ដោយ:សុវណ្ណ/រតនគិរី៖ករណីបាត់ក្មេងស្រីម្នាក់ពីផ្ទះជាច្រើនថ្ងៃហើយម្ដាយទៅប្ដឹងសមត្ថកិច្ចថាមានគេពង្រត់យកទៅបង្ខាំងទុកក្នុងផ្ទះមកដល់ថ្ងៃទី៥ខែមីនាឆ្នាំ២០២០នេះបានទទួលដំណឹងហើយ។ក្មេងស្រីដែលបាត់ខ្លួននោះមានឈ្មោះយ.ស.នអាយុ១៥ឆ្នាំរស់នៅជាមួយឪពុកម្ដាយធ្វើការក្នុងក្រុមហ៊ុនហ័ងអញកូនមុំ។
កាលពីយប់ថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២០មានហេតុកើតឡើងមួយនៅក្នុងគ្រួសារលោកយ៉ាវយឿងគឺកូនស្រីគាត់ដែលមានឈ្មោះដូចខាងលើបានបាត់ខ្លួនដោយពុំដឹងថាទៅទីណា។លុះព្រឹកថ្ងៃទី២៤ខែកុម្ភ:ដដែលនោះម្ដាយរបស់នាងបានប្រញាប់ទៅប្ដឹងសមត្ថកិច្ចអាវុធហត្ថស្រុកកូនមុំឱ្យជួយអន្ដរាគមន៍ដោយចោទថាយុវជនឈ្មោះព្រំប៊ុនធីហៅង៉ែតដែលធ្វើការជាមួយគ្នាបានពង្រត់កូនស្រីគាត់ទៅបាត់។
ក្រោយពីទទួលបណ្ដឹងផ្ទាល់មាត់ពីម្ដាយក្មេងស្រីរងគ្រោះកម្លាំងអាវុធហត្ថស្រុកកូនមុំហាក់មិនបានចុះទៅជួយអន្ដរាគមន៍ក្នុងរឿងនោះឱ្យបានទាន់ពេលវេលាទេធ្វើឱ្យឪពុកម្ដាយរបស់ក្មេងស្រីនោះពោពេញទៅដោយក្ដីទុក្ខកង្វល់ជាអនេក។
លោកភោគបូរិទ្ធិអធិការប៉ូលិសស្រុកកូនមុំបានប្រាប់រស្មីកម្ពុជាឱ្យដឹងតាមទូរស័ព្ទដោយអ:អាងថាករណីក្មេងស្រីដែលបាត់ខ្លួននោះមកដល់ថ្ងៃទី៥ខែមីនានេះមានដំណឹងហើយគឺពួកគេពង្រត់គ្នាទៅនៅទីកន្លែងមួយក្នុងខេត្តស្ទឹងត្រែងក្រោយពីបានលាក់ខ្លួននៅផ្ទះខាងប្រុសអស់ជាច្រើនថ្ងៃ។
លោកអធិការបានបញ្ជាក់ថាកន្លងមកខាងប្រុសធ្លាប់បានចូលស្ដីដណ្តឹងនាងតាមប្រពៃណីដែរតែឪពុកម្ដាយខាងស្រីមិនឱ្យទេព្រោះថាខាងប្រុសធ្លាប់ជក់ថ្នាំញៀន។តែពួកគេនៅតែបន្ដស្រឡាញ់គ្នានៅទីបំផុតក៏ពង្រត់គ្នាទៅ។ពេលនេះកម្លាំងយើងកំពុងព្យាយាមទៅជួបឪពុកម្ដាយខាងស្រីនិងខាងប្រុសដើម្បីសម្រួលឱ្យរៀបចំសមផ្គុំពួកគេ។តែឪពុកម្ដាយខាងស្រីមិនព្រមដាច់ខាតហើយនៅតែលើកឡើងថាឈ្មោះព្រំប៊ុនធីមានប្រវត្ដមិនល្អគឺធ្លាប់ជក់ថ្នាំញៀនជិះម៉ូតូដើរតែលេងមិនចេះរកស៊ីនិងត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ៕S/