មន្ត្រី​សុខាភិបាលៈ កុំ​ជឿ​ឱ្យសោះ ! ដួលសន្លប់ ឬ ដួល​ស្លាប់ មិនមែនជា កូ​រ៉ូ​ណា​វីរុស​ទេ

​ដោយៈ មេសា​/ភ្នំពេញៈ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅឯ​ក្រសួងសុខាភិបាល នា​រសៀល​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២០ នេះ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​យ៉ាងច្បាស់​ថា ខ្ញុំ​សូម​អំពាវនាវ​ហើយ អំពាវនាវ​ទៀត សូម​សាធារណជន កុំ​ជឿ​លើ​ព័ត៌មាន​បំ​ផ្លើស ព្រោះ​រហូតមក​ដល់ពេលនេះ យើង​រកឃើញ​ព័ត៌មាន​បំ​ផ្លើស ឬ ព័ត៌មាន​ក្លែង​ជាច្រើន​ករណី ដូចជា​យក​រូបភាព​ម​នុស្ស​ដួលសន្លប់ ឬ ដួល​ស្លាប់ ជាដើម ។ បុគ្គល​ម្នាក់ នៅ​សុខៗ ដើរ​សុខៗ ក៏​ដួលសន្លប់ ឬ ដួល​ស្លាប់នោះ សូមកុំ​ជឿ​ឱ្យសោះ ថា​ជា​ជំងឺ កូ​រ៉ូ​ណាវី​រុស ឬ COVID-19 ព្រោះ​ជំងឺ​កូ​រ៉ូ​ណាវី​រុស ឬ COVID-19 មិនមាន​អាច​បណ្តាលឱ្យ​ដួលសន្លប់ ឬ ដួល​ស្លាប់​បានទេ ! ដូច្នេះ ការដួលសន្លប់ ឬ ដល់​ស្លាប់ ពិតជា​មិនមែនជាជំងឺ​កូ​រ៉ូ​ណាវី​រុស ឬ COVID-19 ឡើយ ។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ( កណ្តាល ) ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ( រូបៈ មេសា )


​បន្ថែម​ពីលើ​នេះ លោក​សាស្ត្រាចារ្យ វ៉ាន់ ម៉ិច អ្នកឯកទេស និង ប្រធាន​ផ្នែក​ជំងឺ​សួត នៃមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និងជា​ប្រធាន​សមាគម​គ្រូពេទ្យ​សួត​កម្ពុជា បាន​ពន្យល់ថា ជំងឺ​កូ​រ៉ូ​ណាវី​រុស ឬ COVID-19 គឺជា​ប្រភេទ​មួយ នៃជំងឺ​រលាក​សួត ហើយ​ជំងឺ​រលាក​សួត​ទាំងអស់ ដោយ​រួមទាំង COVID-19 ផង បន្ទាប់ពី​ឆ្លងហើយ អាច​ក្នុង​រយៈពេល ៣ ថ្ងៃ ៧ ថ្ងៃ ទៅ ១៤ ថ្ងៃ ទើប​បញ្ចេញ​អាកា​រ ដូចជា ក្តៅខ្លួន លើសពី ៣៨ អង្សា ក្អក​ស្ងួត ឈឺ ក ហត់ ពិបាក​ដកដង្ហើម ដែល​អាការទាំង​នេះ អាច​ឱ្យគេ​មើលឃើញ​បាន ។ បន្ទាប់មក បើ​គ្មាន​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទេ វា​នឹង​វិ​វ​ឌ្ឍ​ន៍ទៅជា​ធ្ងន់ធ្ងរ បន្ទាប់មក​ទើប​អាច​ឈានដល់​ស្លាប់ ពោលគឺ​មិនមែន​នៅ​សុខៗ ដើរ​សុខៗ ឬ អង្គុយ​សុខៗ ដួលសន្លប់ ឬ ដួល​ស្លាប់​ភ្លាមៗ​ទេ ។​


​លោកស្រី​សាស្ត្រាចារ្យ រស់ សីហា ឯកទេស និង ប្រធាន​ផ្នែក សរសៃប្រសាទ នៃ មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ពី​មូលហេតុ​នាំឱ្យ​មនុស្ស​ដួលសន្លប់​ថា មូលហេតុ ដួលសន្លប់​មាន​ច្រើន ដូចជា ប្រព័ន្ធ​ខួរក្បាល​លែងមាន​ទំនាក់ទំនង​ខាងក្រៅ ឬ លែង​ដំណើរការ , សរសៃឈាម​បេះដូង , សរសៃឈាម​ខួរក្បាល , ជំងឺឆ្កួតជ្រូក ជាដើម ។ ដូច្នេះ នៅពេល​ឃើញ​នរណាម្នាក់​ដួលសន្លប់​នោះ ការដែល​យើង​នាំគ្នា​ខ្លាច ហើយ​រត់គេច គឺជា​រឿង​ផ្ទុយស្រឡះ ព្រោះ​អ្នក​ទាំងនោះ មិនមែនជា​អ្នកជំងឺ COVID-19 ប៉ុន្តែ​ពួកគេ​គឺជា​អ្នកជំងឺ​ដែល​ត្រូវការ​ការជួយ​ជាបន្ទាន់ ហើយ​ប្រសិនបើ​មិនបាន​ជួយ​ទាន់ពេល​ទេនោះ ពួកគេ​អាច​នឹង​ស្លាប់ ហេតុនេះ យើង​ត្រូវតែ​ពិចារណា​ឡើង​វិញ ។​


​ក្នុង​សន្និសីទ​នោះដែរ លោកស្រី Philomena Raftery មន្ត្រី​បច្ចេកទេស នៃ អង្គការ​សុខភាព​ពិ​ភ​លោក​ប្រចាំ​ក​ម្ពុ​ជា បាន​យល់ស្រប ទៅនឹង​ការលើកឡើង​របស់​អ្នកជំនាញ​ទាំងឡាយ​ពី​ខាងដើម​មក​នោះ ដោយ​លោកស្រី​អះអាងថា រហូតមកដល់​ពេលនេះ​ពិភពលោក​មិនទាន់​រកឃើញ​ជំងឺ​រលាក​សួត​ណាមួយ ដោយ​រួមទាំង COVID-19 ផង អាច​បណ្តាលឱ្យ​មនុស្ស​ដួលសន្លប់ ឬ ដួល​ស្លាប់​ភ្លាមៗ​ឡើយ ។


តើ​កម្ពុជា​បាន​លាក់ ឬ បិទ​ខ្ទប់​ព័ត៌មាន COVID-19 មែនឬ​ ?


​នៅពេល​ឆ្លើយ​នឹង​សំណួរ​ដែល​កន្លងមក​មាន​អ្នកខ្លះ​លើកឡើងថា ត្រូវបាន​រកឃើញ​ករ​ណី​COVID-19 នៅទីនេះ ទីនោះ មន្ទីរពេទ្យ​នេះ ម​ន្ទីរ​ពេទ្យ​នោះ ជាដើម ប៉ុន្តែ​ត្រូវបាន​មន្ត្រី​លាក់ ឬ បិទ​ខ្ទប់​ព័ត៌មាន​ទាំងនោះ មិនឱ្យ​ផ្សាយ​ចេញទៅ ដោយហេតុ​ណាមួយ ដូចជា ដើម្បី ការពារ​កិត្តិយស​មុខមាត់​រដ្ឋាភិបាល​ជាដើម លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​លើក​ឧទាហរណ៍​ថា ករណី​ជនជាតិ ចិន ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ថ្នាក់ដឹកនាំ និង មន្ត្រី​គ្រប់លំដាប់​ថ្នាក់​បាន​ខិតខំ​យ៉ាងសកម្ម​ទាំងយប់​ទាំង​ថ្ងៃ នៅពេល​ដឹង​ច្បាស់​ថា បុរស​ម្នាក់​នោះ មាន COVID-19 ភ្លាម ក្រសួង និង អ្នកពាក់ព័ន្ធ​ក៏​ចាត់វិធានការ​គ្រប់យ៉ាង រួចហើយ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ភ្លាម ដោយ​គ្មាន​ពន្យឺត​ពន្យារ ។ ក្នុងន័យនេះ ប្រសិនបើ​ក្រសួង ឬ ក​ម្ពុជា មានបំណង​លាក់ ឬ បិទ​ខ្ទប់​ព័ត៌មាន​មែន​នោះ ម្ល៉េះ​លាក់ ឬ បិទ​ខ្ទប់​តាំងពី​ពេលនោះ​មកម្ល៉េះ ។​


​លោកស្រី ឱ វណ្ណឌី​ន បន្ថែមថា ដូច្នេះ​ក្រសួង​ពិតជា​មិនមាន​អ្វី​ត្រូវ​លាក់ ឬ បិទ​ខ្ទប់​ជាដាច់ខាត ផ្ទុយទៅវិញ ក្រសួងសុខាភិបាល តែងតែ​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី ផ្តល់ព័ត៌មាន​គ្រប់យ៉ាង​ទៅ​សាធារណជន​ឱ្យ​លឿន និង សុក្រឹត​បំផុត ។​


​ជាថ្មី​ម្តងទៀត លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្ពុជា ដែល​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ស្តង់ដារ​អន្តរជាតិ របស់​អង្គការ​សុខភាព​ពិភពលោក ថែមទាំង​ដោយមាន​កិច្ចសហការ​យ៉ាង​ដិតដល់ និង ហ្មត់ចត់ ពី​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាម៉េរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ ដែលជា​ស្ថាប័ន​អន្តរជាតិ រហូតមកដល់​ពេលនេះ បានធ្វើ​តេស្ត​យ៉ាង​ហ្មត់ចត់ លើ​សំណាក ជនសង្ស័យ​ចំនួន ១៤៥ នាក់ ដោយ​លទ្ធផល “ អវិជ្ជមាន​ទាំងអស់ “ លើកលែងតែ​ជនជាតិចិន ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​ព្យាបាល​ជា​រួច​រាល់​ហើយ ។​


​នៅពេល​សួរថា ពេលនេះ​តើ​សាធារណជន​កម្ពុជា ត្រូវធ្វើ​អ្វី និង មិនត្រូវ​ធ្វើ​អ្វី លោកស្រី ឱ វណ្ណឌី​ន បាន​ឆ្លើយថា ទី ១ ត្រូវការពារ​ខ្លួន​ដោយ​មិនអាច​ធ្វេសប្រហែស​បានឡើយ ហើយ​ការការពារ​ខ្លួន​នោះ ដូចជា​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ និង ឧស្សាហ៍​លាងដៃ ជាដើម ដែល​ក្រសួង​បាន​ផ្សព្វផ្សាយ​ជូន​ជាច្រើនលើក​មកហើយ , ទី ២ កុំ​ភ័យ​ហួសហេតុ​ពេក នាំឱ្យ​ជនខិលខូច​បោកប្រាស់​បាន ។​


​ដោយ​តែងតែ​អះអាង​ដដែល​ជាដ​ដែលថា ក្រសួង និង ស្ថាប័ន​ពាក់ព័ន្ធ​តែងតែ​ទប់ស្កាត់ តាមដាន ស្រាវជ្រាវ​រា​រក​យ៉ាងសកម្ម ចំពោះ​វត្តមាន COVID-19 ក៏ពិតមែន ប៉ុន្តែ​ក្នុង​លោក​នេះ មិនទាន់មាន​ប្រព័ន្ធ​ការពារ​ណាមួយ​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​ទេ ជាក់ស្តែង​ដូចជា​នៅ​ប្រទេស​កូរ៉េខាងត្បូង អ៊ីតាលី និង សហរដ្ឋអាម៉េរិក ជាដើម ដែល​ប្រព័ន្ធ​ការពារ​របស់​ប្រទេស​ទាំងនោះ សុទ្ធតែ​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា ខ្លាំងពូកែ ប៉ុន្តែ​ប្រទេស​ទាំងនោះ នៅតែ​អាច​ឆ្លង COVID-19 នេះ​បាន ។​


​អង្គ​សន្និសីទ ក៏បាន​លើកឡើង​ផងដែរ ចំពោះ​ព័ត៌មាន​ដែល​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដូ​ជាម​នុស្ស​ដួលសន្លប់​នោះ មាន​ព័ត៌មាន​ខ្លះ ត្រូវបាន​កាត់ ត ក្នុង​បំណង​អាក្រក់ ដោយសារ​ត្រូវបាន​រកឃើញថា បុគ្គល​ដែល​បាន​ដួលសន្លប់​នោះ គឺ​សន្លប់​តាំងពី​ច្រើ​នខែ​មកហើយ ទើបតែ​យកមក​កាត់ ត និង បង្ហោះ​នាពេលនេះ ខណៈ​រូប​ខ្លះ ត្រូវគេ​យកទៅ​ច្នៃ​ជា​ព័ត៌មាន​ខុសៗ​គ្នា ហើយ​បង្ហោះ ធ្វើឱ្យ​សង្គម​ភ័យខ្លាច ។

​ជាថ្មី​ម្តងទៀត លោកស្រី ឱ វណ្ណឌី​ន បាន​អះអាងថា កម្ពុជា តែងតែ​ស្រាវជ្រាវ តាមដាន​យ៉ាងសកម្ម ដោយមាន​ទាំង​មនុស្ស ដែលជា​ក្រុម​ឆ្លើយតប​បន្ទាន់​ជាង ២ ០០០ នាក់ សម្ភារ​បរិក្ខារ និង ទីតាំង សម្រាប់​ដាក់​អ្នក​សង្ស័យ ឬ អ្នកជំងឺ​ប្រសិនបើ​រកឃើញ​នៅទីណា​មួយ ។


​ពាក់ព័ន្ធ​នឹង​ករណី​ជនជាតិ ជប៉ុន ម្នាក់​ដែល​ទើបតែ​ត្រូវបាន​រកឃើញថា​មាន ជំងឺ COVID-19 ហើយ​គាត់​ធ្លាប់​បានមក​ប្រទេស​កម្ពុជា​ដែរនោះ គិត​ត្រឹម​រសៀល​នេះ ក្រុមការងារ និង អ្នកពាក់ព័ន្ធ​ទាំងឡាយ កំពុង​សកម្ម​ស្វះ​ស្វែងរក​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ជនជាតិជប៉ុន រូបនោះ ដោយមាន​មនុស្ស ៤ នាក់ ដែល​ពេលនេះ​មិនទាន់​រកឃើញ​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ពួកគេ​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក ពោលគឺ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ ហើយ​ព័ត៌មាន​យ៉ាងណា​នោះ ក្រសួង​នឹង​ផ្តល់ជូន​ជា​បន្តបន្ទាប់ ៕ Kh/Ha

​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅឯ​ក្រសួងសុខាភិបាល (​រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...