ប្រធានាធិបតីរុស្ស៊ីនិងតួកគីបាននិយាយថាពួកគេបានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ទី៥មីនានៅភាគពាយព្យនៃប្រទេសស៊ីរី កន្លែងដែលការប្រយុទ្ធគ្នាខ្លាំងឡើងបានគំរាមដាក់កងកម្លាំងប្រទេសទាំងពីរឱ្យស្ថិតក្នុងជម្លោះដោយផ្ទាល់។
កិច្ចព្រមព្រៀងដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីននិងប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន ក៏នឹងបង្កើតច្រករបៀងសន្តិសុខមួយនៅតាមបណ្តោយផ្លូវហាយវ៉េភាគខាងលិចដ៏សំខាន់ក្នុងខេត្តអ៊ីដលីបផងដែរ។
លោកពូទីនបានសម្តែងក្តីសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងក្លាយជាមូលដ្ឋានដ៏ល្អសម្រាប់ការបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងតំបន់បន្ថយការប្រយុទ្ធក្នុងខេត្តអ៊ីដលីប បញ្ចប់ការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិល និង ទប់ស្កាត់វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង។
កិច្ចព្រមព្រៀងនេះហាក់សម្រេចបាននូវគោលដៅសំខាន់របស់រុស្ស៊ីក្នុងការអនុញ្ញាតឱ្យរដ្ឋាភិបាលស៊ីរីទទួលបានការគ្រប់គ្រងលើផ្លូវហាយវ៉េយុទ្ធសាស្ត្រចាំបាច់សម្រាប់ពង្រឹងការក្តោបក្តាប់អំណាចរបស់ខ្លួនលើប្រទេស បន្ទាប់ពីសង្គ្រាមហិនហោចរយៈពេល ៩ ឆ្នាំ។
ប៉ុន្តែងាកទៅមើលផលប្រយោជន៍របស់តួកគីវិញ កិច្ចព្រមព្រៀងនេះក៏បានធ្វើឱ្យរាំងស្ទះដល់ការរុលទៅមុខនៃកងកម្លាំងរបស់ប្រធានាធិបតីស៊ីរីបាសា អាល់អាសាដផងដែរដើម្បីដណ្តើមកាន់កាប់មកវិញទាំងស្រុងលើខេត្តអ៊ីដលីប ដែលជាតំបន់រឹងមាំចុងក្រោយគ្រប់គ្រងដោយពួកឧទ្ទាម នៅជាប់ព្រំដែនជាមួយតួកគី។
លោកអឺដូហ្គាននិយាយថារូបលោកនិងលោកពូទីនបានយល់ព្រមជួយជនភៀសខ្លួនវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ មនុស្សជាង ៩០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា ចាប់តាំងពីកងកម្លាំងរបស់លោកអាសាដបានចាប់ផ្តើមវាយលុកកាលពីខែធ្នូ ដែលគាំទ្រដោយការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕ ដោយ៖ កញ្ញាដាលីស