ដោយ៖អង្គរតូច/សៀមរាប៖សារមន្ទីរកុលាលភាជន៍អង្គរភូមិតានីគ្រោងផលិតចម្លងកុលាលភាជន៍បុរាណឡើងវិញដើម្បីលើកស្ទួយស្នាដៃដូនតាខ្មែរ។លោកវង្សសាវុទ្ធីបុគ្គលិកបច្ចេកទេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានីនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថាកាលពីចុងខែកុម្ភៈកន្លងទៅអាជ្ញាធរជាតិអប្សរាបានរៀបចំស្ដង់ពិព័រណ៍។
ដើម្បីបង្ហាញពីសមិទ្ធផលនានាក្នុងការប្រារព្ធពិធីអបអរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា។ស្ដង់ពិព័រណ៍ត្រូវបានរៀបចំឡើងទៅតាមនាយកដ្ឋានជំនាញនីមួយៗ។ក្នុងនោះក៏មានស្ដង់របស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរនិងបទដ្ឋានបេតិកភណ្ឌមួយដែរ។ក្នុងស្ដង់នេះមានតាំងបង្ហាញនូវសមិទ្ធផលរបស់នាយកដ្ឋាន។ក្នុងនោះក៏មានតាំងកុលាលភាជន៍មួយចំនួនដែរ។
លោកបានឱ្យដឹងទៀតថាកុលាលភាជន៍ដែលយកតាំងបង្ហាញនៅពេលនោះគឺជាកុលាលភាជន៍ដែលផលិតឡើងវិញដោយចម្លងពីកុលាលភាជន៍បុរាណដែលបានរកឃើញពីស្ថានីយ៍ឡបុរាណសម័យអង្គរនានាក្នុងតំបន់អង្គរ។សារមន្ទីរមានគម្រោងមួយដើម្បីលើកកម្ពស់គម្រោងឡបុរាណនៅភូមិតានីឃុំរុនតាឯកស្រុកបន្ទាយស្រីដោយបង្កើតរោងជាងកុលាលភាជន៍ដើម្បីឱ្យប្រជាពលរដ្ឋក្នុងភូមិមានឱកាសផលិតនិងធ្វើឱ្យការផលិតកុលាលភាជន៍រស់ឡើងវិញ។
ជាប្រយោជន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជន លើវិស័យទេសចរណ៍។លោក វង្ស សាវុទ្ធី បន្ថែមថា ការងារទាំងនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការរំឭកស្នាដៃដូនតាការបង្ហាញពីការស្រឡាញ់ថែទាំ ដ្បិតថាយើងមិនអាចធ្វើតាមទាំងស្រុងតាមបុព្វបុរសយើង តែយ៉ាងណាយើងមានចិត្តចង់លើកស្ទួយ គាំទ្រ និងថែទាំវត្ថុទាំងនោះឱ្យបានគង់វង្សទៅអ្នកជំនាន់ក្រោយទៀត។
លោកបញ្ជាក់ថា មរតកដូនតាខ្មែរមានចំនួនច្រើនសន្ធឹក ដែលអាចឱ្យយើងយកមកប្រើប្រាស់ និងលើកស្ទួយឡើងវិញរាប់មិនអស់ដូច្នេះគំនិតនៃការចម្លងគំរូកុលាលភាជន៍បុរាណមកប្រើប្រាស់ឡើងវិញក្នុងជីវភាពរស់នៅប្រចាំថ្ងៃគឺដូចជារំឭកស្នាដៃដូនតាឡើងវិញមួយទៀតដើម្បីធ្វើឱ្យមរតកដូនតាបានរស់រវើកឡើងវិញយ៉ាងដូច្នោះដែរ៕S/