ត។
ជនរងគ្រោះបន្ថែមថាគ្រាកំពុងបាត់រថយន្តមិនសង្ឃឹមថារកឃើញនោះទេទោះយ៉ាងណាកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តក្រុងស្រុកបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យយ៉ាងប្រសិទ្ធភាពដោយជនរងគ្រោះថ្លែងអំណគុណដល់សមត្ថកិច្ចដែលធ្វើការបម្រើពលរដ្ឋបានល្អ។បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកោះកុងកំពុងប្រគល់រថយន្តជូនជនរងគ្រោះវិញហើយនិងកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕S/